អាហារ​៤​មុខ​ដ៏​សំខាន់ សម្រាប់​ជនជាតិ​ចិន ត្រៀម​សែន​បុណ្យចូលឆ្នាំថ្មី​

1122
ចែករម្លែក
  • 1.6K
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ខណៈពេល​បុណ្យចូលឆ្នាំ​ចិន​ជិត​ឈានចូល​មកដល់ ហើយ​ថ្ងៃ​សែន​នឹងត្រូវ​ធ្វើឡើង នា​ថ្ងៃ​ចន្ទ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បើតាម​ទំនៀមទម្លាប់​ជនជាតិ​ចិន​ហើយ​ពួកគេ​តែង​ត្រៀម​អាហារ​៤​មុខ​យ៉ាងសំខាន់ សម្រាប់​ដាក់​សែន​ជីដូន​ជីតា ដែល​ក្នុងនោះ រួមមាន​ទី​១​ត្រី ទី​២​មី ទី​៣​នំ​ពង​ទា និង​ទី​៤​កៀវ​។​

​បើតាម​ការឱ្យ​ដឹង​រប​ស់លោក​បណ្ឌិត ជា មុនី​ឫទ្ធី ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ការ​សែន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​របស់​ជនជាតិ​ចិន ពិសេស​ចំណីអាហារ​មួយចំនួន​បាន​បញ្ចាក់​ពី​អត្ថន័យ​ផ្សេងៗ ក្នុងនោះ មាន​ទាំង​ជោគ​សំណាង ការនាំមក​នូវ​ទ្រព្យសម្បត្តិ ប្រាក់កាស​ហូរ​ចូល និង​អាយុ​យឺនយូរ​។​ល​។​

​ទោះបីយ៉ាងណា​លោក​បានឱ្យដឹង​ដែរ​ថា ចំពោះ​ការ​សែន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដែល​ជន​ជាតិចិន​ភាគច្រើន​បាន​យល់ ហើយ​មិនអាច​អាក់ខាន​បាន​នោះ​គឺ​អាហារ​៤​មុខ រួមមាន ត្រី មី នំ​ពង​ទា​និង​កៀវ​។ ដោយ​ក្នុង​អាហារ​ទាំងនេះ​បញ្ជាក់​ពី​ជោគ​សំណាង អាយុ​យ៉ឺ​ន​យូរ រកស៊ី​មានបាន​ជាដើម​។​

​លោក​បាន​បញ្ចាក់​ជុំវិញ​បញ្ហា​នេះ​ថា “​អាហារ​ទាំង​៤​មុខ​នេះ​ជន​ជាតិចិន​ភាគច្រើន​បាន​ត្រៀម​ទិញ​ទុក​សម្រាប់​ថ្ងៃ​សែន​បុណ្យចូលឆ្នាំថ្មី​។ សម្រាប់​អាហារ​ផ្សេងទៀត​គ្រាន់​ជា​រឿង​បន្ទាប់បន្សំ ហើយ​ខ្លះ​តាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ប៉ុណ្ណោះ​”​។​

​ដោយឡែក​បើ​យោងតាម​ឯកសារ​របស់​ជនជាតិ​ចិន​វិញ បានបង្ហាញ​ពី​ទំនៀមទម្លាប់​ជ្រើសរើស​អាហារ​យកមក​សែ​ន​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ដែលមាន​អត្ថន័យ​សំខាន់ៗ​ដូចជា​៖

​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​មានការ​សែន​២​យ៉ាង គឺ​ការ​សែន​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ការ​សែន​ជីដូន​ជីតា​(​កុងម៉ា​)​។​

