អាវុធ​និង​ឃាតកម្ម​

1545
ចែករម្លែក

ចិន​បាញ់សម្លាប់​ចិន​គ្នាឯងនៅក្នុង​ឡាន​ហាយ​ឡិន​ឌ័​រ​ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2X-3970 ហើយ​រុញ​ទម្លាក់​សព​ទៅលើ​ផ្លូវ​ទាំង​កណ្តាល​ថ្ងៃ​ចែស កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​ នៅមុខ​សណ្ឋាគារ​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នេះ​នាំ​ឲ្យ​ម្នាក់ៗស្រឡាំងកាំង និង​លាន់មាត់​ត​គ្នាៗ ដោយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វីក៏​ជន​ជាតិចិនមាន​កាំភ្លើង បាញ់សម្លាប់​គ្នា​ទាំងកណ្តាល​ថ្ងៃ​ដូច្នេះ​?
​ ​
​បន្ទាប់ពី​ហេតុការណ៍​នោះ​បុរស​ជនជាតិ​ចិន​ពីរ​នាក់ ជា​ជនសង្ស័យ ត្រូវបាន​ប៉ូលិសចាប់​ឃាត់ខ្លួន ហើយ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ក៏​កំពុង​តាមរក​អ្នកពាក់ព័ន្ធ​មួយ ចំនួន​ទៀត​។
​ ​
​បញ្ហា​បង្កដោយ​ជនជាតិ​ចិន​ដែល​ចូលមក​រកស៊ី​នៅក្នុង​ក្រុងព្រះសីហនុ ហើយ​មាន​កាំភ្លើង​ប្រើប្រាស់ ក៏​ធ្លាប់​កើតឡើងកាលពី​ចុងឆ្នាំ​២០១៨ គឺមាន​ជនជាតិ​ចិន​ម្នា​ក់មានកាំភ្លើង​ប្រើ និង​ប្រើ​ឡាន ឡិច​ស៊ី​ស ៥៧០ ស៊េរី ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​រដ្ឋ អត់​បង់ពន្ធ​នាំចូល បាន​សម្ញែង​កាំភ្លើង​បង្អួត​គេឯង រហូត​បែកធ្លាយ​រូបថត តាម​ហ្វេ​ស​ប៊ុ​ក​។​

​ករណី​មួយទៀត នៅ​ដើមឆ្នាំ​២០១៩ ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​ករណី​ជំរិតទារប្រាក់ នៅ​ចំណុច​ក្រុម​៤២ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ និង​ឃាត់ខ្លួន​បុរស​ជនជាតិចិន ប្រាំបួន​នាក់ ដែលមាន​ជនរងគ្រោះ​ពីរ​នាក់​។ ជន​ជាតិចិន​ទាំងនោះ បាន​ប្រើប្រាស់​កាំភ្លើង​កា​៥៩​ចំនួន មួយ​ដើម និង​គ្រាប់បួន​គ្រាប់ ព្រមទាំង​បង់​ចំនួន​ពីរ​។​

​ដោយឡែក កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ក៏​មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នូវ​រូបថតបួន​សន្លឹក បង្ហាញ​ពី​ជន​ជាតិចិន​មួយក្រុម កាន់​កាំភ្លើង​សម្ញែង​បង្អួត​កាំភ្លើង នៅក្នុង​ផ្ទះមួយ ដោយមាន​ទង់ជាតិ​ខ្មែរ​នៅ​ពីក្រោយ និង​កៅអី​ឈើ ដែលមាន​ក្បាច់ ចម្លាក់​ខ្មែរ​ផងដែរ​។ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​បង្ហោះ​រូបថត​ចិន​បង្អួត​កាំភ្លើងទាំងនោះ បានសរសេរថា “​កុំ​ធ្វើ​អ៊ីចឹង​អី បងប្អូន​ខ្មែរ​យើងមិន​ចូលចិត្ត​ទេ ពួកគាត់ខ្លាច​ណាស់​!! កែ​បាន កែ​ទៅ​…”​។​
​ ​
​ដូច្នេះ​ករណី​ជនជាតិ​ចិន មាន​កាំភ្លើងបាញ់សម្លាប់​គ្នា បង្ក​អំពើហិង្សា និង​ថត​បង្ហោះបង្អួត នៅក្នុង​ប្រទេស​កម្ពុជា​យើង ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចិន​ចូលមក​រកស៊ី និង​រស់នៅ​ច្រើន​នោះ គឺ​បានកើត​ឡើងជា​ច្រើនដង​រួចមកហើយ​។ ករណីនេះ នាំ​ឲ្យមានការ​ចោទសួរ​ថា តើ​ចិន​ទាំងនោះបាន​កាំភ្លើងមកពីណា​? ហើយ​អង្គភាព​ណាផ្តល់​ឲ្យ​? តើ​កាំភ្លើង​ទាំងនោះ​មាន​លិខិតអនុញ្ញាត​ឬទេ​? បើ​មិនមាន​ច្បាប់​ទេ ​គួរតែអង្គភាព​ជំនាញ ស្រាវជ្រាវនិង​បង្ក្រាប​។​

