អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ជនសង្ស័យ​លក់​គ្រឿងញៀន​

173

(​បន្ទាយមានជ័យ​) : ជនសង្ស័យ​ម្នាក់​កំពុង​លួច​ជក់ និង​លក់​គ្រឿងញៀន ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ និង​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ការបង្ក្រាប​ធ្វើ​កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​៥ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​មានឈ្មោះ គីម សា​វ័​ន្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ដកហូត​វត្ថ​តាង​រួមមាន​រួមមាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន គ្រាប់​ចំនួន​៣៣៧​គ្រាប់ ស្មើនឹង​ទម្ងន់​០.៥៦​ក្រាម​។​

​ឈ្មោះ​គីម សា​វ័​ន្ត បាន​ឆ្លើយ​សារភាពថា រូប​ខ្លួន​ពិតជា​បាន​ជក់​និង​លក់​គ្រឿងញៀន​ពិតប្រាកដ​។ កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕L ដោយ​៖ ប​.​ជ័យ​