អាល​ឡេ​ហ្គ្រី ព្រលយ​ពាក្យ​អំពី​ការចាកចេញ​ពី​ក្លឹប Juventus

443
ចែករម្លែក

​លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) គ្រូបង្វឹក​ក្រុម​យក្ស អ៊ីតាលី Juventus បាន​ព្រលយ​ពាក្យ​ថា លោក​ប្រហែលជា​ស្វែង​ករ​កិច្ចព្រមព្រៀង ផ្ទេរ​ចេញពី​ក្លឹប​នេះ​។​

​មានការ​ភ្ជាប់​គ្រូបង្វឹក​វ័យ​៥១​ឆ្នាំ​រូបនេះ​ទៅនឹង​ក្លឹប​ឆេ​ល​ស៊ី​ប៉ុន្មាន​សប្តាហ៍ ថ្មីៗ​នេះ ហើយ​ការអត្ថាធិប្បាយ​របស់លោក បន្ទាប់ពី​ក្រុម Juventus ស្មើ​១-១ ជាមួយ​ក្រុម Ajax កាលពី​ថ្ងៃ​ពុធ​បណ្តាល​ឲ្យ​មានការ​ប៉ាន់ប្រមាណ​ថា លោក​នឹង​ក្លាយជា​គ្រូបង្វឹក​បន្ទាប់ របស់​ក្រុម​ឆេ​ល​ស៊ី​។​

​មានការ​ចាប់អារម្មណ៍​ច្រើន អំពី​អនាគត​របស់លោក អាល​ឡេ​ហ្គ្រី នៅ​ប្រទេស​អ៊ីតាលី ស្របពេល​អតីត​គ្រូបង្វឹក​ក្លឹប AC Milan រូបនេះ​ខកខាន​មិនបាន​ប្តូរផ្តាច់​អនាគត​ជាមួយ ក្រុម​នាំមុខ​នៅ​អ៊ីតាលី​នេះ ហើយ​ការអត្ថាធិប្បាយ​ថ្មី​បំផុត​នេះ​នឹង​រឹតតែ​បន្ថែម ការសង្ស័យ​។​
​ ​
​ថ្លែង​បន្ទាប់ពី​លទ្ធផល​ស្មើ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក លោក អាល​ឡេ​ហ្គ្រី បាន និយាយថា “​អនាគត​របស់ខ្ញុំ​? តំណែង​គ្រូបង្វឹក​មិន​ទៀងទាត់​ទេ​”​។​
​ ​
គេ​ជឿថា ក្លឹប Juventus ដែល​អាច​នឹង​លើក​ពាន​ជើងឯក​លី​កនៅ​ចុង​សប្តាហ៍​នេះ ចង់​រក្សាទុក​លោក អាល​ឡេ​ហ្គ្រី ជាមួយ​ក្លឹប​នេះ​យូរអង្វែង​ទៀត ស្របពេល​កិច្ចសន្យា របស់លោក​នឹង​ផុត​នៅ​រដូវក្តៅ​ឆ្នាំ​២០២០​។​
​ ​
កន្លងមក លោក អាល​ឡេ​ហ្គ្រី ហាក់ដូចជា​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប Juventus ។ លោក​បាន​និយាយថា “​ខ្ញុំ​ចង់​ឲ្យ​គេ​ប្រៀបធៀប​ជាមួយ​លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន​។មានន័យថា នៅ​ដឹកនាំ​ក្លឹប Juventus យូរ​ឆ្នាំ​ទៀត​”​។ ទោះបីជា​យ៉ាងណា ការអត្ថាធិប្បាយ​កាលពី​យប់​ថ្ងៃ​ពុធ ធ្វើ​ឲ្យ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ថា តើ​អនាគត​របស់ លោក​នឹង​នៅទីណា​បន្ទាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​