អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា សារភាពថា ខ្លួន​ពិចារណា​ចាកចេញ​ពី​ឆេ​ល​ស៊ី​

967
ចែករម្លែក

​អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) និយាយថា ខ្លួន​ពិចារណា​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី​នៅ រដូវក្តៅ​នេះ​។​

​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​កាលពី​ឆ្នាំ​២០១៧ ដោយ​ចាក​ចេញពី​ក្លិប​រៀល​ម៉ា​ឌ្រី​ដ ដើម្បី​ជំនួស​តំណែង​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ប៉ុន្តែ​បើទោះបីជា​រកបាន​១៥​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៨​លើក​កាលពី​រដូវ​កាល មុន​ក៏​កីឡាករ​រូបនេះ​ហាក់ដូចជា​មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ហើយ​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្រុម​ជម្រើស​វើ​ល​ខាប់​អេ​ស្ប៉ា​ញ​កាលពី​រដូវក្តៅ​ផងដែរ​។​

​ម៉ូ​រ៉ា​តា បានចាប់ផ្តើម​យុទ្ធនាការ​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ហើយ​លោក ល្វី​ស អែន​រិ​ក (Luis Enrique) បាន​កោះហៅ​ឲ្យ​ចូលរួម​ក្រុម​ជម្រើសជាតិ​។​
​ ​
​ប៉ុន្តែ ម៉ូ​រ៉ា​តា ធ្លាប់​បញ្ជាក់ថា ខ្លួន​ពិចារណា​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី​បញ្ចប់​រដូវ​កាល​មុន​។​
​ ​
​ម៉ូ​រ៉ា​តា បាន​និយាយថា “​កាលពី​ឆ្នាំមុន ខ្ញុំ​មិន​សប្បាយចិត្ត​ទេ​។ ខ្ញុំ​ចាប់ផ្តើម​បានល្អ ប៉ុន្តែ​ចុងបញ្ចប់ បែរជា​ខកចិត្ត​ទៅវិញ​។ ខ្ញុំ​ជាន់​ទីលាន​ប្រកួត និង​មិន​ទាំង​ដឹងថា ខ្ញុំ​នៅទីណា​ផង​។ ខ្ញុំ​ពិចារណា វិលត្រឡប់​មកលេង​នៅ​អេ​ស្ប៉ា​ញ​ឬ​អ៊ីតាលី​”​។​
​ ​
​ម៉ូ​រ៉ា​តា បាន​និយាយថា “​ប៉ុន្តែ​អ្នក​មិនអាច​គេចផុត​ពី​ការពិត​បានទេ​។ ខ្ញុំ​ចាក​ចេញពី​អេ​ស្ប៉ា​ញ ដើម្បី​ស្វែងរក​ឱកាស​លេង​នៅ​វើ​ល​ខាប់ ប៉ុន្តែ​ខ្ញុំ​មិនបាន​ទៅ​ទេ​។ វា​ពិតជា​ពិបាក​។ ខ្ញុំ​នឹងធ្វើ​អ្វីៗ គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន​។ វា​គឺជា​ពេលវេលា​ដ៏​លំបាក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)