អា​បេ​និយាយថា​នឹង​ពិភាក្សា​ថែមទៀត​អំពី​កិច្ច​ព្រៀម​ព្រៀង​សន្តិភាព​និង​កោះ​ជម្លោះ​ជាមួយ​ពូ​ទីន​

142

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន ហ្សូ​អា​បេ បាន​និយាយថា លោក​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ឆ្នាំនេះ​សម្រាប់​កិច្ចចរចា​បន្ថែមទៀត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​លើ​សំណើ​របស់​លោកពូ​ទីន​សម្រាប់​ប្រទេស​ទាំង​២​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​និង​ពិភាក្សា​អំពី​ស្ថានភាព​នៃ​កោះ​ដែលមាន​ជម្លោះ​។​

​លោក​អា​បេ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​១៤​កញ្ញា​នេះ​ក្នុងអំឡុង​កិច្ចពិភាក្សា​គោលនយោបាយ​មួយ​នៅក្នុង​គណបក្ស​របស់លោក​ថា ជប៉ុន​ចង់​ដោះស្រាយ​ជម្លោះ​ដែនដី​មុននឹង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​។​

​លោក​អា​បេ​បាន​វិលត្រឡប់​មកពី​ប្រទេស​រុស្ស៊ី​វិញ​បន្ទាប់ពី​បាន​ជួប​ជាមួយ​លោកពូ​ទីន​និង​ចូលរួម​សន្និសីទ​សេដ្ឋកិច្ច​មួយ​។ លោក​និយាយថា មេដឹកនាំ​ទាំង​២​ទំនងជា​នឹង​ជួបគ្នា​ម្ដងទៀត​នៅ​ឆ្នាំនេះ​។​

​លោកពូ​ទីន​បាន​និយាយថា ប្រទេស​ទាំង​២​គួរតែ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មុន​ដំណាច់​ឆ្នាំនេះ ហើយ​ក្រោយមក​ចាំ​ពិភាក្សា​អំពី​កោះ​។​

​សហភាពសូវៀត​បានកា​ន់​កាប់​ប្រជុំ​កោះ​គូ​រី​ល​នៅ​ចុង​ភាគខាងត្បូង​ចំនួន ៤ ដែល​ជប៉ុន​ហៅថា​ដែនដី​ភាគ​ខាងជើង​នៅ​ថ្ងៃ​បញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន ហ្សូ​អា​បេ