អាល្លឺម៉ង់​និង​ចិន សន្យា​បើកចំហរ​ទីផ្សារ​និង​ពង្រឹង​កិច្ចសហការ​ហិរញ្ញវត្ថុ​

417
ចែករម្លែក

​អាល្លឺម៉ង់​និង​ចិន កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ដើម្បី​ពង្រឹង​កិច្ចសហការ​ខាង​ធនាគារ ហិរញ្ញវត្ថុ​និង​ទីផ្សារ​ទុន ព្រមទាំង​បាន​​សន្យា​ធ្វើការ​បើកចំហ​ទីផ្សារ​ធំ​ឡើង រួមទាំង​ពង្រឹង​កិច្ចសហការ​សំរាប់​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​។​

​កិច្ចព្រមព្រៀង​មួយចំនួនធំ​ត្រូវ​សំរេច​ឡើង​បាន​ក្រោយ​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​មកកាន់​ទីក្រុង​ប៉េកាំង​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ លោក​អូ​ឡា​ហ្វ ស្កូ​ល ដើម្បី​ពិភាក្សា​​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក​លីវ ហឺ ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ចិន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ​ក្រោយ​កិច្ចពិភាក្សា ភាគី​ទាំងពីរ​បានបញ្ជាក់​អះអាង​ឡើងវិញ​ថា «​ពួកគេ​នឹង​ពង្រឹង​ការសម្របសម្រួល​អំពី​គោលនយោបាយ​ម៉ាក្រូ​​សេដ្ឋកិច្ច​និង​សហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ព្រមទាំង​ពង្រីក​កិច្ចសហការ​យុទ្ធសាស្ត្រ​»​។​

​ពួកគេ​ក៏បាន​ព្រមព្រៀង​ធ្វើអោយ​ប្រសើរឡើង​អភិបាលកិច្ច​សេដ្ឋកិច្ច​អន្តរជាតិ រក្សា​ប្រព័ន្ធ​ពហុ​និយម​សកល ប្រយុទ្ធ​ប្រឆាំងនឹង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​និង​គាំទ្រ​ប្រ​​ព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផ្អែកលើ​ច្បាប់​តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​លោក​ស្កូ​ល​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅមុន​ជួបពិភាក្សា​ថា​« វា​សំខាន់​ដែល យើង​មើលឃើញ​មានការ​រីកចំរើន​ក្នុង​កិច្ចសហការ​របស់​យើង ដែល​ផ្ទុយ​ពី​និន្នាការ​ថ្មីៗ​ដែល​យើង​ឃើញ​មាននៅ​កន្លែង​ផ្សេង​»​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៊ែ​រ​ឡាំង សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​និង​មានប្រៀប​របស់ខ្លួន​ជាមួយ​ចិន​។​អាល្លឺម៉ង់​ចង់​ការពារ​និង​ពង្រឹង​វិស័យ​​ធុរកិច្ច​របស់​អាល្លឺម៉ង់​និង​អឺរ៉ុប ខណៈ​ចិន​សម្លឹង​ការវិនិយោគ​ទៅ​ក្រៅប្រទេស​។​

​ចំណែក​លោក​លីវ បាន​និយាយថា កិច្ចសហការ​អាល្លឺម៉ង់​-​ចិន ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​ដែល​បាន​សន្យា​បើកចំហ​ទីផ្សារ​និង​បន្ថយ​របាំង​​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ​៕​ដោយ​៖​វាសនា​

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ និង​ឧបនាយករដ្ឋមន្ត្រី​ចិន ជួបពិភាក្សា​និង​ធ្វើជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​កាលពី​ថ្ងៃ​១៨​មករា​