អាហារ​អ្វីខ្លះ​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​?

383
ចែករម្លែក

ប៉ូ​តា​ស្យូ​ម គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​គ្រប់គ្រង​អេ​ឡិច​ត្រូ​លីត្រ សារធាតុ​រាវ សម្ពាធ​ឈាម ភាព​រួញ​នៃ​សាច់ដុំ ការ​កន្ត្រាក់​នៃ​សាច់ដុំ និង​តុល្យភាព នៃ​ជាតិ​រ៉ែ​ក្នុង​រាងកាយ​។ ដូច្នេះ​ការរក្សាបាន​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​គ្រប់គ្រាន់​ចាំបាច់​ណាស់ ដើម្បី​ចៀសផុត​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។ អត្ថបទ​ថ្ងៃនេះ​នឹង​បង្ហាញ​ឱ្យ ដឹង​ពី​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ៖

១. ផ្លែ​បឺ​រ​
ក្រៅពី​ជាតិ​ប៉ូ​តា​ស្យូ​ម ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម ជាតិ​រ៉ែ វីតាមីន ដែល​ចាំបាច់​សម្រាប់​រក្សាបាន​នូវ​សុខភាព​រឹងមាំ​ប្រសើរ​ផងដែរ​។​

២. ផ្លែ​ចេក​
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ចេក​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ចេក​ក៏​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​ដែល​អាច ផ្ដល់ឱ្យ​រាងកាយ​នូវ​ថាមពល​បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ ក្រៅពី​ប៉ូ​តា​ស្យូ​ម​និង ថាមពល ចេក​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B6 វីតាមីន C និង​ជាតិ​ស​សៃ​។​

៣. សណ្ដែក​
សណ្ដែក​ក៏​ជា​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅ​ប៉ូ​តា​ស្យូ​ម​គួរឱ្យកត់សម្គាល់​។ ក្រៅពី​ផ្ដល់ ជាតិ​ប៉ូ​តា​ស្យូ​ម ការ​ទទួលទាន​សណ្ដែក គឺ​ល្អ​សម្រាប់​សុខភាព​បេះដូង​តាមរយៈ បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ដែល​វា​មាន​ផ្ទុក​។​

៤. ទឹកដូង​
ទឹកដូង​ត្រឹម​តែមួយ​ពែង​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ ៦០០ មី​លី​ក្រាម​ឯណោះ​។ អ្វីដែល​សំខាន់​នោះ គឺ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​កាឡូរី ឬ​ជាតិ​ស្ករ​ទាប​។​

៥. ត្រី​
ត្រីភាគ​ច្រើន​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ប៉ូ​តា​ស្យូ​ម​ចាំបាច់​ប្រចាំថ្ងៃ​យ៉ាងហោចណាស់ ១០ ភាគរយ​។ ត្រី​ក៏​ជា​ប្រភព​នៃ​វីតាមីន D និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣​ល្អ​ចំពោះ សុខភាព​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ត្រី​ក្នុង​របប​អាហារ​៕ ដោយៈ​health.com.kh

#