អា​មៀរ ខាន់ និង ប៉ាក​គី​អៅ អតីត​មិត្ត​ហាត់​រួម​សង្វៀន​ជាមួយគ្នា នឹង​ប្រយុទ្ធ​គ្នា​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ចុង​ឆ្នាំនេះ​

350
ចែករម្លែក

អា​មៀរ ខាន់ អះអាងថា គាត់​និង​មែន​នី ប៉ាក​គី​អៅ ទាំងពីរ​នាក់​បាន​ចុះហត្ថលេខា​សម្រាប់​ការប្រកួត​ជាមួយគ្នា និង​គ្រោង​ណាត់​វាយ​គ្នា​នៅ​ទីក្រុង​រី​យ៉ា​ត​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ចុង​ឆ្នាំនេះ ស្រប​ពេលដែល​អង្គការ​លើកលែងទោស​អន្តរជាតិ​អំពាវនាវ​ឱ្យ​អ្នក​ប្រដាល់​អង់គ្លេស​រូបនេះ​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​។

​អ្នក​ប្រដា​ល់វ័យ​៣២​ឆ្នាំ​សញ្ជាតិ​អង់គ្លេស​នេះ​និយាយថា រូប​ខ្លួន​និង​ប៉ាក​គី​អៅ​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​នានា​រួចហើយ ដោយ​យក​ទីក្រុង​រី​យ៉ា​ត​ធ្វើជា​កន្លែង​ប្រកួត​។

​អា​មៀរ ខាន់ បានឈ្នះ​ខ្សែក្រវាត់​ទម្ងន់​មធ្យម​អន្តរជាតិ​ក្របខ័ណ្ឌ WBC ដោយ​ផ្តួល​អ្នក​ប្រដាល់ ប៊ី​ល​លី ឌី​ប ត្រឹម​ទឹក​ទី​បួន​ក្នុង​ទីក្រុង​រី​យ៉ា​ត​កាលពី​រាត្រី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

​ឥឡូវ ខាន់​មានបំណង​វិលត្រឡប់​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​នៅ​ថ្ងៃទី​៨​វិច្ឆិកា​ដើម្បី​ប្រឈម​នឹង​អតីត​ដៃគូ​ហាត់​ប្រដាល់​រួមគ្នា ប៉ាក​គី​អៅ ប្រសិនបើ​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​មិនមាន​បញ្ហា​របួស​ខ្លាំង​ពេល​ប៉ះ​អ្នក​ប្រដាល់​ខេ​ត ត្សឺ​ម៉ាន់ នៅក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA របស់​ពួកគេ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​នៅ​ចុង​សប្តាហ៍​នេះ​។

​ខាន់​បាន​ប្រាប់​វេ​ប​សាយ PA ថា “​ការប្រកួត​បន្ទាប់​គឺ​នឹងត្រូវ​ត្រឡប់​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​។ លើក​នេះ​វា​នឹងធ្វើ​នៅ​ទីក្រុង​រី​យ៉ា​ត ហើយ​វា​នឹង​កើតឡើង​នៅ​ថ្ងៃទី​៨​វិច្ឆិកា​”​។​

​ប៉ាក​គី​អៅ​ត្រូវគេ​រំពឹងថា​នឹង​យកឈ្នះ​យ៉ាង​ស្រួល​ទៅលើ​អ្នក​ប្រដាល់​ត្សឺ​ម៉ាន់​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ (​ព្រឹក​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​) ប៉ុន្តែ​ខាន់​និយាយថា ការប្រកួត​របស់គាត់​ជាមួយ​ប៉ាក​គី​អៅ​នឹង​នៅតែ​កើតឡើង ប្រសិនបើ​ប៉ាក​គី​អៅ​អាយុ ៤០ ឆ្នាំ​ចាញ់​នៅ​សង្វៀន MGM Grand ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ខាន់​និង​ប៉ាក​គី​អៅ​នឹង​ប្រកួត​គ្នា​នៅ​ទីក្រុង​រី​យ៉ា​ត​នៅ​ថ្ងៃទី​៨​វិច្ឆិកា