អា​បេ​គ្រោង​នឹង​ឈ្នះ​អាណត្តិ​ទី​៣​ជាប់​គ្នា តែ​គ្រប់គ្នា​រង់ចាំ​មើល​ការកែប្រែ​រដ្ឋធម្មនុញ្ញ​

4016
ចែករម្លែក

នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ បានប្រកាសបេក្ខភាពសំរាប់ការបោះឆ្នោតរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី(LDP)នៅខែក្រោយ។

ពួកអ្នកជំនាញបានកត់សំគាល់ថា ដោយមានការគាំទ្រពីក្រុម៥ក្នុងចំណោមក្រុមនយោបាយតូចៗ៧នៅក្នុងបក្ស លោកអាបេគ្រោងនឹងឈ្នះការបោះឆ្នោតនៅក្នុងបក្សហើយនឹងក្លាយជានាយករដ្ឋមន្រ្តីដែលបំរើការយូរជាងគេនៅជប៉ុនសម័យក្រោយសង្រ្គាម។

ក្នុងពេលជាមួយគ្នា ខណៈអាបេបានបញ្ជាក់អះអាងឡើងវិញអំពីបំណងរបស់លោកដើម្បីកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមបច្ចុប្បន្ន ការជជែកដេញដោយដ៏ក្តៅគគុកលើបញ្ហានេះត្រូវរំពឹងថានឹងកើតមានឡើងពេញយុទ្ធនាការការបោះឆ្នោតនិងទោះជាអាបេរំពឹងថានឹងទទួលបានអាណត្តិទី៣ក្តីក៏បញ្ហាកែប្រែច្បាប់នេះបង្កភាពវឹកវរនយោបាយនិងការបែកបាក់ក្នុងចំណោមសាធារណជនជប៉ុន។

.នៅលើមាគ៌ាឆ្ពោះទៅកាន់ជ័យជម្នះ

អាបេបានប្រាប់អ្នកយកព័ត៌មាននៅជប៉ុនភាគនិរតីកាលពីថ្ងៃអាទិត្យទី២៦សីហាថា” ខ្ញុំប្តេជ្ញាកាន់ចង្កូតនាវាជប៉ុន៣ឆ្នាំទៀត ក្នុងនាមជាប្រធានបក្សLDPនិងជានាយករដ្ឋមន្រ្តីជប៉ុន”។

ការបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃ២០កញ្ញាខាងមុខនេះ ទំនងជាការប្រកួតរវាងសេះប្រណាំង២ គឺរវាងលោកអាបេនិង អតីតរដ្ឋមន្រ្តីការពារជាតិ ស៊ីហ្គេរូ អ៊ីស៊ីបា ដែលបានប្រកាសបេក្ខភាពរបស់លោកកាលពីថ្ងៃ១០សីហា។

បច្ចុប្បន្ន ៥ក្នុងចំណោមបក្ខពួកនយោបាយ៧នៅក្នុងគណបក្ស ដែលផ្សំបាន៧០ភាគរយនៃសមាជិកសភារបស់គណបក្ស បានសម្តែងការត្រៀមខ្លួនរបស់គេក្នុងការគាំទ្រលោកអាបេ។

ការអង្កេតរបស់សារព័ត៌មានក្យូដូ ចេញកាលពីថ្ងៃអាទិត្យបានបង្ហាញថា អ្នកឆ្លើយតប៣៦,៣ភាគរយគាំទ្រលោកអាបេជាមេដឹកនាំបក្ស ខណៈ៣១,៣ភាគរយគាំទ្រលោកអ៊ីស៊ីបា ហើយនៅសល់បាននិយាយថាពួកគេនៅមិនទាន់សំរេចចិត្ត។

អាបេបានឈរឈ្មោះដោយគ្មានគូប្រជែងនិងបានជាប់ឆ្នោតជាថ្មីសំរាប់អាណត្តិ៣ឆ្នាំជាប់គ្នាជាលើកទី២នៅឆ្នាំ២០១៥ ចាប់តាំងពីលោកបានវិលមកចូលកាន់តំណែងវិញនៅឆ្នាំ២០១២។

ពួកអ្នកជំនាញការបានកត់សំគាល់ថា ធៀបនឹងអ៊ីស៊ីបា លោកអាបេក្នុងនាមជាប្រធានបក្ស ពេញចិត្តនឹងការមានប្រៀបនៅក្នុងការប្រមូលការគាំទ្រមកពីសមាជិកបក្សនៅក្នុងការបោះឆ្នោត។

