អាវ​រងារ​ត្រូវប៉ាន់​ខណៈ​មណ្ឌលគិរី​អាកាសធាតុ​ចុះ​ត្រជាក់​ដើមរដូវ

1155

(​មណ្ឌលគិរី​)៖​នៅក្នុង​កំឡុង​ខែតុលា​នេះ អាកាសធាតុ​ក្នុង​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​ចុះ​ត្រជាក់​បន្តិច​ម្តងៗ​ជាហេតុ​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់ ស្វែងរក​ភាពចាំបាច់​នៃ​ការថែរក្សា​សុខភាព​។​ក្នុងនោះ​ការបញ្ជៀ​ស​ខ្លួន​ពី​ធាតុ​ត្រជាក់ ក៏​ជា​កត្តា​ដំបូង​មួយ​ដែល​ពួកគាត់​ចាប់ផ្តើម​។

​ការបញ្ជៀ​ស​រាងកាយ​ពី​ធាតុ​ត្រជាក់ ពលរដ្ឋ​ខ្មែរ​យើង​ពី​អតីតកាល​តែងតែ ដុត​ភ្លើង​នាំគ្នា​អង្គុយ​ជុំ​វិល​ភ្នក់ភ្លើង​នោះ​ដើម្បី​កម្តៅ​ខ្លួន ខ្លះ​ធ្វើ​ពលកម្ម​ដើម្បីឱ្យ​ខ្លួនប្រាណ​បែកញើស និង​ខ្លះទៀត​ប្រើប្រាស់​អាវ​ក្រាស់ៗ​ដើម្បី​កា​ពារ​អាកាសធាតុ​ត្រជាក់ ហើយ​អាវ​រងារ​ក្នុង​ខេត្តមណ្ឌលគិរី​ក៏​ចាប់ផ្តើម​មានការ​ដាក់តាំង​លក់ ព្រោងព្រាត​តាម​តម្រូវការ​។

​ក្នុង​របរ​ដាក់តាំង​លក់​អាវរ​ងារ​ក្នុង​ខេត្តមណ្ឌលគិរី​នោះ​អាវ​រងា​ជជុះ​កំពុង​ត្រូវប៉ាន់​ខ្លាំង ខណៈ​អាកាសធាតុ ចាប់ផ្តើម​ចុះ​ត្រជាក់​ជិត​មួយ​សប្តាហ៍​នេះ គ្រា​ដែល​សីតុណ្ហភាព​នៅ ពេល​ថ្ងៃ​មាន​ត្រឹម​២៦​ទៅ​២៨​អង្សា និង​ពេលយប់​ធ្លាក់ចុះ រហូតដល់​១៨​ទៅ​២២​អង្សា (​ក្នុង​ក្រុង​សែន​មនោ​រម្យ​)​។
តែ​នៅ​កន្លែង​ខ្លះ​ដូចជា​ទីរួមស្រុក​អូររាំង និង​ភ្នំ​ដាក់​ដាំ ដែល​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម យប់​ខ្លះ​សីតុណ្ហភាព​ធ្លាក់ចុះ​ដល់ ១៤​ទៅ​១៦​អង្សា​ឯណោះ ។ នេះ​បើ​យោង​ទៅ តាម​ការពិនិត្យ​ជាក់ស្តែង លើ​ឧបករណ៍​វាស់​សីតុណ្ហភាព ។

​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ដែល​កំពុង​និយម​នាំគ្នា​ទិញ អាវ​រងា​ជជុះ​ដែល​គេ​តាំង​លក់​នៅតាម​ផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹងថា បានជា​ពួកគាត់​ចាប់អារម្មណ៍ ទិញ​ខោអាវ​ជជុះ ព្រោះ​វា​មានតម្លៃ​សមរម្យ និង​ពាក់​ទៅ​មាន​ភាពកក់ក្តៅ​ដូច​ខោអាវ ដែល​ទិញ​ក្នុងតម្លៃ​ថ្លៃៗ​ដែរ ។ ពួកគាត់​បាន​បន្តថា សម្រាប់​ខោអាវ​ប្រភេទ​ហ្នឹង គេ​អាច​ទិញ​បាន​ចាប់ពី​តម្លៃ​មួយ​ម៉ឺន​រៀល​ឡើងទៅ ហើយ​តម្លៃ​ដែល​ថ្លៃ​បំផុត​អាចមាន​ដល់​៤​ម៉ឺន​រៀល​។