​ដោយឡែក​សម្រាប់​អាហារ​សំណែន​ក៏ត្រូវ​បាន​គេ​ធ្វើការ​បែងចែក​ដាច់ពីគ្នា​ដែរ​គឺ​៖

​សំណែន​សម្រាប់​ម្ចាស់​ទឹក​ម្ចាស់​ដី​
ច្រើនតែ​របស់​បង្អាប​ដូ​ច​ជាមាន់​ទា​ជ្រូក ត្រី​។​សម្រាប់​បរិមាណ​របស់​សំណែន​តិច​ឬ​ច្រើន​អាស្រ័យទៅលើ​សមត្ថភាពរ​បស់​គ្រួសារ​នីមួយៗ​ប៉ុណ្ណោះ​។​សម្រាប់​ធូប​ដែល​អុជ​ត្រង់​ម្ចាស់​ទឹក​ម្ចាស់​ដី​ឬ​ចិន​ហៅថា ទី​ជុ​យ​អៀ​គេ​ដុត​ចំនួន​៥​សរសៃ ចំណែក​ត្រង់​ទេវតា​ចង្ក្រាន​គេ​អុជ ៣ សរសៃ​និង​ទេវតា​មុខផ្ទះ​គេ​អុជ​ចំនួន​៣​សរសៃ​ដូចគ្នា​។​ក្រៅពីនេះ​គេ​ក៏​ដាក់​ក្រដាស​មាស ក្រដាសប្រាក់​សែន​ផងដែរ​។​សម្រាប់​របស់​សំណែន​ទាំងបី​កន្លែង​នេះ​ក្រៅពី មាន់ ទា សាច់ជ្រូក ហើយ​គេ​ក៏​ដាក់​សែន​នូវ​ផ្លែឈើ​ដូចជា​នំ​ពង​ទា​ក្រូច ចេក​មួយ​ស្និត ផ្លែ​ប៉ោម ទំពាំងបាយជូ ផ្លែ​ជំ​ពូ និង ផ្លែ ទម្លាប់ ជាដើម​។​ដោយឡែក​គ្រឿង​ភេ​ស​ជ្ជះ​ដូចជា​ទឹកតែ ស្រា​បៀ ស្រា ក៏​អាចដាក់​សែន​បាន​ផងដែរ​។​
សម្រាប់​សំណែន​ដ៏​ល្អ​របស់​ម្ចាស់​ទឹក​ម្ចាស់​ដី​ក្នុងនេះ​ដូចជា​គ្រឿង​ចំអាប ៣​មុខ នំ​៣​មុខ និង​ផ្លែឈើ​បី​មុខ​។​

​របស់​សំណែន​ជីដូន​ជីតា​
​អាហារ​សំខាន់​មាន​បង្អាប​ដូចជា សាច់ជ្រូក ជ្រូក​ខ្វៃ មាន់ ថ្លើម​និង ត្រី ។​ចំណែក​បរិមាណ​តិច​ច្រើន​អាស្រ័យ​លទ្ធភាព​របស់​គ្រួសារ​នីមួយៗ​ប៉ុណ្ណោះ​។​

​ក្រៅពីនេះ​ក៏មាន​ការ​សែន​របស់​សំខាន់​មួយចំនួនទៀត​ដូចជា​នំ​ពង​ទា នំគូឆាយ នំ​ប៉ាវ ពិសេស​ពណ៌​ក្រហម ។​ចំពោះ​ផ្លែឈើ​មានដូចជា​ក្រូច ចេក​ទាំង​ស្និត ទំពាំងបាយជូ ផ្លែ​ប៉ោម ជំ​ពូ​និង​ទម្លាប់​។​សម្រាប់​គ្រឿង​ភេ​ស​ជ្ជះ​មានដូចជា​ទឹកតែ ស្រា ទឺ​ក​ក្រូច ស្រា​បៀ ជាដើម​។​ក្រៅពីនេះ​គេ​ក៏​អាចដាក់​សែន​សម្លរ បាយ​ទឺ​ក​ថែមទៀត​កាន់តែ​ប្រសើរ​។​

​ក្រៅពីនេះ​ក៏ត្រូវ​សែនក្រ​ដាស​មាស ក្រដាសប្រាក់​។​សែន​ជីន​ដូន​ជីតា​នេះដែរ​ត្រូវ​អូ​ជ​ធូប​ចំនួន​បី​សរសៃ​។​
​ត្រូវ​ចងចាំ​ដែរ​ថា​សម្រាប់​សំណែន​ជីដូន​ជីតា​យក​ល្អ​បង្អាប​ត្រូវមាន​៣​មុខ​នំ​៣​មុខ និង​ផ្លែឈើ​៣​មុខ​។