អ៊ុយកេរុ ម៉ាហ្គោសាគី អតីតមន្រ្តីក្រសួងការបរទេសជប៉ុន បាននិយាយថា ក្រោមប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន បើសមាជិកសភាណាម្នាក់ចង់ជាប់ឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតមូលដ្ឋាន គេនោះត្រូវតែបានការគាំទ្រពីបក្ស បើមិនដូច្នេះទេ សមាជិកសភានោះមិនអាចឈរឈ្មោះជាបេក្ខជនបក្ស ឬឈរនៅតំណែងចាញ់ប្រៀប។

លោកបាននិយាយថា” វាដោយសារតែប្រព័ន្ធបោះឆ្នោតដែលសមាជិកសភាត្រូវតែគាំទ្រប្រធានបក្ស ។ទោះជាអ្នកធានាបានកៅអីសភា ក៏គេអាចចង់បានមុខតំណែងសំខាន់នៅក្នុងគណៈរដ្ឋមន្រ្តី និងដូច្នេះវាត្រូវការការគាំទ្ររបស់នាយករដ្ឋមន្រ្តី”។

សម្តីរបស់លោកត្រូវបានបន្ទរតាមដោយលោកតាសេ យ៉ាស៊ូហ៊ីរ៉ូ អ្នកវិភាគនយោបាយនិងជាស្មេររបស់សារព័ត៌មានNikkei ដែលបាននិយាយថា ពួកសមាជិកសភាគាំទ្រលោកអាបេសំរាប់ផលប្រយោជន៍ផ្ទាល់របស់គេជាជាងការគោរពនាយករដ្ឋមន្រ្តី។ក្រោយការបោះឆ្នោតរើសប្រធានបក្ស នាយករដ្ឋមន្រ្តីនឹងមានការរុះរើគណៈរដ្ឋមន្រ្តីមួយ និងសមាជិកសភាខ្លះចង់បានតំណែងល្អៗនៅក្នុងគណៈរដ្ឋមន្រ្តីថ្មី។

កាហ្ស៊ុយយ៉ា អ៊ីវ៉ាមូរ៉ា អ្នកធ្វើអត្ថាធិប្បាយនៅសារព័ត៌មានក្យូដូ បាននិយាយថាមិនមានបេក្ខជនរឹងមាំខ្លាំងណាម្នាក់ នៅក្នុងគណបក្សនេះមកចូលជំនួសលោកអាបេបានទេ និងបេក្ខជនមានសក្កានុពលមកពីជំនាន់ក្មេងៗជាងនៅខ្វះកម្លាំងគាស់ដើម្បីឈ្នះ។

.ព្យុះនយោបាយនៅបន្ត

ក្នុងពេលជាមួយគ្នា ពួកអ្នកវិភាគបានកត់សំគាល់ថា ទោះជាអាបេមានឧត្តមភាពគ្របលើបក្ស តែព្យុះភ្លៀងនៅតែមានក្នុងបក្សដែលចោមរោមដោយព្រឹត្តិការណ៍ធំៗពីរបីនៅឆ្នាំក្រោម រួមមានការបោះឆ្នោតមូលដ្ឋាននិងការបោះឆ្នោតសភាជាន់ខ្ពស់ និងជាពិសេសញាំញីដោយបញ្ហាសើរើរដ្ឋធម្មនុញ្ញ។

យ៉ាស៊ូហ៊ីរ៉ូ បាននិយាយថា ក្រោមច្បាប់LDPបច្ចុប្បន្ន លោកអាបេនឹងមិនអាចឈរឈ្មោះសំរាប់អាណតិ្តទី៤បានទេ និងដូច្នេះលោកក្លាយជាមនុស្សចាំតែចាកចេញពីតំណែងនៅអាណត្តិក្រោយ ខណៈអ្នកគាំទ្រនៅក្នុងគណបក្សរបស់លោកធ្លាក់ចុះយ៉ាងលឿន។

លោកបានបន្ថែមថា គិតត្រឹមឥឡូវ សមិទ្ធផលនៃគោលនយោបាយសេដ្ឋកិច្ចរបស់អាបេ ហៅថាAbenomicsជាការសម្តែងរៀបចំដោយអំណាច និងការសម្តែងដូច្នេះនឹងមិនអាចបន្តខណៈអំណាចរបស់អាបេត្រូវខ្ទប់ក្នុងពេលមានចលាចលនយោបាយ។

លោក អ៊ីវ៉ាមូរ៉ា ជឿថា អាណត្តិក្រោយរបស់អាបេ នឹងមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់លោកច្រើនទេ ខណៈដែលការសើរើរដ្ឋធម្មនុញ្ញនឹងបន្តបង្កជម្លោះធំបំផុត៕ដោយ:វាសនា

អាបេ បាននិយាយនៅខែនេះថា គណបក្សមានបំណងបញ្ជូនសំណើច្បាប់មួយដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងសម័យប្រជុំសភានៅសរទរដូវនេះ