អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ ករណី​ទទួលផល​ចោរកម្ម​!

364
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កង​រាជ​អាវុធ​ត​ហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ទទួលផល​ចោរកម្ម​។

​ជនសង្ស័យ ១/ ឈ្មោះ ហ៊​ន ហាក់ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ និង​២/ ឈ្មោះ គ្រៀល ថុ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​

​ជនសង្ស័យ​ទាំង ០២​នាក់ នេះ មុន​ឃាត់ខ្លួន ដំបូង​ឡើយ កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ឈ្មោះ សេង ចិ​ត្ត្រា ដែលជា​ជនរងគ្រោះ បាន​បាត់​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA MATRIX ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ ស្លាក​លេខ ភ្នំពេញ 2AF-2402 ដោយបាន​ចត​ទុក​ក្រោម​សំ​យ៉ាប​ផ្ទះ ហើយ​មិនបាន​យក​ប័ណ្ណ​សំគាល់​រថយន្ត ប័ណ្ណបើកបរ និង​សោ​ចេញពី​រថយន្ត​នោះទេ ហើយ​បាន​ចូលទៅ​ក្នុងផ្ទះ​សំរាក​ធម្មតា ក្រោយពេល​ភ្ញាក់​ពី​ដំណេក​មកវិញ ទើប​ជនរងគ្រោះ​ដឹងថា រថយន្ត​ខ្លួន​ត្រូវបាន​ចោរលួច​បាត់​។ លុះដល់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤:០០​នាទី ជនរងគ្រោះ​បានឃើញ​រថយន្ត​របស់​ខ្លួន នៅ​ចំណុច ផ្លូវ​១៨២ កែង​ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែលមាន​ជនសង្ស័យ ០២​នាក់ កំពុងបើក ក៏​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​។​

​ក្រោម​វិធានការ នៃ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​បាន​សារភាព​ឲ្យ​ដឹងថា មុន​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន ឈ្មោះ ហ៊​ន ហាក់ បាន​ចូល​លេង​ល្បែងស៊ីសង​នៅ​ណា​ហ្កា​វើ​ល ហើយ​បាន​ជួប​បុរស​ម្នាក់ អាយុ​ប្រហែល ៣០​ឆ្នាំ ដែល​កំពុង​លេងល្បែង​នៅ​ណា​ហ្កា​ដូចគ្នា បន្ទាប់មក​រូបគេ​ទាំង ០២​នាក់ បាន​យក​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA MATRIX ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០០៣ ស្លាក​លេខ ភ្នំពេញ 2AF-2402 ទៅ​ដាក់បញ្ចាំ នៅ​ហាង​បញ្ចាំ​មួយកន្លែង មាន​ទីតាំងនៅ​ផ្លូវ​១៨៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​ប្រាក់ ១​ពាន់​ដុល្លា អាមេរិក ហើយ​បុរស​នោះបាន​ឲ្យ​ប្រាក់​មក​ខ្លួន ៥០​ដុល្លា អាមេរិក​។ បន្ទាប់មក​បុរស​នោះ ទូរស័ព្ទ​ឲ្យ​រូប​ខ្លួន​យកប្រាក់ ៥០០​ដុល្លារ អាមេរិក បន្ថែមទៀត តែ​រូប​ខ្លួន​បាន​ប្រាប់ថា​ទាល់តែ លួស​រថយន្ត​នោះ​ហើយ​ទៅ​បញ្ចាំ​កន្លែង​ផ្សេង​ទើបបាន មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​បុរស ០២​នាក់ ជិះ​ម៉ូតូឌុប យកលុយ​មក​ឲ្យ​ខ្លួន ១,១០០​ដុល្លា អាមេរិក ដើម្បី​លួស​យក​រថយន្ត​នោះមក​វិញ​។

ក្រោយពេល​លស់​រថយន្ត​នោះបាន រូបគេ និង​ឈ្មោះ គ្រៀល ថុ​ន បាន​ជិះ​រថយន្ត​នោះ​ទៅ​ហាង​បញ្ចាំ​មួយកន្លែង​ទៀត លុះដល់​ចំណុច ផ្លូវ​លេខ​២៥៧ កែង​ផ្លូវ​១៨៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រូបគេ​ទាំង ០២​នាក់ ក៏ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​តែម្តង​៕ ល​