អាហារ​ព្យាបាល​ប្រភេទ​ថ្មី ធ្វើ​ពី​ត្រី សម្រាប់​ព្យាបាល​កុមារ​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​

649
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​
​ភ្នំពេញៈ​នំ​បំពង់​ធ្វើ​ពី​ត្រី​ឈ្មោះថា​នូ​ទ្រី​ក (Nutrix) ត្រូវបាន​ផលិត រួមគ្នា​ដោយ​យូ​នី​សេ​ហ្វ ,​វិទ្យាស្ថាន​ស្រាវជ្រាវ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (IRD) សកល​វិទ្យាល័យ​កូ​ផេ​ន​ហេ​ហ្គិ​ន (Copenhagen University (CU)) និង​ក្រុមហ៊ុន Danish Care Foods (DCF) ដា​ណឺ​ម៉ាក សហកា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​របស់​កុមារ​។​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​២​នៅក្នុង​តំបន់​ដែល​កំពុង​ផលិត​ដោយ​ខ្លួនឯង​នូវ​អាហារ​សម្រាប់​ព្យាបាល​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​នេះ​”​។​នេះ​បើ​យោ​ងា​តាម​សេចក្តីប្រកាស​រួម​នៅ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ទីតាំង​ផលិត​នំ​នូ​ទ្រី​ក​ក្នុង​រាជធានី​ភ្នំពេញ ដៃគូ​ទាំងអស់ បានប្រកាសថា នំ​សម្រាប់​ព្យាបាល​ដែល​ផលិត​សម្រាប់​ញ៉ាំ​បាន​ភ្លាមៗ​នេះ នឹងត្រូវ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​កម្ពុជា​។​

​ក្នុង​សេចក្តីប្រកាស​រួម​បាន​ស្រង់​សម្តី​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​មានប្រសាសន៍ថា “​ការប្រកាស​ចាប់ផ្តើម​ផលិត​អាហារ​ព្យាបាល​ក្នុងស្រុក​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ គឺជា​ការបោះ​ជំហាន​មួយ​ដ៏​សំខាន់ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ព្យាបាល​កុមារ​យ៉ាងហោចណាស់​ឲ្យ​បាន ២៥.០០០ នាក់​ក្នុង​មួយឆ្នាំ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​”​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា “​ការចាប់ផ្តើម​ផលិត​អាហារ​ព្យាបាល​នេះ នឹង​ជួយ​ធានាឱ្យមាន​ផលិតផល​ក្នុងស្រុក សម្រាប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ​។​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ មាន​ដៃគូ​ជាច្រើន​បាន​ជួយ​យើង​ក្នុងការ​អភិវឌ្ឍ​ផលិតផល​នេះ ហើយ​យើង​សង្ឃឹមថា ភាពជា​ដៃគូ​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​យើង​អាច​ពង្រីក​ការព្យាបាល​បន្ថែមទៀត ដល់​កុមារ​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​”​។​

​ប្រភព​អង្គការ​យូ​នី​សេ​ហ្វ​-​កម្ពុជា បានបង្ហាញ​ថា​នៅ​កម្ពុជា មាន​កុមារ​ប្រមាណ ២,៦ ភាគរយ ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​កំពុងមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ​។ ដើម្បី​ព្យាបាល​ដល់​កុមារ​ទាំងនេះ អាហារ​ព្យាបាល​ដែល​អាច​ញ៉ាំ​បាន​ភ្លាមៗ ត្រូវបាន​ផ្តល់​ឲ្យ​កុមារ​យកទៅ​ញ៉ាំ​នៅតាម​ផ្ទះ ហើយ​ប្រសិនបើ​ពុំមាន​អាហារ​បែបនេះ​ទេ កុមារ​ជាច្រើន​នាក់​ប្រហែលជា​ចាំបាច់​ត្រូវ​នៅ​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ​ការស្រាវជ្រាវ​បង្ហាញថា កុមារ​ដែល​ត្រូវការ​ការព្យាបាល​អា​ចទ​ទួលបាន​អាហារ​ព្យាបាល​នេះ​នៅក្នុង​កម្រិត​មួយ​ទាប​ប៉ុណ្ណោះ​ពី​ស្ថាប័ន​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី វី​វៀន​ណា ប៊េ​ល​ម៉ុង​តេ (Wivina Belmonte) នាយក​ស្តីទី​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​មានប្រសាសន៍ថា “​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក មាន​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ ជាង​ប្រាំ​លាន​នាក់ កំពុង​រងគ្រោះ​ពី បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ជា​រៀងរាល់ឆ្នាំ ហើយ​វា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែលនាំឱ្យ​កុមារ​អាយុ​ក្រោម​ប្រាំ ឆ្នាំមាន​ការបាត់​បង់ជីវិត​។ ការបញ្ចប់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ គឺជា​រឿង​ដ៏​ពិបាក​មួយ ដែល​ទាមទារ​ឱ្យមាន​ឆន្ទៈ​សង្គម និង​នយោបាយ​។ យើង​សូម​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការផ្តល់​អាទិភាព​ដល់​ការឆ្លើយតប​នឹង​បញ្ហា​នេះ ដោយ​ពង្រឹង​នូវ​សេវា​ព្យាបាល​នៅ​គ្រប់​បរិបទ​ទាំងអស់​។ ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​២​នៅក្នុង​តំបន់​ដែល​កំពុង​ផលិត​ដោយ​ខ្លួនឯង​នូវ​អាហារ​សម្រាប់​ព្យាបាល​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​នេះ​”​។​

