អាវុធ​ខ្លាំង​របស់ Nokia ប្រើ​សម្រាប់​ផ្ដួល iPhone 8 និង Note 8 បង្ហាញខ្លួន​ហើយ​

1865
ចែករម្លែក
  • 225
    Shares

​កាលពី​យប់មិញ​នេះ​ក្រុមហ៊ុន HMD Global ដែល​ទទួលបាន​សិទ្ធ​ផលិត​ទូរ​សព្ទ​ម៉ាក Nokia បានបង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​របស់ខ្លួន​គឺ Nokia 8 ដែល​ប្រើ​សម្រាប់​ប្រជែង​នឹង iPhone 8 និង Note 8​។​

Nokia 8 នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ដើមខែ​កញ្ញា​ក្នុងតម្លៃ ៥៩៩ អឺរ៉ូ ប្រហែល ៧០៥ ដុល្លារ ។ ចំពោះ​លក្ខណៈសម្បត្តិ​របស់ Nokia 8 នេះ​មានដូចជា​អេក្រង់​ទំហំ ៥,៣ អ៊ី​ញ​កម្រិត Quad HD 2560 x 1440 ភី​កសែ​ល​, ដំណើរការ​ដោយ​បន្ទះ​ឈី​ប​ថ្មី​បំផុត Snapdragon 835, RAM ទំហំ ៤ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ ៦៤ GB អាច​បន្ថែម​ទំហំ​បាន​។​

​ត្បិត​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ភាគច្រើន​មាន​ទំនោរ​ផលិត​ស្មា​ត​ហ្វូ​ន​មិនមាន​ប៊ូ​តុង Home និង​មាន​ស៊ុម​អេក្រង់​ស្ដើង ប៉ុន្តែ Nokia 8 ហាក់​មិនបាន​ដើរ​តាម​ទំនោរ​នេះឡើយ ដោយ​នៅតែ​បំពាក់​ប៊ូ​តុង Home អមដោយ​គ្រាប់​ចុច និង មាន​ស៊ុម​អេក្រង់​ធំ​។ និយាយ​ពី​ការ​ឌី​ហ្សា​ញ Nokia 8 មាន​កម្រាស់ ៧,៣ ម​.​ម​, មាន​តួខ្លួន​រាង​កោង​, មាន​ខ្សែ​អង់​តែ​ន​នៅ​គែម​ទូរ​សព្ទ​លើ​/​ក្រោម និង​មាន​សម្បក​ធ្វើ​ពី​អាលុយមីញ៉ូម​។ ជម្រើស​ពណ៌​មានដូចជា​ពណ៌​ខៀវ​រលោង​, ខៀវ​គ្រើម​, ទង់ដែង និង ពណ៌​ប្រផេះ​។​

​ចំណុចខ្លាំង​របស់ Nokia 8 គឺ​នៅត្រង់​ប្រព័ន្ធ​កាមេរ៉ា​ដោយ​វា​ជា​ស្មា​ត​ហ្វូ​ន Android ម៉ាក Nokia ដំបូង​ដែល​ប្រើ Sensor របស់ Zeiss ទាំង​នៅលើ​កាមេរ៉ា​មុខ និង ក្រោយ មិនតែប៉ុណ្ណោះ​មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ​ទៀតផង​។ កាមេរ៉ា​ទាំង ៣ គ្រាប់​សុទ្ធ​តែមាន​ទំហំ ១៣ MP ដោយ​ប្រព័ន្ធ​កាមេរ៉ា​ខាងក្រោយ​មាន​កាមេរ៉ា​មេ​ជា​កាមេរ៉ា​ថតរូប​ពណ៌​, មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង​មួយទៀត​ជា​កាមេរ៉ា​ថតរូប ស​-​ខ្មៅ មាន Aperture f/2.0 ដូចគ្នា​។ កាមេរ៉ា​ខាងមុខ​វិញ​ក៏មាន Aperture f/2.0 ដែរ​ដោយ​ប្រើ​ភ្លើង​អេក្រង់​ជំនួយ​ជា​ភ្លើង Flash ពេល​ថតរូប​ទៀតផង​។​

Software នៃ​ការថតរូប​ហាក់​មិនមាន​អ្វី​អស្ចារ្យ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន HMD បាន​បន្ថែម​មុខងារ​មួយ​ឈ្មោះថា “Bothie Mode”​។ មុខងារ​នេះ​ស្រដៀង​ទៅនឹង​អ្វីដែល Samsung និង LG ប្រើ​ពីមុនមក​ដែរ ដោយ​អាច​ថត​វីដេអូ ឬ រូបភាព​ដោយ​ប្រើ​កាមេរ៉ា​មុខ និង ក្រោយ​ក្នុងពេល​តែមួយ ប៉ុន្តែ Nokia 8 ពិសេស​ត្រង់​ថា​អាច​ផ្សាយ​ផ្ទាល់​វីដេអូ​ទៅ Facebook ឬ YouTube បាន​។

Nokia 8 មាន​ថ្ម​ទំហំ ៣០៩០ mAh ដែល​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា Quick Charge 3.0 បាន ហើយ​មុខងារ​ផ្សេងទៀត​រួមមាន​ទ្រនាប់​ស្កេ​ន​ខ្ចៅដៃ​លើ​ប៊ូ​តុង Home​។ បើ​មើល​លើ​ចំណុច​ពិសេស​ដែល​បានបង្ហាញ​ខាងលើ Nokia 8 ហាក់​មិនអាច​ប្រជែង​នឹង iPhone 8 ឬ Note 8 បានឡើយ ដោយសារ​កង្វះខាត​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​, មិនមាន​ការ​រចនា​ដែល​អាច​ធន់​នឹង​ទឹក និង ការ​រចនា​រូបរាង​នៅ​មិន​ទាន់សម័យ​៕​ប្រែ​សម្រួល​៖ សុខ​ហេង​/sn

​ប្រភព​៖ theverge/sabay