អាសន្ន​ធំ​ហើយ​! អ្នកទិញ​ផ្ទះ​បង់​រម្លស់​នៅ​សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង រងគ្រោះ​ដោយសារ​ធនាគារ​រឹបអូស​យ៉ាង​អយុត្តិធម៌​

35554

(​ភ្នំពេញ​)៖​ប្រជាពលរដ្ឋ​រស់នៅក្នុង សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​ថា ពួកគាត់​ចំនួន ១៩​គ្រួសារ​បាន​ទិញ​​ផ្ទះ​នៅក្នុង​សំណង់ផ្ទះ​ល្វែង​នេះ ដោយ​ក្នុងនោះ​មាន ១៥​គ្រួសារ​បាន​ទៅ​ខ្ចីប្រាក់​ពី​ធនាគារ​ផ្សេងៗ​ដើម្បី​យកមក​បង់​ផ្តាច់​ជាមួយ​ម្ចាស់​​សំណង់ និង​ផ្ទេរកម្មសិទ្ធិ​រួចរាល់​។ ចំណែកឯ​៤ គ្រួសារ​ទៀត​បាន​កក់​ប្រាក់​ក្នុង​ម្នាក់ៗ​រាប់ម៉ឺន​ដុល្លារ ទិញ​ផ្ទះ​តាមរយៈ​ម្ចាស់​សំណង់​នេះ​។​

​ពួកគាត់​ដែល​រួមមាន​អ្នកកាសែត​ស៊ីប្រាក់ខែ​២០០-៣០០​ដុល្លារ​ក្នុង​១​ខែ​ម្នាក់​ផងដែរ​នោះ បាន​ប្រាប់​រស្មី​កម្ពុជា​ដោយ​ទឹកមុខ​ស្រងូត​ស្រ​ងា​ត់ និង​ពោរពេញ​ដោយ​ទុក្ខ​កង្វល់​ថា ពួកគាត់​មិនមែនជា​អ្នកមាន​ទេ​ប្រសិនបើជា​អ្នកមាន ក៏​ពួកគាត់​មិនមែន​ទិញ​ផ្ទះ​បង់​រំ​លោះ​​នោះដែរ​។ ពួកគាត់​ខំធ្វើការ​រកស៊ី​មិន​ហ៊ាន​ឈប់​ទេ ហើយ​ខំប្រឹង​សន្សំ​ប្រាក់​មិន​ហ៊ាន​ចាយវាយ​ផ្តេសផ្តាស​ឡើយ​ពីព្រោះ​ពួកគាត់​មាន​​បន្ទុក​ត្រូវ​សង​ប្រាក់​ធនាគារ​ជា​រៀងរាល់ខែ​ផង និង​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផង ពោលគឺ​ផ្តាច់​ពី​មាត់​ពង្រាត់​ពី​ក ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន ធ្វើយ៉ាងណា​ឱ្យតែបាន​ជម្រក​នៅ​សមរម្យ​ជាម​នុស្ស​។ បច្ចុប្បន្ន​មានតែ​ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ​ប៉ុណ្ណោះ​បាននិងកំពុង​រស់នៅក្នុង​​សំណង់ផ្ទះ​ល្វែង​នេះ​។

​ពួកគាត់​និយាយថា កាលពី​ដំបូង​ឡើយ ពួកគាត់​បានសម្រេច​ចិត្ត​ទិញ​ផ្ទះ​ក្នុង​សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង​ដោយមាន​ការស្រុះស្រួល​គ្នា​រវាង​ពួកគាត់​ដែលជា​ភាគី​អ្នកទិញ និង​ម្ចាស់​សំណង់​ឈ្មោះ តេង ម៉ាប់ ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​កាន់​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​លេខ ០១០០៧៩៨៩៨ ចុះ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០០១ អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ ២១៦ ផ្លូវ​លេខ ៣៥៩ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ឈ្មោះ តែ គឹម​ឆេង ភេទ​ស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​កាន់​​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​លេខ ០១០៤៨៤៩៨៥ ចុះ​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០០៣ អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ ២១៦ ផ្លូវ​លេខ ៣៥៩​ភូមិ​ដើម​​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ភរិយា ដែលជា​ភាគី​អ្នកលក់​។

