អា​មី​តាប បាច​ចាន់ សងបំណុល​ជួស​កសិករ​ជាង​១​ពាន់​នាក់​

1081
ចែករម្លែក

កំពូលតារាភាពយន្តបូលីវូតឥណ្ឌា​ លោក អាមីតាប បាចចាន់ និយាយថាលោកបានជួយជម្រះបំណុលជាង៤០លានរូពី(៥៦០.០០០ដុល្លារ)សំរាប់កសិករ១.៣៩៨នាក់,នេះបើតាមសារក្នុងគេហទំព័រផ្ទាល់ខ្លួនលោកកាលពីថ្ងៃអង្គារ។លោកថាក្រោយពីបានជួយកសិករទាំងនេះមកលោក«មានអារម្មណ៍ដូចជាមានសំរេចបំណងអ្វីមួយ»។

កសិករដែលទទួលជំនួយទាំងនេះមកពីរដ្ឋអ៊ុតតា ប្រាដែស កន្លែងដែលលោកបាចចាន់ បានកើត។

អាមីតាប បាចចាន់ អាយុ៧៦ឆ្នាំ ត្រូវគេគិតថាជាកំពូលតារាឥណ្ឌានិងនៅតែជាតារាពេញនិយមម្នាក់ក្នុងចំណោមតារាល្បីៗរបស់ឥណ្ឌាបច្ចុប្បន្ន។

លោកបានជួយសងផ្តាច់បំណុលដែលកសិករជំពាក់ធនាគារ Bank of Indiaរបស់រដ្ឋចំនួនជាង៤០លានរូពី។មុននេះក្នុងឆ្នាំ២០១៨ បាចចាន់ បានសងបំណុលជួសកសិករ៣៥០នាក់នៅក្នុងរដ្ឋ មហារ៉ាស្រ្តាក្រោយពីកសិកររាប់ពាន់នាក់ធ្វើបាតុកម្មទាមទារអោយលុបចោលបំណុលនិងថ្លៃកសិផលប្រសើរឡើង។

កសិករឥណ្ឌារាប់សែននាក់កំពុងតស៊ូនឹងបំណុល។រាប់ទសវត្សរ៍មកហើយ ឧស្សាហកម្មកសិកម្មជួបភាពរាំងស្ងួត ជាហេតុនាំអោយផលិតកម្មធ្លាក់ចុះនិងខ្វះការធ្វើទំនើបកម្ម។ការធ្វើអត្តឃាតពាក់ព័ន្ធនឹងបញ្ហានេះបានឆក់យកជីវិតកសិករប្រមាណ៣០ម៉ឺននាក់ចាប់តាំងពីឆ្នាំ១៩៩៥មក។

ប្រជាពលរដ្ឋឥណ្ឌាពាក់កណ្តាលធ្វើការក្នុងវិស័យកសិកម្ម តែកសិកម្មចូលរួមចំណែកបានតែ១៥ភាគរយនៃផលទុនសរុបក្នុងស្រុក។

បាចចាន់បានសម្តែងជាង១៩០រឿង និងក៏បានសម្តែងក្នុងភាពយន្តហូលីវូតរបស់អាមេរិកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕ដោយ៖វាសនា