​រាជរដ្ឋាភិបាល​កម្ពុជា អាច​ផ្តល់​នំ​ត្រី​នូ​ទ្រី​ក (Nutrix) ដែលជា​អាហារ​ព្យាបាល​បែប​អាហារសម្រន់ និង​មានតម្លៃ​សមរម្យ​នេះ សម្រាប់​ព្យាបាល​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ដែល​កំពុងមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​នៅតាម​សហគមន៍ ដាច់ស្រយាល និង​សហគមន៍​ក្រីក្រ តាមរយៈ​មណ្ឌល​សុខភាព​មូលដ្ឋាន​។ នៅ​កម្ពុជា​គេ​ប៉ាន់ប្រមាណ​ថា មាន​កុមារ​ចន្លោះ​ពី ៦០.០០០ ដល់ ៩០.០០០ នាក់​ក្នុង​១​ឆ្នាំៗ ត្រូវការ​ការព្យាបាល​ពិសេស ដូចជា​ការព្យាបាល​តាម​រយៈ​អាហារ​ព្យាបាល​បែបនេះ​ជាដើម​។​
​អាហារ​ព្យាបាល​ល្បីឈ្មោះ​ប្រើប្រាស់​បាន​ភ្លាមៗ​ជាច្រើន ដែល​ផលិត​ពី​សណ្តែកដី និង​ផលិតផល​ទឹកដោះគោ ជាទូទៅ​ត្រូវបាន​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ប៉ុន្តែ សម្រាប់​គ្រឿងផ្សំ​របស់​នំ​នូ​ទ្រី​ក​នេះ គឺអាច​រកបាន​នៅក្នុង​ស្រុក ដែលនាំឱ្យ​ការផលិត​នំ​ព្យាបាល​នេះ មានតម្លៃ​ថោក​ជាង​ការនាំ​ចូល ២០​ភាគរយ​។​

​បណ្ឌិត ហ្វ្រេ​ង វៀ​រីង​ហ្កា (Frank Wieringa) នៃ IRD ដែលជា​ស្ថាប័ន​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ CU និង DCF ក្នុងការ​អភិវឌ្ឍ​នំ​នូ​ទ្រី​ក​នេះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ បាន​មានប្រសាសន៍ថា “​តាមរយៈ​ការប្រើប្រាស់​នំ​ដែល​បាន​កែសម្រួល​ឲ្យ​ស្របទៅនឹង​រសជាតិ និង​ចំណង់​ចំណូលចិត្ត​របស់​ពលរ​ដ្ឋ​ក្នុងស្រុក យើង​អាច​សម្រេចបាន​នូវ​លទ្ធផល​ពិតប្រាកដ​មួយ​ឆ្លើយតប​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។ នេះ​ជា​រឿង​ដែល​សំខាន់ ព្រោះថា​ក្រៅតែពី​កុមារ ២,៦ ភាគរយ​ដែលមាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាល់​ធ្ងន់ធ្ងរ ក៏​នៅមាន​កុមារ ៨​ភាគរយ ដទៃទៀត កំពុង​ជួបប្រទះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​កម្រិត​មធ្យម​ផងដែរ ដែល​នេះ​គឺជា​តួលេខ​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ នំ​នូ​ទ្រី​ក ក៏​អាច​ផ្តល់​ជា​ឧទាហរណ៍​ដល់​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​ផងដែរ ដោយសារ​មិនមែន​តែ​កម្ពុជា​ទេ​នៅ​អាស៊ីអាគ្នេយ៍ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមា​រលើ​កុមារ ក្នុង​ប្រេ​វ៉ាឡង់​មួយ​ដ៏​ខ្ពស់​បែបនេះ​”​។​
​ក្រោម​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល អង្គការ​យូ​នី​សេ​ហ្វ បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Danish Care Foods ដែលជា​ក្រុមហ៊ុន​ឯកជន​ផលិត​នំ​នូ​ទ្រី​ក​នេះ ក្នុង​ទីក្រុង​ភ្នំពេញ​។​

