អា​ណុល ហៅ​ត្រាំ​ថា “​មនុស្ស​ឆ្កួត​” ដែល​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​

734
ចែករម្លែក

​លោក អា​ណុល ស្វា​ហ្សេ​ណេ​ហ្គ័​រ បាន​និយាយថា គាត់​បន់​ឱ្យ​គាត់​អាច​វិលត្រឡប់​ទៅរក​ពេលដែល​គាត់​នៅ​សម្តែង​ក្នុង​រឿង “The Terminator” ដូច្នេះ​ទើប​គាត់​អាច​បញ្ឈប់​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​

​តារា​សម្តែង​និង​ជា​អតីត​អភិបាលរដ្ឋ​កាលីហ្វ័រ​ញ៉ា​រូបនេះ​បាន​និយាយ​នៅឯ​ការចាប់ផ្តើម​សន្និសីទ​ស្តីពី​អាកាសធាតុ​របស់​អ​.​ស​.​ប​នៅ​ប៉ូឡូញ យ៉ាង​ដូច្នេះ “​ប្រសិនបើ​យើង​មិនបាន​ចាប់ផ្តើម​ក្នុងទិសដៅ​ដូច្នេះ និង​ប្រើ​បច្ចេកវិជ្ជា​ផ្សេង នោះ​យើង​នឹង​កាន់តែ​ល្អប្រសើរ​”​។​

​លោក​បាន​ប្រាប់​គណៈប្រតិភូ​នៅ​សន្និសីទ​ថា “​អំពើអាក្រក់​ធំជាងគេ​គឺ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។ វា​គឺ​ធ្យូងថ្ម វា​គឺ​ប្រេងសាំង វា​គឺ​ឧស្ម័ន​ធម្មជាតិ​”​។​

​លោក​ស្វា​ហ្សេ​ណេ​ហ្គ័​រ​ក៏បាន​ទទូច​ផងដែរ​ថា​សហរដ្ឋអាមេរិក​នៅតែ​ស្ថិតនៅក្នុង “​កិច្ចព្រមព្រៀង​អន្តរជាតិ​” ដើម្បី​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី ទោះបីជា​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ក៏ដោយ​។​

​ដោយ​ហៅ​ត្រាំ​ថា “​មនុស្ស​ឆ្កួត​” ដែល​បោះបង់​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ស្វា​ហ្សេ​ណេ​ហ្គ័​រ​បាន​និយាយថា កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ឆ្នាំ ២០១៥ មានការ​គាំទ្រ​ទូលំទូលាយ​នៅ​កម្រិត​តំបន់​និង​រដ្ឋ បើទោះបីជា​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​មិន​គាំទ្រ​ក៏ដោយ​។

​លោក​បាន​ប្រាប់​ទស្សនិកជន​នៅ​ប៉ូឡូញ​ថា បណ្តា​រដ្ឋ ទីក្រុង ក្រុមហ៊ុន និង​ពលរដ្ឋ​របស់​អាមេរិក​អាចជួយ​បាន​ច្រើន​ដើម្បី​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី ហើយ​អ្នកតំណាង​មកពី​តំបន់​ទាំងនោះ​គួរតែ​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ​នៅពេល​ក្រោយ​៕ ដោយ៖ កញ្ញាដាលីស

ស្វា​ហ្សេ​ណេ​ហ្គ័​រ​ហៅ​ត្រាំ​ថា​ឆ្កួត​ដែល​បោះបង់​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