​ប៉ុន្តែ​ក្រោយពី​ប្រជាពលរដ្ឋ​ទិញ និង​ចូល​ស្នាក់នៅ​ដំបូងបង្អស់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៦​និង​ចូល​ស្នាក់នៅ​បន្តបន្ទាប់​ទៀត​មិនបាន​​ប៉ុន្មាន​ផង ស្រាប់តែ​លោក តេង ម៉ាប់ និង​អ្នកស្រី តែ គឹម​ឆេង​មាន​ជម្លោះ​ខ្លាំង​ក្នុង​គ្រួសារ​រហូត​ឈានដល់​ការ​ប្តឹងផ្តល់​លែងលះ​តាម​​ផ្លូវ​តុលាការ​។ ក្រោយពី​ពាក្យបណ្តឹង​លែងលះ​របស់​ពួកគាត់​បាន​ទៅ​ដល់ដៃ​តុលាការ​តុលាការ​ក៏បាន​ចេញ​ដីកា​រក្សា​ការពារ​ហាមឃាត់​​មិនឱ្យ​ភាគី​ណាមួយ​មាន​សិទ្ធិ​ចាត់ចែង​លើ​សំណង់​ផ្ទះល្វែង វេ​ង​ឡុង ដូច​បាន​រៀបរាប់​ពី​ខាងលើ​ឡើយ​ពោលគឺ​បិទ​ការដ្ឋាន​សាងសង់​​ទាំងស្រុង និង​ផ្អាក​រាល់​សកម្មភាព​ទិញ​លក់​។

​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​បង់​រលោះ​ផ្ទះល្វែង​តាមរយៈ​ធនាគារ​នៅតែ​បន្ត​បង់​រហូត​មកទល់ពេលនេះ​។​ចំណែកឯ​គ្រួសារ​ដែល​កក់​ប្រាក់​តាមរយៈ​ម្ចាស់​សំណង់​មិន​ត្រូវបាន​តម្រូវឱ្យ​បង់​បន្ត​ទៀតឡើយ​។ មានន័យថា​ផ្អាក​សិន​ប៉ុន្តែ​ប្រាក់​ដែល​កក់​រួចទៅហើយ​ក៏​មិនអាច​ដក​វិញ​បានដែរ ដោយ​រង់ចាំ​សេចក្តីសម្រេច​ពី​តុលាការ​។​

​រឿងនេះ​បាន​ស្ងប់ស្ងាត់​ប្រមាណ មួយឆ្នាំ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ លោក នាយក​សាខា​ធានា​គារ​ភ្នំពេញ​ពាណិជ្ជ (PPCB) បាន​ទៅជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំង​១៩ គ្រួសារ​ខាងលើ​ថា សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង ទាំងមូល​នឹងត្រូវ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ប្រកាស​ដាក់លក់​ឡាយឡុង​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​គួរឱ្យភ្ញាក់ផ្អើល​។ ពេលនោះ​ប្រជាពលរដ្ឋ​ទាំង ១៩ គ្រួសារ​ស្រឡាំងកាំង​គ្រប់គ្នា ហើយ​ទើបតែ​ដឹង​នៅពេលនោះ​ថា តាមពិត​ប្លង់ដី​រួម​នៃ​សំណង់ផ្ទះ​ល្វែង​នេះ​ទាំងមូល​ត្រូវបាន​ម្ចាស់​សំណង់​យក​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ទើបបានជា​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ផ្ទះ​របស់ខ្លួន​ដែលជា​ជម្រក​ដ៏​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ពួកគាត់ និង​ក្រុមគ្រួសារ​ពួកគាត់ និង​ប្រាក់​ដែល​អ្នកខ្លះ​ក្នុងចំណោម​ពួកគាត់​បាន​កក់​តាមរ​យៈ​ម្ចាស់​សំណង់​។​

​ប៉ុន្តែ​ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សំណង់ផ្ទះ​ល្វែង វេ​ង​ឡុង កំពុងតែ​ផ្អើលឆោឡោ ព្រួយបារម្ភ អន្ទះសា បាយ​ក៏​មិនបាន ដេក​ក៏​មិន​លក់ បក់​ក៏​មិន​ល្ហើយ និង​គ្មាន​អារម្មណ៍​ធ្វើការ​រកស៊ី​ទទួលទាន​ដោយសារតែ​ឱសានវាទ​ដែល​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ដាក់​សំណង់​ផ្ទះល្វែង​នេះ​ទាំងមូល​ឡាយឡុង​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​មកដល់​នោះ ភាគី​ម្ចាស់​សំណង់​មិនបាន​ចេញមុខ​ដោះស្រាយ ឬ​ធានា​អះអាង​ឱ្យ​ពួកគាត់​ស្ងប់ចិត្ត​ឡើយ​។

​អាស្រ័យ​ដូច​បាន​រៀបរាប់​ខាងលើ ពួកគាត់​ទាំង ១៩ គ្រួសារ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​មេត្តាជួយ​ដល់​​កូនចៅ​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​ដែល​រងគ្រោះ​យ៉ាង​អយុត្តិធម៌​ដោយ​ក្តី​អនុគ្រោះ​ផង​។​ពួកគាត់​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្តេច​តេ​ជោ និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​មាន​ក្តី​អាណិតអាសូរ​ដល់​ពួកគាត់ និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​ស្លូតត្រង់​៕ដោយ៖ខុម

សំណង់​ផ្ទះល្វែង វេ​ង​ឡុង​ដែល​កំពុង​កើត​បញ្ហា​ធំ​ដល់​អ្នករស់នៅ​