​លោក លីន​ដុន ផូ​ល (Lyndon Paul) នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Danish Care Foods មានប្រសាសន៍ថា “​វា​ជាការ​លើកទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​យើង ដែល​ឃើញថា ដៃគូ​យ៉ាងច្រើន​សហការគ្នា​ផលិត​នំ​សម្រាប់​ព្យាបាល​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​នេះ​។ Danish Care Foods គឺជា​សហគ្រាស​សង្គម ដែល​ថវិកា​របស់ខ្លួន​មានកំណត់ ហើយ​យើង​ភ្ញាក់ផ្អើល​ចំពោះ​គម្រោង​ផលិត​នំ​នូ​ទ្រី​ក​ដ៏​តូច​មួយ​នេះ ដែល​ចាប់ផ្តើម​កាលពី​ប្រាំ​ឆ្នាំមុន នឹង​អាច​យកទៅ​ព្យាបាល​កុមារ​យ៉ាងច្រើន​នាក់​ក្នុងពេល​ឆាប់ៗ​នេះ​។
​ជាមួយនឹង​ថវិកា​ក្នុង​បរិមាណ​ដូចគ្នា​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាច​ផ្តល់​ការព្យាបាល​ដល់​កុមារ ២០​ភាគរយ បន្ថែមទៀត ដោយសារ​លទ្ធកម្ម​នៃ​ផលិតផល​ព្យាបាល​នេះ​ចំណាយ​អស់​តិចតួច​ជាង​មុន​។​”
​តាម​ប្រភព​សេចក្តីប្រកាស​បានបញ្ជាក់​ថា​នំ​នូ​ទ្រី​ក (Nutrix) ត្រូវ​ផលិត​ទ្បើង​ដោយ​តម្រូវ​ទៅតាម​រសជាតិ​ដែល​កុមារ​កម្ពុជា​ចូលចិត្ត ដើម្បី​បង្កើន​ភាព​អាច​ទទួលយកបាន​ក្នុង​ការទទួល​ការព្យាបាល និង​ការបន្ត​ទទួល​ការព្យាបាល​។ បុគ្គលិក​សុខាភិបាល​ជួប​ជាមួយ​កុមារ​ដែល​ទទួលបាន​នំ​សម្រាប់​ព្យាបាល​ប្រភេទ​ថ្មី​នេះ​ជា​រៀងរាល់ខែ ដើម្បី​តាមដាន​ការអភិវឌ្ឍ និង​ការលូតលាស់​របស់​ពួកគេ​។
​ជាមួយ​ការគាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ ចំនួន​កុមារ​ទទួលបាន​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ចំនួន​៣៦ និង​មណ្ឌល​សុខភាព​ជាង​១០០ កន្លែង​ទូទាំងប្រទេស បាន​កើនឡើង​ពី ១.៦០៤ នាក់​ក្នុង​ឆ្នាំ​២០១១ ដល់ ៥.៥៧៦ នាក់​ក្នុង​ឆ្នាំ ២០១៧​។ កុមារ​កាន់តែច្រើន​នាក់​នៅ​កម្ពុជា អាច​ទទួលបាន​ការព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួចស្រាវ​ធ្ងន់ធ្ងរ​របស់​ពួកគេ តាមរយៈ​នំ​នូ​ទ្រី​ក​នេះ​៕ ល​