អាស៊ាន​អាយុ​៥០​ឆ្នាំ ៖ តើ​មាន​អ្វី​កើតឡើង​បន្ទាប់​ទៀត​?

593

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន​(ASEAN) បាន​ឈានចូល​អាយុ ៥០ ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ​។ ឥឡូវនេះ​ក្នុង​មជ្ឈិមវ័យ អាស៊ាន​បានសម្រេច​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ក្រោម​អាណត្តិ​ការងារ​របស់ខ្លួន​។ ជាការ​ពិត នាពេល​បច្ចុប្បន្ននេះ អាស៊ាន​ស្ទើរតែ​ជា​ឈ្មោះ​របស់​គ្រួសារ​ទៅហើយ ប៉ុន្ដែ​ជា​ឈ្មោះ​គ្រួសារ​ដែល​ប្រើ​ក្នុង​អាស៊ី​ផង និង​ក្រៅ​អាស៊ី​ផង​។​

​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៦៧ គោលដៅ​ផ្ដោត​សំខាន់​ដំបូង​របស់ អាស៊ាន គឺ​បញ្ហានយោបាយ និង​សន្ដិសុខ​។ ការផ្ដួចផ្ដើម​គំនិត​ជំរុញ ឲ្យ​មានការ​ចូលរួម​ពី​ប្រទេស​ក្នុង​តំបន់ បានរួម​ចំណែក​ជួយ​រក្សា​សន្ដិភាព និង​ស្ថិរភាព​ឲ្យ​នៅ​គង់វង្ស នៅ​អាស៊ីអាគ្នេយ៍​នេះ​។​​សមិទ្ធផល​សេដ្ឋកិច្ច​ធំជាងគេ​របស់​អាស៊ាន គឺ​ការកាត់បន្ថយ​ពន្ធគយ​។ ជា​មធ្យម រដ្ឋ​ជា​សមាជិក​ទាំង ១០ របស់​អាស៊ាន បាន​កាត់​បន្ទាត់​ពន្ធគយ​ប្រមាណ​៩៦​ភាគរយ ឲ្យ​នៅត្រឹម​សូន្យ​ភាគរយ ហើយ​គេ​រំពឹងថា ភាគរយ​នេះ នឹង​កើន​ឡើងដល់ ៩៨,៧​ភាគរយ​នៅ​ឆ្នាំក្រោយ​។​

​ដោយសារតែ​ការប្ដេជ្ញាចិត្ត​របស់​អាស៊ាន​ចំពោះ​ការអនុវត្ត​គោលការណ៍​តំបន់​ភាវូបនីយកម្ម ដែលមាន​លក្ខណៈ​បើកចំហ​រដ្ឋ​ជា​សមាជិក ដំបូងៗ បាន​ស្ម័គ្រចិត្ត​ផ្ដល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ក្នុង​ទម្រង់​ជា​ពហុភាគី ហើយ​ភាពអនុគ្រោះ​នេះ​ក៏ត្រូវ​បានផ្តល់​ដល់​រដ្ឋ ដែល​មិនមែនជា​សមាជិក​ផងដែរ​។ បច្ចុប្បន្ននេះ មាន​បន្ទាត់​ពន្ធគយ​ជាង ៩០​ភាគរយ ដែល​ផ្ដល់​អត្រា​ដូចគ្នា​ដល់​ប្រទេស​ជា​សមាជិក​ផង និង​ប្រទេស​មិនមែនជា​សមាជិក​ផង ហើយ​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​អាស៊ាន​ជាង ៧០​ភាគរយ​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​ដែល​ទទួលបាន ភាពអនុគ្រោះ​ជាងគេ​ក្នុង​អត្រាពន្ធគយ សូន្យ​។

