អាហារ​ប្រឆាំង​ការ​រលាក ដែល​អ្នក​គួរតែ​ញ៉ាំ​ជា​ទៀងទាត់​

1340
ចែករម្លែក

ការ​រលាក​អាច​បង្ក​ទាំង​ផល​ល្អ និង​អាក្រក់​។ ការ​រលាក គឺជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាពស៊ាំ ក្នុងការ​ឆ្លើយតប​នឹង​ការ​របួស ការ​រលាក ឬ​ការបង្ក​រោគ​។ វា​គឺជា​ការឆ្លើយតប​ធម្មតា​មួយ ដែលជា​រឿង​ល្អ ហើយក៏​ជា​របៀប​ធ្វើ​ឲ្យ​របួស​ជា​តាមបែប​ធម្មជាតិ​ដែរ​។ ប៉ុន្តែ​ការ​រលាក រ៉ាំរ៉ៃ​វិញ អាច​នាំ​ឲ្យ​មាន​ជំងឺ​និង​ឡើង​ទម្ងន់​បាន​។ មាន​អាហារ​ខ្លះ​អាចជួយ​ប្រឆាំង​ការ​រលា​កបាន ដូច្នេះ​តើ​វា​មាន​អាហារ​អ្វី​ខ្លះទៅ​?

​ផ្លែ​អាល​ម៉ុ​ន​
​ផ្លែ​អាល​ម៉ុ​ន​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​ជាតិ​ខ្លាញ់ Monounsaturated Fats ដែល​ស្រដៀង​គ្នា នឹង​ប្រេង​អូ​លីវ ម៉​ង​ហ្គា​ណេ​ស និង​វីតាមីន E ដែរ​។ ក្រៅពីនេះ វា​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ ប្រូតេអ៊ីន​រុក្ខជាតិ និង​ម៉ាញ៉េ​ស្យូ​ម​។ ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែ​អាល​ម៉ុ​ន​មាន ជាប់ទាក់ទង​នឹង​ការថយចុះ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដោយសារតែ​ជាតិ​ខ្លាញ់ ក្នុង​ឈាម​ល្អ ហើយក៏​បន្ថយ​ការ​រលាក​ក្នុង​ខ្លួន​ថែមទៀត​។

​ផ្លែ​បឺ​រ​
​ផ្លែ​បឺ​រ​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់ Monounsaturated Fats ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង ប្រភព​ដ៏​ឆ្លាត​វៃ​នៃ​ជាតិ​សរសៃ ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម និង​មាន​ជាតិ​សូ​ដ្យូ​ម​ទាប​ទៀត​។ ការ​ញ៉ាំ​ផ្លែ​បឺ​រក​ន្លះ​ផ្លែ​ក៏​ជួយ​ឲ្យ​អ្នកទទួលបាន​វីតាមីន A, C, E និង​B កំ​ផ្លេ​ច​ប្រចាំថ្ងៃ​ដែរ​។ ការ​ផ្សំ​ចូលគ្នា​នៃ​សារធាតុ Polyphenols និង​ជីវជាតិ​ជាច្រើន ធ្វើការ​ជា​អង់​ទី​អុកស៊ីដ​ង់ នឹងធ្វើ​ឲ្យ​ផ្លែ​បឺ​រ​នេះ​ក្លាយទៅជា​របប​អាហារ​ប្រឆាំង​ការ​រលាក​បាន​យ៉ាង​ល្អ​។

​ត្រី​សម្បូរ​ខ្លាញ់​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែលមាន​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុ​ន ឬ​ធូ​ណា អាចជួយ​បន្ថយ​ចំនួន​សារធាតុ​បង្ក​ការ​រលា​កបាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ហើយក៏​បង្កើន​សុខភាព​បេះដូង និង​ខួរក្បាល​ដែរ​។ ក្រៅពីនេះ ត្រី​សម្បូរ​ខ្លាញ់​មាន​វីតាមីន B ច្រើន ក្នុង​ការជួយ​បំ​លែង​អាហារ​ទៅជា​ថាមពល និង​ជួសជុល​ដល់ DNA ក្នុង​ខ្លួន​ទៀត​។​

​ខ្ញី​
​ខ្ញី​គឺជា​អាហារ​មួយ​ប្រភេទ ដែល​អាចជួយ​ប្រឆាំង​ការ​រលាក​បាន​តាមរយៈ​ការបញ្ឈប់ រាងកាយ​កុំ​ឲ្យ​ផលិត​សារធាតុ Cytokines ដែលជា​ប្រូតេអ៊ីន​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​។ ខ្ញី​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​វិធី​ព្យាបាល​លើ​ការ​ចង្អោ និង​ឈឺក្រពះ​ដែរ​។ តាម​ការសិក្សា បាន​បង្ហាញថា ខ្ញី​ប្រហែល​ជួយ​សម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។

​បន្លែ​ពណ៌​បៃតង​
​បន្លែ​ពណ៌​បៃតង​គ្រប់​ប្រភេទ ជាពិសេស​ស្ពៃ​ស្ពី​ណា​ច​គឺ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ដែល​អាចជួយ​ស្តារ​សុខភាព​កោសិកា និង​សារធាតុ Flavonoids ប្រឆាំង​ការ​រលាក ថែមទៀត​។ បន្លែ​ពណ៌​បៃតង​ផ្តល់នូវ​ជាតិ​រ៉ែ និង​វីតាមីន​យ៉ាងច្រើន ហើយ​វា​ក៏​ជួយ ការពារ​ខួរក្បាល​ពី​ការធ្វើ​អុកស៊ីតកម្ម​ថែម​ទៀតផង​។

​ផ្លែក្រូច​
​ផ្លែក្រូច​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C កាលស្យូម ជាតិ​សរសៃ និង​Folate​។ Folate និង​ជាតិ​សរសៃ​ក្នុង​ផ្លែក្រូច​ប្រហែលជា​ជួយ​ដល់​សុខភាព​បេះដូង​។ វីតាមីន C គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ឲ្យ​ជាលិកា​ត​ភ្ជាប់​រឹងមាំ​បង្កើន​មុខងារ ប្រព័ន្ធ​ភាពស៊ាំ និង​សុខភាព​សរសៃឈាម​៕ ដោយ​: health.com.kh