អា​បេ​និង​ស៊ី មាន​សុទិដ្ឋិនិយម​អំពី​ជំនួប​នា​ខែតុលា​និង​បាន​អះអាង​អំពី​កិច្ចសហការ​អំពី​បញ្ហា​កូរ៉េខាងជើង​

299

ក្នុងកិច្ចពិភាក្សារបស់អ្នកទាំងពីរនៅក្រុងវ្ល៉ាឌីវ៉ូស្តុក ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធទី១២កញ្ញា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមព្រៀងគ្នាថានឹងធ្វើការរៀបចំចុងក្រោយសំរាប់ដំណើរទស្សនកិច្ចរបស់លោកអាបេនៅចិននាខែតុលា។

មេដឹកនាំទាំង២ក៏បានអះអាងអំពីជំហររបស់ពួកលោកក្នុងការសហការគ្នាជិតស្និទ្ធដើម្បីរំលាយចោលសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ក្នុងជំនួប៤០នាទី លោកស៊ីបានបញ្ជាក់ថា ប្រទេសទាំងពីរដឹងអំពីសារសំខាន់នៃការជំរុញការអភិវឌ្ឍជាបន្តនៃទំនាក់ទំនងចិន-ជប៉ុន។ប្រធានាធិបតីចិន បាននិយាយថាប្រទេសទាំងពីរមានឱកាសវិលចូលក្នុងផ្លូវធម្មតានិងអភិវឌ្ឍ បូករួមទាំងធ្វើអោយប្រសើរឡើងទំនាក់ទំនងទ្វេភាគី ផ្អែកលើកិច្ចខិតខំរួមគ្នា។

លោកស៊ីក៏បាននិយាយថា លោកស្វាគមន៍ ដំណើរទស្សនកិច្ចរបស់អាបេនៅចិននាខែតុលា។ក្នុងពេលជាមួយគ្នា លោកអាបេបានស្នើសុំលោកស៊ីទៅទស្សនកិច្ចជប៉ុនវិញម្តងបន្ទាប់ពីលោកទៅចិន។លោកស៊ីបានតបវិញដោយបានទទួលយកការអញ្ជើញ។

ក្រោយជំនួប លោកអាបេ បានប្រាប់អ្នកយកព័ត៌មានថា” ជប៉ុននិងចិនបានបញ្ជាក់សាជាថ្មីអំពីការយល់ដឹងរួមគ្នាអំពីមិត្តភាពនិងកិច្ចសហការកាន់តែស៊ីជំរៅ។ខ្ញុំចង់បង្កើតមូលដ្ឋានមួយសំរាប់សន្តិភាពនិងវិបុលភាពនៅអាស៊ីឦសានដោយជំរុញទំនាក់ទំនងទ្វេភាគីអោយដល់កំរិតថ្មីមួយតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមករបស់មេដឹកនាំនៃប្រទេសទាំងពីរ”៕ដោយ៖វាសនា