​ប៉ុន្ដែ ផែនការ​កំណែទម្រង់​ប្រកបដោយ​មហិច្ឆតា​មួយចំនួន​របស់​អាស៊ាន គឺជា​ផែន​ការដែល​ពិបាក​នឹង​អនុវត្ត​។ ដូច្នេះ ថា​តើ​អនាគត របស់​អាស៊ាន​នឹង​ក្លាយទៅជា​បែបណា​? សំណួរ​កាន់តែ​ជាក់លាក់​ជាងនេះទៅទៀត​នោះ គឺថា​តើ​អាស៊ាន​នឹង​អាច​សម្រេច​គោលដៅ សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​របស់ខ្លួន​ដែរឬទេ​? ការលើកកម្ពស់​សមាហរណកម្ម​នៅក្នុង​តំបន់ ដែល​ពោរពេញ​ទៅដោយ​លក្ខណៈ ខុសៗ​គ្នា​បែបនេះ គឺជា​បញ្ហា​ប្រឈម​ដ៏​សែន​លំបាក​មួយ ហើយ​រឹតតែ​ពិបាក​ទៅទៀត នាពេល​បច្ចុប្បន្ននេះ ដោយសារតែ​កំណើន សម្ពាធ​ជាស​កល ដែល​តម្រូវ​ឲ្យ​ប្រទេស​នានា រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម សម្លឹង​មក​ខាងក្នុង​ប្រទេស​របស់ខ្លួន​វិញ​។ ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ពុំបាន​លេចចេញ​ជា​រូបរាង​មុន​ឆ្នាំ ២០១៥ ដូចដែល​សង្ឃឹម​ពីដំបូង​ឡើយ​។

​អាស៊ាន​បាន​ពន្យារពេល​អនុវត្ត​វិធានការ​ចំនួន​១០៥ ក្នុងចំណោម​វិធាន​ការដែល​ចាំបាច់ ចំនួន ៥០៦ និង​បាន​ពន្យារ​កាលបរិច្ឆេទ កំណត់​រហូតដល់​ឆ្នាំ ២០២៥​។ ផែនការមេ​មួយ​ត្រូវបាន​រៀបចំ​ដែលមាន​ឈ្មោះថា​ផែនការមេ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ ២០២៥ ដែល​បានទទួល​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២៧ កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៥​។ គោលបំណង​មួយ​នៃ​ផែនការ មេ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០២៥ នេះ​គឺ​ត្រូវ​បញ្ចប់​កិច្ច​ការដែល​នៅ​សេសសល់​ពាក់ព័ន្ធ​ជាមួយនឹង សមាហរណកម្ម​ថ្នាក់​តំបន់​នេះ ដូចជា ការធ្វើ សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម ព្រោះ​ជំនួស​ឲ្យ​ការបញ្ចុះ​អត្រាពន្ធគយ​ឲ្យ​នៅ​ទាប ប្រទេស​ជា​សមាជិក​បែរជា​បង្កើន វិធានការ​មិនមែន​មែន​ពន្ធគយ​ទៅវិញ ពោលគឺ​មានការ​កើនឡើង​ដល់​ទៅ​ជាង ៣ ដង ចន្លោះ​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៥​។ ការអនុវត្ត​កំណែទម្រង់​ក្នុងប្រទេស និង​ការធ្វើ​សុខដុម​នីយកម្ម​គោលនយោបាយ មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​សម្រេច​នូវ​វិបុលភាព សេដ្ឋកិច្ច​នាពេល​អនាគត របស់​អាស៊ាន​។ ប៉ុន្ដែ នេះ​គឺជា​បញ្ហា​ប្រឈម​ដ៏​លំបាក​មួយ ដោយសារតែ​ការអភិវឌ្ឍ​រវាង​ប្រទេសមួយ និង​ប្រទេសមួយ មាន​កម្រិត​ខុសគ្នា និង​ដោយសារតែ​ប្រទេស​នៅ​តំបន់​នេះ​មាន​អាទិ​ភាពខុសៗ​គ្នា ហើយ​ដែល​ពេលខ្លះ​មាន​អាទិភាព ទាំងនេះ​មាន​ទិសដៅ​ខុសៗ​គ្នា​ទៅទៀត​។ លទ្ធផល គំនិត​ផ្ដួចផ្ដើម​មួយចំនួន​ត្រូវ​ពន្យារពេល​អនុវត្ត​ដូចជា បញ្ជរ​ជាតិ​តែមួយ ដែល​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ទទួល​បានកា​រ​អនុញ្ញាត​សម្រាប់​ទំនិញ​របស់ខ្លួន ដោយ​គ្រាន់តែ​ផ្ដល់នូវ​ព័ត៌មាន​ដែល​ចាំបាច់ ទៅកាន់​ទីភ្នាក់ងារ​តែមួយ និង​ការធ្វើសមាហរណកម្ម​ទៅក្នុង​បញ្ជរ​តែមួយ​អាស៊ាន​ដែលមាន​វិសាលភាព​គ្របដណ្ដប់​ទៅលើ តំបន់​ទាំងមូល​។​

​តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ ២០២៥ នេះ មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ជំរុញ​ឲ្យ​មាន “​សេដ្ឋកិច្ច​ដែលមាន​សមាហរណកម្ម​ស៊ីជម្រៅ និង​ស៊ីសង្វាក់​គ្នា​ខ្ពស់​នៅ​អាស៊ាន​” ដូចដែល​បាន​លើក​ស្នើ​នៅក្នុង​ចក្ខុវិស័យ​របស់​អាស៊ាន​ដែរឬទេ​? ចម្លើយ​គឺ​ពឹង​អាស្រ័យទៅលើ​ថា​តើ​អាស៊ាន អាចធ្វើ​អ្វី​បន្ថែមទៀត ដើម្បី​ផ្ដល់​ជាការ​លើកទឹកចិត្ត​ឲ្យ​រដ្ឋ​ជា​សមាជិក​គោរព​ទៅតាម​របៀបវារៈ​កំណែទម្រង់​របស់ខ្លួន​នេះដែរ​ឬទេ​។​
​ខណៈពេលដែល​ផែនការមេ​ដំបូង​មាន​សសរស្ដម្ភ​ចំនួន ៤ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ ២០២៥ ដែលជា​ផែនការមេ​បន្ទាប់ មាន​គោលដៅ​ធំៗ​ចំនួន ៥ ដើម្បី​បង្កើន​សមាហរណកម្ម ការប្រកួតប្រជែង ការភ្ជាប់​ទំនាក់ទំនង បរិ​យា​ប័ន និង​សកលភាវូបនីយកម្ម​។​ ​ផែនការ​មេនេះ ផ្ដោតទៅលើ​វិស័យ​កំណែទម្រង់​ពិបាកៗ​មួយចំនួន ដូចជា ការកាត់បន្ថយ​វិធានការ​មិនមែន​ពន្ធគយ ការសម្រួល​វិធាន ប្រភពដើម ដែល​កំណត់​ពី​ទីកន្លែង​ជា​ប្រភព​របស់​ផលិតផល​អ្វីមួយ និង​ការពង្រឹង​វិធានការ​សម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត​។ លើសពីនេះ ក៏មាន​ផែនការ​ជំរុញ​ឲ្យ​មានការ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេវាកម្ម​របស់​អាស៊ាន​ថ្មី ដូចជា ការពិនិត្យ​លើ​ភាពបត់បែន ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រទេស​នៅ​អាស៊ាន អនុវត្តតាម​ការប្ដេជ្ញា​ចិត្ត​ស្របទៅតាម​អាទិភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ជាដើម​។

​ផែនការមេ​ថ្មី​នេះ ផ្ដោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​លើ​ការធ្វើ​សុខដុម​នីយកម្ម​ស្ដង់ដារ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។ លើសពីនេះ ក៏មាន​វិធានការ​សម្រាប់​បង្កើន​ផលិតភាព តាមរយៈ​ការច្នៃប្រឌិត​ថ្មី បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ការពង្រឹង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​នៅ​ថ្នាក់​តំបន់ និង​ការបង្កើន​ការចូលរួម​របស់​តំបន់​ទៅក្នុង​សង្វាក់​ផ្គត់ផ្គង់​កម្រិត​សកល​ផងដែរ​។ អាស៊ាន​មានបំណង​ចង់ បោះជំហាន​ទៅមុខ​ជាមួយនឹង​ផែនការមេ​ស្ដីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥​របស់ខ្លួន​។​ឱកាស​សម្រេច​ទៅតាម​របៀបវារៈ​នេះ​គឺ​អាស្រ័យទៅលើ​ថា​តើ អាស៊ាន​អាច​កែសម្រួល​អភិក្រមរ​បស់​ខ្លួន ដើម្បី​ពង្រឹង​បន្ថែម និង​ទុក​ឱកាស​តិចតួច​តែប៉ុណ្ណោះ​សម្រាប់​ប្រទេស ដែល​មិន​អនុលោម​ទៅតាម​របៀបវារៈ​នេះ​។ សម្រាប់​វិបុលភាព​នាពេល​អនាគត​របស់​តំបន់​នេះ វា​ជាការ​សំខាន់ ដែល​សេចក្ដីប្រកាស នាពេល​អនាគត ផែនការ​សកម្មភាព និង​ក្របខណ្ឌ​របស់​អាស៊ាន ត្រូវ​ប្រែក្លាយ​ទៅជា​សកម្ម​ភាពជា​ក់​ស្ដែង​។ ឯកសារ​ការ​មេ​ថ្មី​នេះ កំណត់​យ៉ាងច្បាស់​ពី​យន្ដការ ដើម្បី​ធានា​យ៉ាងណា​ឲ្យ​រដ្ឋ​ជា​សមាជិក​អនុលោម​ទៅតាម​អ្វីដែល​ខ្លួន​បាន​ប្ដេជ្ញា​។ ក្រុមប្រឹក្សា​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ស្ថាប័ន​បង្គោល​សម្រាប់​ពង្រឹង​ភាព​អនុលោម​នេះ ដែល​នេះ​ជាការ​ទទួលស្គាល់​ពី​ភាពចាំបាច់ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម ដូច​លើកឡើង​ខាងលើ​។