​ស្របពេល​ខោអាវ​រងា​ដែល​គេ​ដាក់លក់​នៅតាម​ហាង​វិញ អាចមាន​តម្លៃ​ចាប់ពី ៨​ម៉ឺន​រៀល​រហូតដល់ រាប់រយ​ដុល្លារ​។ ដូច្នេះហើយ​ទើប​ពួកគាត់​សម្រេច ចិត្ត​ទិញ​អាវ​ជជុះ​យកទៅ​ប្រើ ព្រោះ​រដូវរងា ក៏មាន​មិនសូវ​យូរ​ប៉ុន្មាន​ដែរ តែ​ពីរ​បី​ខែ​ផុត​ហើយ បើ​ខូច​ឆ្នាំក្រោយ​ទិញ​ទៀត​មិនសូវ​ស្តាយ​ព្រោះ​តម្លៃថោក​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ពួកគាត់ ។

​ចំណែក​អ្នក​ដែលមាន ជីវភាព​មធ្យម​មួយចំនួន​បាន​គិតថា ការទិញ​ខោអាវ​ជជុះ មកប្រើប្រាស់​ពេលខ្លះ​អាច​បណ្តាល​ឲ្យ​ឆ្លង​រោគ​ផ្សេងៗ ព្រោះថា​ខោអាវ​ទាំងនោះ​ជា​របស់គេ​ប្រើ​រួចហើយ​និង​ត្រូវបាន​គេ​នាំ​ចូលមក​ស្តុក​ទុក​រាប់​ខែ​ទម្រាំ​លក់​ចេញ​មិនដឹងថា​ដាក់​ថ្នាំ​គីមី​ការពារ​អ្វីខ្លះ​ទេ ។

ទោះជា​យ៉ាងណា ពួកគាត់​យល់ស្រប​ថា បើសិនជា​យើង​ទិញ​ខោអាវ​ជជុះ​មកប្រើប្រាស់​គប្បី​ត្រូវ​សម្អាត​វា​ជាមុនសិន ព្រោះ​ទឹកសាប៊ូ​ពិតជា អាច​កាត់បន្ថយ​នូវ​មេរោគ ដែល​តោង​មកជា​មួយ​ខោអាវ​ទាំងនោះ​។​ម្យ៉ាងវិញទៀត ខោអាវ​ជជុះ​ពិតជា​មានតម្លៃ​សមរម្យ និង​អាច​បំបាត់​ភាព​រងារ ដូច​ខោអាវ​ថ្លៃៗ​ដែរ ។

​អាជីវករ​ជា​ស្ត្រី​អ្នកលក់​អាវ​ជជុះ​ពោលថា របរ​លក់​អាវ​នេះ​គឺអាច​លក់ដាច់​បានតែរ​យៈ​ពេល​មួយខែ​ឬ​ពីរ​ខែ​តែប៉ុណ្ណោះ​។ ត្បិត​ហួស​រដូវរងារ​គឺ​ត្រូវ​លក់​ខោអាវ​ធម្មតា ទៅតាម​រដូវ​កាល​។​អាជីវករ​ដដែល​បន្ត​ថា ក្នុង​មួយថ្ងៃ​អាច​លក់បាន​ពី​១០​ទៅ​២០​អាវ និង​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន​គួរសម​ដែរ​។​អាវ​ជជុះ​ដែល​លើក​យកមក​លក់​បច្ចុប្បន្ន​គឺ​យក​ពី​ផ្សារ​នាគ​មាស និង​ផ្សារ​ហេង​លី រាជធានី​ភ្នំពេញ​៕S/​ដោយ​៖​សាត​ចាន់​បុត្រ​

​អាវ​រងារ​ត្រូវប៉ាន់​ខណៈ​មណ្ឌលគិរី​អាកាសធាតុ​ចុះ​ត្រជាក់​ដើមរដូវ