អាវុធហត្ថ​ស្រុក​បាណន់​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​ប៉េអឹម​ខេត្ត​ពាក់ព័ន្ធ​គ្រឿងញៀន​

9584

(​បាត់ដំបង​)៖ អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បាណន់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ បាន​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​។ ស្ត្រី​រូបនេះ ត្រូវ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ចាប់ខ្លួនបាន កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ទ្រុងមាន់​ទ្រុង​ទា ស្ថិតក្នុង​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​។​

​លោក​អនុសេនីយ៍ឯក រើ​យ ចំរើន មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ ឈ្មោះ ឃឹម ឃីម អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​មុខរបរ​លក់ដូរ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1S 3353 ពណ៌​ខ្មៅ -​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​ទ្រូ​ពណ៌​ខ្មៅ​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២​កញ្ចប់​តូច ទម្ងន់​០.២៨​ក្រាម​។​

​លោក​មេបញ្ជាការរង​ស្រុក​បាន​បញ្ជាក់ថា ក្រោយពេល​ស្ត្រី​សង្ស័យ​ឆ្លើយ​សារភាព​រួចមក លោក​បាន​ឲ្យ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត និង​បន្តទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ គ្រញូង​