​កន្លងមក អាស៊ាន ពឹង​អាស្រ័យ​ខ្លាំង​ទៅលើ “​ការលើកទឹកចិត្ត​” (carrot) ដើម្បី​លើកទឹកចិត្ត​ឲ្យ​ប្រទេស​នានា អនុវត្ត​កំណែទម្រង់ ក៏ប៉ុន្ដែ​អាស៊ាន​ប្រហែលជា​ចាំបាច់​ត្រូវដាក់ “​ការ​រិត​បន្តឹង​” (stick) ដើម្បី​ជំរុញ​ឲ្យ​មាន​វឌ្ឍនភាព​បន្ថែមទៀត ខណៈពេលដែល​របៀបវារៈ របស់ខ្លួន​កាន់តែ​មាន​វិសាលភាព​ធំ​ទៅៗ​។ ចំណុច​ល្អ​ដែល​ត្រូវ​ចាប់ផ្ដើម អាច​ថា​ជាការ​កែសម្រួល​យន្ដការ​ដោះស្រាយ​ជម្លោះ​របស់ខ្លួន ដែល​យន្ដការ​នេះ​មិនដែល​យកមកប្រើ​ប្រាស់​សោះ ដោយសារតែ​យន្ដការ​នេះ​នឹងដាក់​ការរារាំង​មិន​ឲ្យ​មាន​ការមិន​គោរព​តាមរបៀប​វារៈ របស់​អាស៊ាន​។ ប្រសិនបើ​អាស៊ាន​អាច​ជម្នះ​បញ្ហា​ប្រឈម​នេះ​បាន អាស៊ាន​នឹង​បំពេញ​តួនាទី​ដ៏​សំខាន់ នៅក្នុង​ការធ្វើ​យ៉ាងណា ឲ្យ​សេដ្ឋកិច្ច​របស់​តំបន់​នេះ កាន់​តែមាន​វិបុលភាព បរិ​យា​ប័ន និង​កាន់តែ​អាច​ស៊ូ​ធន់​បន្ថែមទៀត​។ អាស៊ាន​ក៏​នឹង​ពង្រឹង​តួនាទី​របស់ខ្លួន ក្នុងនាម​ជា​ស្ថាប័ន​ដ៏​សំខាន់​នៅ​ថ្នាក់​តំបន់ ដែល​បន្ដ​មាន​ការវិវត្ត​ទៅមុខទៀត​យ៉ាង​ឆាប់រហ័ស​ផងដែរ​៕ ប្រែ​សម្រួលៈ​សុផល​ ដោយៈ​Jayant Menon and Anna Cassandra Melendez
​កំណត់សម្គាល់ៈ​Jayant Menon គឺជា​ប្រធាន​សេដ្ឋវិទូ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ (EACD) នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Anna Cassandra Melendez​គឺជា​ទីប្រឹក្សា​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​

Jayant Menon និង Anna Cassandra Melendez មកពី​ADB