អាវ វ៉ា​តាន បង្អួត​ខ្សែក្រវាត់ មុន​ជួប​ជាមួយ រឿង សោ​ភ័​ណ្ឌ​

766
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ត្រៀមខ្លួន​រួចជាស្រេច​ហើយ ដើម្បី​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី​មួយរូប​ផ្សេងទៀត ឈ្មោះ អាវ វ៉ា​តាន (Ao Watan) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។

អាវ វ៉ា​តាន​

​អាវ វ៉ា​តាន គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​បង្អួត​ខ្សែក្រវាត់ ចំនួន ៣ របស់ខ្លួន តែ​មិនដឹងថា ជា​ខ្សែក្រវាត់​ខ្ចី​គេ មក​បង្អួត ឬ​ជា​ខ្សែក្រវាត់​របស់ខ្លួន​នោះឡើយ ។ ប្រសិនបើ​នេះ​ជា​ខ្សែក្រវាត់​របស់ អាវ វ៉ា​តាន មែន​នោះ បញ្ជាក់ថា អ្នក​ប្រដាល់​រូបនេះ ពិតជា​មិនធម្មតា​នោះទេ ។​

​ចំពោះ សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ដែល​ខ្លាំង​ឆ្វេង ។ ទាំង​ដៃ ទាំង​ជើង របស់គេ គឺ​ច្បាស់​ឆ្វេង ហើយក៏​ធ្ងន់​ខាងឆ្វេង​ដែរ​។ អាវុធ​ខាងឆ្វេង​របស់គេ តែងតែ​ធ្វើ​ឲ្យ​គូប្រកួត ដួល​ក្រោក​លែងរួច តែបើ​ជួប​គូប្រកួត​ខ្លាំង​វិញ​នោះ អ្នក​ប្រដាល់​រូបនេះ ចិត្ត​តូច​មែនទែន ហើយ​ចូលចិត្ត​បន្លំ អាជ្ញាកណ្ដាល​ថា គេ​ទាត់​ចំពង​របស់ខ្លួន​ទៀតផង​។​

រឿង សោ​ភ័​ណ្ឌ និង អាវ វ៉ា​តាន​

​សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៦​ដង ឈ្នះ​១៤៥​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ អាវ វ៉ា​តាន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៨​ដង ឈ្នះ​៨៨​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ ២ ដង ។ ជំនួប​រវាង​អ្នកខ្លាំង ទាំង ២ រូបនេះ នរណា​ឈ្នះ ?​។​

រឿង សោ​ភ័​ណ្

​អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​មិនមាន​នរណា ធ្លាប់​ស្គាល់​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ កៅ ថាប់ (Kao Thap) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ធា​រិ​ទ្ធ ទំនងជា​មិន​ខ្សោយ​ទេ ទើប​គេ​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ បែបនេះ ។ ការប្រកួត​មួយ​នេះ ធា​រិ​ទ្ធ ត្រូវការ​ឈ្នះ​ខ្លាំងណាស់ ព្រោះ​វា​ជា​ឱកាស ដើម្បី​ធ្វើ​ឲ្យ​គេ​មានការ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស កាន់តែច្រើន​។​

អ៊ូច ធា​រិ​ទ្ធ និង កៅ ថាប់​

​អ៊ូច ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៤៩​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ កៅ ថាប់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៩​ដង ឈ្នះ​៥១​ដង និង​ចាញ់​៨​ដង ។ អ្នក​ប្រដាល់ ដែល​ទើបតែ​លេចមុខ​មក​រូបនេះ អាច​ដណ្ដើម​ជ័យជំនះ លើ​អ្នក​ប្រដាល់​ថៃ បាន​ឬទេ ?​។​

អ៊ូច ធា​រិ​ទ្ធ

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ពេជ្រ ងា​លិ ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ ជួប​ជាមួយ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ពុទ្ធ ម៉ា​ណូយ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពុ​យ ក្រូច ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ អេ​លី​ត គឹមហុង​ក្លិប​ឆ្មា ស សែន​សុខ ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v