អាវុធហត្ថ​ក្រុងភ្នំពេញ​ចាប់​ក្រុមចោរ​វ័យក្មេង​៦​នាក់​ករណី​ប្លន់​និង​ឆក់​បញ្ជូនទៅ​តុលាការ​

836
ចែករម្លែក

(​ភ្នំពេញ​)៖​បន្ទាប់ពី​ត្រូវ​ចាប់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៦​នាក់​ជា​ចោរ​ស្ទាវ​វ័យក្មេង​ពាក់ព័ន្ធ​សកម្មភាព​ឆក់​និង​ប្លន់​ជាច្រើន​ករណី​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ផ្ត​ន្ទោ​ទោស​តាមច្បាប់​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​។​

​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា​ចោរឆក់​២​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​មានឈ្មោះ ជូន វីរៈ​សត្យា អាយុ​១៥​ឆ្នាំ និង​ឈ្មោះ មាស ភី​ម អាយុ​១៥​ឆ្នាំ ធ្លាប់​ឆក់​បានសម្រេច​រហូតដល់​ទៅ​១២​ដង​។ តែ​មក​អស់​ល័​ក្ខ​ដោយ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដែ ពី​ជនរងគ្រោះ ឈ្មោះ ជឹម ស្រី​និ​ច ភេទ​ស្រី អាយុ​២២​ឆ្នាំ ហើយ​ត្រូវបាន​កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​

ចំណែក​ទូរស័ព្ទដៃ​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ខាងលើ ត្រូវបាន​ប្រគល់​ជូនទៅ​ជនរងគ្រោះ ដែលជា​ម្ចាស់​ដើម​វិញ​។ ជនសង្ស័យ​បាន​សារភាព​បន្ថែមថា សកម្មភាព​ដែល​ពួកគេ​ឆក់​១២​លើក​កន្លងមក ច្រើន​នៅ​ម្តុំ​មុខ​ពេទ្យ​កាល់ម៉ែត ផ្សារ​ចាស់ ផ្សារកណ្តាល និង​ផ្លូវ​ព្រះស៊ីសុវត្ថិ (​មាត់ទន្លេ និង​មុខ​វាំង​)​។​

​ចំណែកឯ​ចោរប្លន់​វ័យក្មេង​៤​នាក់​ទៀត​រួមមាន​៖​ទី​១​ឈ្មោះ សេង សំណាង អាយុ​១៧​ឆ្នាំ ទី​២​ឈ្មោះ គង់ សុខ​ណា​រ៉ូ ហៅ​ឈិ​ត អាយុ​១៦​ឆ្នាំ ទី​៣​ឈ្មោះ យ៉ង់ ប៊ុន​ថេ​ន អាយុ​១៧​ឆ្នាំ និង​ទី​៤​ឈ្មោះ គិត ពេជ្រ​ដា​រ៉ូ អាយុ​១៨​ឆ្នាំ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន បានជា​បន្តបន្ទាប់ ក្នុង​ថ្ងៃទី​២១ និង​២២ ខែមិថុនា ឆ្នាំ​២០១៧​។​

​បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ប្រើ​ដាវ​កាប់​ប្លន់​ជនរងគ្រោះ​ឈ្មោះ ផុន សៀងលី និង​ឈ្មោះ សុង ចាន់​សុខ​ហេង យក​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ស៊ុយ​គី​និ​ច ពណ៌​ស លាយ​ខ្មៅ ស្លាក​លេខ​កណ្តាល 1S-7124 ខណៈដែល​ជនរងគ្រោះ​កំពុងធ្វើដំណើរ​តាមផ្លូវ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ផុន សៀងលី រងរបួស​ត្រង់​សាច់​ដុំដៃ​ឆ្វេង​ជា​ទម្ងន់​។​

ក្រៅពី​ធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ កន្លងមក ជនសង្ស័យ​ទាំង​៤​នាក់ បាន​សារភាព​បន្ថែមថា កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ក្រុម​ខ្លូន​ធ្លាប់​បានធ្វើ​សកម្មភាព​កាប់​ប្លន់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ស្លាក​លេខ កំពត 1H-1721 បានសម្រេច​ម្តង​រួចមកហើយ ដោយ​ប្រើ​ដាវ​សាំ​មុ​រ៉ៃ ដេញ​កាប់​ជនរងគ្រោះ​ឲ្យ​រត់ចោល​ម៉ូតូ នៅ​ផ្លូវ​៦០​ដែរ​។​

​យ៉ាងណាក៏ដោយ រហូតមកដល់​ក្បាល​ព្រលប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ ជនសង្ស័យ​ទាំង​៦​នាក់ កំពុង​ស្ថិតក្រោម​ការសួរនាំ​ពី​ព្រះរាជអាជ្ញា នៅឡើយ​មិនទាន់​សម្រេច​នោះទេ​៕

អាវុធហត្ថ​ក្រុងភ្នំពេញ​ចាប់​ក្រុមចោរ​វ័យក្មេង​៦​នាក់​ករណី​ប្លន់​និង​ឆក់​បញ្ជូនទៅ​តុលាការ​(​រូប​៖​វ៉េបសាយ​)​