អាហារូបករណ៍ ១ ១៥០ កន្លែង នៅ​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ នៅតែ​ទទួល​ពាក្យសុំ​

279
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង​ទទួលបន្ទុក ដេ​ប៉ា​តឺ​ម៉​ង់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​ប្រាប់​រស្មី​កម្ពុជា តាមរយៈ​ការឆ្លើយ​ឆ្លង​សារ​នៅ​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ​ថា គិត​មកដល់ពេលនេះ មាន​មនុស្ស​ច្រើន​គួរសម​ដែល​បានដាក់​ពាក្យសុំ​ប្រឡង​យក​អាហារូបករណ៍ ហើយ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់បាន​អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់​បរិញ្ញាបត្រ រយៈពេល ៤ ឆ្នាំ នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ! មិនទាន់​យឺត​ពេល​ដោយសារ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មួយ​នេះ នៅតែ​បន្ត​ទទួល​ពាក្យសុំ​ប្រឡង​ចូលរៀន​ពី​សំណាក់​សាធារណជន​នៅឡើយ


​សូមជម្រាបថា កាលពី​អំឡុង​ពាក់​កណ្តាលខែ មករា កន្លងទៅ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់​បរិញ្ញាបត្រ រយៈពេល ៤ ឆ្នាំ ចំនួន ១ ១៥០ កន្លែង ដែល​ក្នុងនោះ មាន ដូចជា មហាវិទ្យាល័យ នីតិសាស្ត្រ រដ្ឋបាល​អប់រំ អក្សរសាស្ត្រ​ខ្មែរ អក្សរសាស្ត្រ​អង់គ្លេស និង គ្រប់គ្រង​ទូទៅ ជាដើម ហើយ​លោក ព្រើ​ន សុ​វង្ស បានឱ្យដឹងថា លក្ខន្តិកៈ នៃ ការប្រឡង យក​អាហារូបករណ៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូម បាក់​ឌុប ឬ សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ គឺ​ទទួលយក​ទាំង​បេក្ខសមណៈ ( ព្រះសង្ឃ ) គ្រហស្ថ​ទាំងប្រុស ទាំងស្រី មន្ត្រីរាជការ បុគ្គលិក​ស្ថាប័ន​នានា ដោយ​មិន​គិត​កំណត់​អាយុ​ឡើយ សំខាន់​ឱ្យតែ​មាន​សញ្ញាបត្រ​ដូចដែល​លើក​ខាងដើម​នេះ ។​


​កាលបរិច្ឆេទ​នៃ​ការទទួល​ពាក្យស្នើសុំ​អាហារូបករណ៍ គឺ​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូដ​ល់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទីតាំង​ទាំង ៣ គឺ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​ភ្នំពេញ ស្ថិតនៅ​ទល់មុខ​សាល​មហោស្រព​ចតុមុខ នា​មុខ​ព្រះបរមរាជវាំង , ព្រះសីហនុ​រាជ​ខេត្ត កំពង់​ឆ្នាំ ស្ថិតនៅក្នុង​វត្ត អារ​ញ្ញិ​កា​រាម ក្រុង​កំពុងឆ្នាំង និង ព្រះសីហនុ​រាជ បាត់ដំបង ក្រុង​បាត់ដំបង​។​


​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ដ៏​មាន​វ័យ​ចំណាស់ និង កិត្តិនាម​ជាងគេ​នៅ​កម្ពុជា ហើយ​អ្នក​ដែល​សិក្សា​នៅ​ទីនោះ ក៏មាន​ទាំង​និស្សិត​ជា​គ្រហស្ថ​ប្រមាណ​ជា ៥០ ភាគរយ ។ ព័ត៌មាន​បន្ថែម​អាចទាក់ទង​តាម ទូរ​សព្ទ​លេខ ៖ ០៩២ ៩៤ ៧៧ ២២/ ០១២ ៤៨ ៧៦ ៩៨/០១៧ ៨៣ ០៥ ៤៣ ៕ Kh

លោក ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ( រូបៈ មេសា )
​សមណ​និស្សិត និង ពុទ្ធិក​សកលវិទ្យា​ល័​ព្រះសីហនុ​រាជ ( រូបៈ មេសា )