អា​រ៉ា​ប៊ី​សា​អូឌីត​ចេញ​ការចោទប្រកាន់ ប៉ុន្តែ​ឱ្យ​ព្រះអង្គម្ចាស់​រាជទាយាទ​រួចខ្លួន​ពី​ការចោទប្រកាន់​សម្លាប់​អ្នកកាសែត​

649
ចែករម្លែក

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍ទី១៥វិច្ឆិកាបានសម្រេចឱ្យព្រះអង្គម្ចាស់ដ៏មានឥទ្ធិពលនៃប្រទេសនេះ រួចខ្លួនពីការចោទប្រកាន់ក្នុងការពាក់ព័ន្ធនឹងការសម្លាប់ អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោកចាម៉ាល់ ខាសូហ្គី( Jamal Khashoggi )នៅពេលការចោទប្រកាន់ទោសប្រហារជីវិតត្រូវបានប្រកាសប្រឆាំងបុរស៥នាក់ហើយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើមនុស្ស១៧នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្លាប់នេះ។

ក្រុមរដ្ឋអាជ្ញានៃរដ្ឋាភិបាលក្រុងរីយ៉ាដ(អារ៉ាប៊ីសាអូឌីត)នេះ បានប្រកាសអំពីការចោទប្រកាន់ប្រឆាំងមនុស្​ស១១នាក់និងបាននិយាយថាមនុស្សសរុបចំនួន២១នាក់ត្រូវបានឃុំឃាំង នៅក្នុងការជាប់ពាក់ព័ន្ធជាមួយនឹងការសម្លាប់នេះដែល បានធ្វើឱ្យក្រុមសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត មានកំហឹងតវ៉ា និងបានដាក់សម្ពាធខ្លាំងទៅលើព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតMohammed bin Salman ដើម្បីឱ្យចាត់វិធានការច្បាស់លាស់ទៅលើការសម្លាប់នេះ។

ក្រុមរដ្ឋរាជអាជ្ញាអារ៉ាប៊ីសាអូឌីតបាននិយាយថា ទោសប្រហារជីវិតនឹងត្រូវបានស្នើឡើងដើម្បីប្រហារជីវិតមនុស្​ស៥នាក់ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជានិងប្រព្រឹត្តបទឧក្រិដ្ឋនេះ។

ប៉ុន្តែ អ្នកនាំពាក្យរបស់ក្រុមរដ្ឋអាជ្ញានេះ បានច្រានចោលការចោទប្រកាន់ដែលថាព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salmanបានដឹកនាំការសម្លាប់នេះ។ លោក Shaalan al-Shaalan បាននិយាយថា ព្រះអង្គម្ចាស់មិនបានដឹងអំពីការសម្លាប់ លោក Jamal Khashoggi ទេ។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងរីយ៉ាដ ថាព្រះអង្គម្ចាស់ មិនមានការជាប់ពាក់ព័ន្ធទេ។

លោក Jamal Khashoggi ដែលរស់នៅសហរដ្ឋអាមេរិចនិងធ្វើការឱ្យកាសែតWashington Post និងសារព័ត៌មានអន្ដរជាតិដទៃទៀតនេះ ត្រូវបានសម្លាប់ហើយកាត់បំបែកសាកសពនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី២ ខែតុលា។

ការសម្លាប់នេះត្រូវបានធ្វើឡើងដោយក្រុមជនជាតិអារ៉ាប៊ីសាអូឌីដែលបានធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់គោលបំណងសម្លាប់នេះ ហើយក្រុមនេះ ត្រូវបានដឹកនាំដោយក្រុមជំនួយការជិតស្និទ្ធរបស់ព្រះអង្គម្ចាស់អង្គនេះ ។ នេះបើយោងតាមការវាយតម្លៃរបស់តួកគីនិងអាមេរិក៕ដោយ៖សុខា/sn

 ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតMohammed bin Salmanរួចផុតពីការចោទប្រកាន់សម្លាប់អ្នកកាសែតJamal Khashoggi