អាស៊ីអាគ្នេយ៍​បើក​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រា​បាវ​រដូវ​កាល​ទី​៧

1080
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៨​កញ្ញា​ខាងមុខនេះ ដោយមាន​អ្នក​ប្រដាល់​កម្ពុជា​៤​រូប និង ថៃ​៤​រូប​ចូលរួម​។​

​នេះ​ជាការ​ប្រកួត​ដោយ​មិនមាន​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ គឺ​កម្ពុជា និង​ថៃ ស្ថិតនៅ​ពូ​ល​ផ្សេង​ពីគ្នា ហើយ​អ្នក​ដែល​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ នៃ​ពូ​ល​នីមួយៗ នឹង​ប្រកួត​គ្នា​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ ដោយ​អ្នក​ដណ្ដើមបាន​ខ្សែក្រវាត់ គឺមាន​រង្វាន់​អម​ចំនួន​៥.០០០​ដុល្លារ និង​ជើងឯក​រង​បាន​៣.០០០​ដុល្លារ​។​

​លោក យិន ខេមរា នាយក​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​សាធារណៈ នៃ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​៣១​សីហា​២០១៨ ឲ្យ​ដឹងថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ សម្រាប់​អ្នក​ប្រដាល់ ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​, សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​, លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក​។ ឯ​អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន​ផាត ឆា​យ៉ាក​ភូមិ​(Phat ChhayakPhum) ,​ផាត ម៉ា​ហា​(Phat Maha) ,​ផាត ងិន​ថង​ (Phat Ngenthong) និង​ផារ ថា​ណា​ (Phat Thana)​។

​លោក ហ៊ុយ សុខា នាយក​គ្រប់គ្រង​ទីផ្សារ នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ បាន​សំណូមពរ​ឲ្យ​អ្នក​ប្រដាល់​ទាំងអស់​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ឯ​អាជ្ញាកណ្ដាល និង​ចៅក្រម​ត្រូវតែ​បំពេញ​តួនាទី​ឲ្យ​បាន​យុត្តិធម៌​ដាច់ខាត​។​

​នៅក្នុង​នោះដែរ ប្រមុខ​ប្រដាល់​គុន​ខ្មែរ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​ព្រមាន​មន្ត្រី​របស់លោក​ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​វប្បធម៌​ស៊ីចុក​ជាមួយ​គ្រូ ឬ​ម្ចាស់​ក្លិប​ប្រដាល់ ដែល​សិស្ស​របស់គេ​ត្រៀម​ឡើង​ប្រកួត​នោះ​។ ការប្រកាស​លទ្ធផល នៃ​គូប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែ ត្រូវតែ​ប្រកាស​ពី​ឈ្មោះ​ចៅក្រម ដើម្បី​ឲ្យ​គេ​បានដឹងថា ចៅក្រម​ណា​ផ្ដល់​ពិន្ទុ​យ៉ាងណាៗ ព្រោះ​ការធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​អ្វីៗ​វា​កាន់តែ​ប្រសើរ​ជាង​នេះ​៕