អាវុធហត្ថ​កោះកុង បង្ហាញមុខ​មេខ្លោង​២​នាក់ ដែល​សកម្ម​ខាង​ជួញដូរ​ថ្នាំញៀន​

1105
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: កម្លា​ង​កងរាជអាវុធហត្ថ​ខេត្តកោះកុង នៅ​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បង្ហាញមុខ​មេខ្លោង​ប្តី​ប្រពន្ធ​២​នាក់​ដែល​សកម្ម​ខាង​ជួញដូរ​ចែកចាយ​សារធាតុ​ជិត​៥០០​កញ្ចប់​តូច ក្រោយពី​ចុះបង្ក្រាប​នៅ​វាលស្រែ​បង្គា ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។​

លោក​វ​.​ត្រី នួន វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បានឱ្យដឹងថា ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ជួញដូរ​សារធាតុ​ញៀន​ដ៏​សកម្ម​នៅក្នុង​ស្រុក​មណ្ឌលសីមា ដែល​សមត្ថកិច្ច​ជំនាញ​របស់លោក ឃាត់​បាន​រួមមាន​៖ ទី​១ អ្នកស្រី សុខ វ៉ិ​ត អាយុ​៤៨ ឆ្នាំ មុខរបរ​ចិញ្ចឹម​ក្តាម​លក់ (​អ្នកជួញដូរ​) និង​ទី​២ លោក ត្រឹង ឌី​ន អាយុ ៥០ ឆ្នាំ មុខរបរ​ចិ​ញ្ចឹ​ង​ក្តាម​លក់ (​ប្តី​)​។​

​មេបញ្ជាការរង នួន វុត្ថា បន្ថែមថា ការអនុវត្ត​ច្បាប់​នៅពេលនេះ ធ្វើឡើង​បន្ទាប់ពី​តាមដាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជាង​៣​ខែ តាម​ការចង្អុលបង្ហាញ​របស់លោក ឧ​.​ត្រី ថុង ណា​រុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ព្រះរាជ​អាជ្ញាធរ ទើប​បង្ក្រាបបាន​ជោគជ័យ​។​

ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត បាន​មានដូចជា​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​) ចំនួន 258 កញ្ចប់​(​ធំ​16 តូច​242) = 92.47 ក្រាម , ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន 166 គ្រាប់ =14.94 ក្រាម , ទូរស័ព្ទដៃ 02 គ្រឿង , ប្រាក់រៀល 4000 រៀល និង​សម្ភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។
​បើតាម​លោក នួន វុត្ថា មេបញ្ជាការរង​អាវុធហត្ថ​ខេត្តកោះកុង ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ នឹង​បញ្ជូនទៅ​អនុវត្ត​នីតិវិធី​បន្ត​នៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​៩ មិថុនា​។ ការងារ​បង្ក្រាប​គ្រឿងញៀន​នេះ មិន​ប​ញ្ឃ​ប់​ឡើយ ពោលគឺ​សមត្ថកិច្ច​របស់លោក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ និង​បង្ក្រាប​បន្ថែមទៀត ទោះបីជា​ជនល្មើស​លួចលាក់​ប្រព្រឹត្ត​ចែកចាយ​ជួញដូរ​គ្រប់​រូបភាព​ក៏ដោយ​៕