​យ៉ាងណា​ក៏ដោយចុះ បន្ទាប់ពី​បានឃើញ​ហេតុការណ៍ និង​រូបភាព​ដែល​ជនជាតិ​ចិនបាញ់សម្លាប់​គ្នា និង​កាន់​បង្អួត​កាំភ្លើង​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ នាំ​ឲ្យ​មានការរិះគន់​និង​ការព្រួយបារម្ភ​ចំពោះ​ជនជាតិ​ចិន ដែល​មក​រស់នៅ និង​រកស៊ី​នៅ​កម្ពុជា ពិសេស​នៅ​កំពង់សោម​។ តាមពិត​អ្នក​ដែល​ប្រព្រឹត្តិ​មិន​គប្បី​គឺមាន​ចំនួន​តិចតួច​ណាស់ បើ​ធៀប​នឹង​ចំនួន​ជនជាតិ​ចិន​ដែល​ល្អជា​ច្រើន​ទៀត​។​

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ​គឺ​មិន​ត្រឹមត្រូវ​ទាល់តែសោះ ដែល​សមត្ថកិច្ច ទោះបីជា អង្គភាព​ណាក៏ដោយ ដែល​ចេញ​លិខិតអនុញ្ញាត​ឲ្យ​អ្នកទេសចរ ឬ​អ្នករកស៊ី​ជា​ជន បរទេស ពិសេស​ចិន មាន​កាំភ្លើង​។ អង្គភាព​កងកម្លាំងប្រដាប់អាវុធ​យើង​គួរតែមានស្មារតី​សន្តិសុខ​និយម ជាតិនិយម និង​កម្ពុជា​និយម​។

​ដូច្នេះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ណាក៏ដោយ ត្រូវ​គិត​វែងឆ្ងាយ កុំ​ចេះតែ​លក់ កាំភ្លើង​ឬក៏​ចេញ​លិខិតឲ្យ​អាជ្ញាប័ណ្ណ​ប្រើប្រាស់​កាំភ្លើង ទៅ​ជនបរទេស​ក៏ដូចជា ជនជាតិ​ចិន​ខិលខូច ហើយ​នៅពេល​មាន​បញ្ហា​ដូចនេះ នាំ​ឲ្យ​ខូច​មុខមាត់​ប្រទេសជាតិ ហើយ​បង្ក​ជា​សំណួរ នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា ថា​ហេតុអ្វី បានជា​ចិន​មានកាំភ្លើង​ប្រើប្រាស់​ដោយ​សេរី​ដូច្នេះ​?

​សរុបទៅ កងកម្លាំងប្រដាប់អាវុធ ពិសេស​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ដឹកនាំដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ រួមជាមួយ​ក្រុមការងា​រ​ពិសេស​របស់ក្រសួងមហាផ្ទៃ​ដែល​បញ្ជូនទៅ​ពី​ភ្នំពេញ​សហការគ្នា​ដើម្បី​អនុវត្ត​ន៍ច្បាប់​តឹងរ៉ឹង​ជាង​មុន ឆែកឆេរ និង​ដកហូត​កាំភ្លើង​ពី​ជន​ស៊ីវិល ក៏ដូចជា​បរទេស ជាពិសេស​លើ​ជនជាតិ​ចិន​។
​ ​
​បើសិនជា​ស្រាវជ្រាវ​ពិតប្រាកដ​គឺ​ចិន​ខិលខូច ដែល​ចូលមក​កម្ពុជា​យើង​នេះ គឺមានខ្សែ​ខ្នង ដែលជា​ឧ​ត្ត​ម​សេនីយ៍​ធំៗ ជា​អ្នកការពារ ដោយមាន​ទាំង​ជួល​ឡាន​ឲ្យ​ជនជាតិចិន​ជិះ រហូតដល់​កាលពី​លើក​មុន​មាន​ទាំង​ឡាន​ស្លាក​លេខខេមរភូមិន្ទ ផង​។ ដូច្នេះ ដូចជា​មិន​ពិបាក​ទេក្នុងការ​ស្រាវជ្រាវ រក​ខ្សែ​ទុយោអ្នកកាង​ឲ្យ​ចិន​ដែល​នាំ​ឲ្យ​ចិន​ខិលខូច​ទាំងនោះមាន​ដល់​ទៅ​កាំភ្លើង​ប្រើប្រាស់ បាញ់បោះ​សម្លាប់​មនុស្ស​ដោយ​សេរី ដូច្នេះ​។​

​ករណី​ចិន​មាន​កាំភ្លើងបាញ់សម្លាប់​មនុស្ស និង​បង្កជម្លោះ​ក្នុងចំណោម​ជនជាតិ​ចិន គ្នាឯង ព្រមទាំង​ថត​បង្ហោះ​បង្អួត​គេឯង​នេះ គឺជា​អាទិភាព​មុននឹង​ឈានដល់​ការបង្កើនកិច្ចការពារ​សន្តិសុខ ពិសេស​បង្ការ ក្រែងលោ​មាន​ករណី​ចាប់​ជំរិត​ដែល​នឹង​អាចកើតមាន​រវាង​ចិន និង​ចិន​ផង ឬក៏​អាច​នឹងមាន​ជនជាតិ​ចិន​ខិលខូច​មួយចំនួន​ណា​នោះដែលមាន​កាំភ្លើង អាច​នឹងធ្វើ​សកម្មភាពបង្ក​អសន្តិសុខ​ណាមួយនៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា នៅក្នុង​សង្គម​កម្ពុជា​យើង​៕ ដោយ​: ម៉េង​ឆៃ/Ha

#