អាល្លឺម៉ង់​បើក​ដំណើរការ​ដេញថ្លៃ​សម្រាប់​ការផ្គត់ផ្គង់​ប្រព័ន្ធ 5G ចំពេល​កំពុងមាន​ជម្លោះ​ជាមួយ​អាមេរិក​ជុំវិញ​ក្រុមហ៊ុន Huawei

422
ចែករម្លែក

​អាល្លឺម៉ង់​បាន​បើក​ការដេញថ្លៃ​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​១៩​មីនា​នេះ​សម្រាប់​ការស្ថាបនា​បណ្តាញទូរស័ព្ទ​ចល័ត 5G ដែលមាន​ល្បឿន​លឿន​បំផុត ខណៈដែល​ជម្លោះ​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិ​កបាន​កើតឡើង​ជុំវិញ​ក្តីបារម្ភ​ផ្នែក​សន្តិសុខ​ទាក់ទិន​នឹង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ចិន Huawei ។​

​សហរដ្ឋអាមេរិក​បាន​គំរាម​បញ្ចប់​ការ​ចែកចាយ​ព័ត៌មាន​ចារកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​ប្រសិនបើ​អាល្លឺម៉ង់​មិន​ព្រម​ដកចេញ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ចេញពី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ទេនោះ ដោយ​អះអាងថា​ឧបករណ៍​របស់​ចិន​អាចជួយ​ឱ្យ​ទីក្រុង​ប៉េកាំង​ធ្វើ​ចារកម្ម​លើ​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​នានា​របស់លោក​ខាងលិច​។​

​ដោយមាន​បំណង​សម្រាល​ជម្លោះ​នេះ​កាលពី​ថ្ងៃ​ចន្ទ លោក​ចូ​ចិន ហូ​ម៉ាន់ (Jochen Homann) ប្រធាន​ទីភ្នាក់ងារ​បណ្តា​ញ​សហព័ន្ធ​អាល្លឺម៉ង់ (BNA) បាន​និយាយថា “​មិន​ថា​អ្នកផ្គត់ផ្គង់​មកពី​ប្រទេស​ស៊ុយ​អ៊ែត​ឬ​ប្រទេស​ចិន​នោះទេ ក្រុមហ៊ុន​ទាំងនោះ​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​តម្រូវ​និង​ការត្រួតពិនិត្យ​សុវត្ថិភាព​ជាដាច់ខាត​”​។​

​ប្រព័ន្ធ 5G គឺជា​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ទូរស័ព្ទ​ចល័ត​ជំនាន់​ចុងក្រោយ​បំផុត ហើយ​ក្រុង​បែរ​ឡាំង​នឹង​តម្រូវឱ្យ​អ្នកដេញថ្លៃ​ឈ្នះ​ផ្តល់​សេវា 5G យ៉ាងហោចណាស់ ៩៨ ភាគរយ​ដល់​គ្រួសារ​អាល្លឺម៉ង់ បណ្តាញ​ផ្លូវ​ហាយ​វេ និង​ផ្លូវដែក​។​

​អាល្លឺម៉ង់​ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ដែលមាន​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​ឥត​ខ្សែ​ស្ថិតក្នុង​លំដាប់​ទី ៤៦ នៅលើ​ពិភពលោក​សម្រាប់​ល្បឿន​ដោ​ន​ឡូត ចង់​បិទ​គម្លាត​ឌីជីថល​ដ៏​ធំ តាមរយៈ​ការ​ងាក​ទៅរក​ប្រព័ន្ធ 5G ដែលមាន​ល្បឿន​លឿន​បំផុត​។​

BNA នឹង​ចាប់ផ្តើម​ការដេញថ្លៃ​នៅក្នុង​ទីក្រុង​មេន (Mainz) នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន ៤ កំពុងដំណើរការ​ដេញ​ថ្លៃ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ធំៗ​ចំនួន​បី​របស់​អាល្លឺម៉ង់​ដូចជា​ក្រុមហ៊ុន Deutsche Telekom, Vodafone និង Telefonica Germany (O2) រួមជាមួយ​ក្រុមហ៊ុន United Internet (1&1) របស់​អាល្លឺម៉ង់​ដែលមាន​ឯកទេស​ខាង​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត​។​

​ក្រុមហ៊ុន​ចិន Huawei មិនមែនជា​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ផ្តល់​ការផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​ដល់​ក្រុមហ៊ុន​អាល្លឺម៉ង់​ទាំង​បួន ក្នុងនោះ​មានដូចជា​អង់​តែ​ន​និង​រ៉ោ​ត​ទ័​រ​អ៊ី​ន​ធឺ​ណេ​ត​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​ចិន Huawei នឹង​ផ្គត់ផ្គង់​អង់​តែ​ន​និង​រ៉ោ​ត​ទ័​រ​អ៊ី​ន​ធឺ​ណេ​តដល់​ក្រុមហ៊ុន​អាល្លឺម៉ង់​ទាំង​៤