​អត្ថន័យ​អាហារ​សំណែន​នានា​សម្រាប់​បុណ្យចូលឆ្នាំ​ចិន​មានដូចជា​

  • សាច់ជ្រូក មានន័យ​ដល់​ភាព​ស្ថិតស្ថេរ​គង់វង្ស ហើយ​សម្រាប់​ភាពធាត់​របស់​ជ្រូក​ក៏មាន​ន័យ​ដល់​ការ​ស៊ី​ស្រួល​ដេក​ស្រួល​ដែរ​។​
    -​មាន់ បញ្ជាក់​ដល់​របស់​មាន​មង្គល​២​បែប​គឺ សេ​មាន់​បញ្ជាក់​ដល់​ជាមួយ​ព្រះ​នាង​ម្ចាស់​ដែលមាន​ន័យ​ដល់​របស់​មង្គល និង​ពណ៌​ក្រហម​របស់​សេ​មាន់ ក៏​បញ្ជាក់​ដល់​ភាព​លូតលាស់​ឈានទៅ​មុខ នៃ​តួនាទី​ការងារ​។ ដោយឡែក​ចំពោះ​ការ​រងាវ​ទៀងពេល​វេលា​រៀងរាល់​ព្រឹក​របស់​មាន់ ក៏​បញ្ជាក់​ពី​ភាព​យល់ដឹង​ពី​ការងារ​។​
    -​ថ្លើម ក្នុង​ភាសា​ចិន​ដែល​បញ្ចេញ​សម្លេង​ថា​”​គួ​”​ដែល​មានន័យ​ទៅដល់​មន្ត្រី​ហេតុនេះហើយ ទើប​គេ​ចូលចិត្ត​សែន​ប្រភេទ​ថ្លើម​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។​
    -​ត្រី បញ្ជាក់​ពី​ភាពសំបូរ​សប្បាយ​ក្នុងការ​ហូបចុក​ហើយ​ការ​សែន​ត្រី​ក៏​បញ្ជាក់​ពី​ភាពសំបូរ​ប្រាក់កាស​សល់​ហួស​ពី​ការចាយវាយ​។​
    -​បង្គារ បញ្ជាក់​ពី​អំណាច​វាសនា​។​
    -​មឹក ស្ងួត​បញ្ជាក់​ដល់​ពី​ភាព​មានចំណេះដឹង ហើយ​វា​ប្រៀបដូចជា​ការជូន​ពរ​ឱ្យ​រៀន​បាន​ខ្ពង់ខ្ពស់​ជា​បណ្ឌិត​ឬ​អ្នកមានចំណេះដឹង​។​
    -​ក្រូច​ជា​ផ្លែឈើ​មិនអាច​ខ្វះ​បា​ទេ​ដែល​វា​បញ្ជាក់​ពី​ជោគវាសនា​។​
    -​ចេក​មាន​អត្ថន័យ​ដល់​ទាញ​ជោគ​លាភ​ចូល​ផ្ទះ​និង​ពិសេស​ឱ្យមាន​កូនចៅ​ពេញ​ផ្ទះ​។​
    -​ផ្លែ​ប៉ោម មានន័យ​ទៅដល់ ជោគ​ល្អ​មាន​សេចក្តីសុខ និង​សុខភាព​រឹងមាំ​។​
    -​សារី មានន័យ​ទៅដល់​ប្រាក់កាស​ហូរ​ចូល​ឬ​ចាក់គរ​។​
    -​ទំពាំងបាយជូ មានន័យ​ទៅដល់​ភាពស្រស់ស្អាត​។​
    -​ម្នាស់ ដែលមាន​ពណ៌​ក្រហម​នោះ​ត្រូវបាន​ជន​ជាតិចិន​ចាត់ទុកថា​ជា​ពណ៌​នាំ​ជោគ​លាភ​និង​នាំ​សិរី​មង្គល​ចូល​ផ្ទះ​។​
    -​នំគម មានន័យ​ទៅដល់​ពន្លឺ​ភ្លឺ​ថ្លា​និង​មាន​ភាពរុងរឿង​។​
    -​នំ​ប៉ាវ មានន័យ​ទៅដល់​ខ្ចប់​ជោគ​ខ្ចប់​លាភ​។​
    -​នំអាកោ មានន័យ​ទៅដល់​ភាព​ចម្រើន​រុងរឿង និង​រកស៊ី​មានបាន​។​
    -​នំ​ពង​ទា មានន័យ​ដល់​ភាពរុងរឿង​និង​រកស៊ី​រីកចម្រើន​លូតលាស់​ជាដើម​៕ ល​