អា​រ៉ា​ប៊ី​សា​អូឌីត​ប្រាប់​ពលរដ្ឋ​ខ្លួន​ឱ្យ​ចាកចេញ​ពី​លី​បង់​

222

​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​ផង អារ៉ាប៊ីសាអ៊ូឌីត​បានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​លី​បង់​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បានជា​លើក​ទី ២ ដោយសារតែ​ភាព​តានតឹង​ជុំវិញ​ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​លី​បង់ លោក សា​អាដ ហារី​រី (Saad Hariri) ។​

​សេចក្តីប្រកាស​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៨​វិច្ឆិកា​នេះ​ត្រូវបាន​បង្ហោះ​លើ​គណនី​ធ្វី​ត​ធើ​របស់​ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​។ ការប្រកាស​នេះ​ធ្វើឡើង​ភ្លាម បន្ទាប់ពី​ស្ថានទូត​នេះ​បាន​រាយការណ៍​ថា​ខ្លួន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវរ​បាយ​ការណ៍​អំពី​ការវាយប្រហារ​លើ​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ពីរ​នាក់​នៅ​សង្កាត់​មួយ​ក្នុង​ទីក្រុង​បៃ​រូត​។ មិនទាន់មាន​របាយការណ៍​សន្តិសុខ​ភ្លាមៗ​អំពី​ឧបទ្ទវ​ហេតុនេះ​ទេ​។ លោក​ហារី​រី​បាន​បង្ហោះ​សា​រលើ​ធ្វី​ត​ធើ​នៅមុន​ពេលដែល​គាត់​ចាក​ចេញពី​អារ៉ាប៊ីសាអ៊ូឌីត​ថា ការវាយប្រហារ​ណាមួយ​មកលើ​ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​គឺជា​ការវាយប្រហារ​ដោយផ្ទាល់​លើ​រូបគាត់​។​

​លោក​ហារី​រី ដែលជា​កូនកាត់​លី​បង់​និង​អារ៉ាប៊ីសាអ៊ូឌីត បានធ្វើឱ្យ​ប្រទេស​លី​បង់​និង​តំបន់​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​លោក​បានប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ពី​ក្នុងប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ដោយ​លើកឡើង​ពី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់​ពី​សំណាក់​អ៊ីរ៉ង់​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​ក្រុម​ហេស​ប៊ូ​ឡា​។​

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក អារ៉ាប៊ីសាអ៊ូឌីត​បា​នប​ញ្ជា​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​លី​បង់​នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​។ វា​គឺជា​ចំណាត់ការ​ជាក់ស្តែង​លើកដំបូង​ប្រឆាំងនឹង​ប្រទេស​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មួយ​នេះ បន្ទាប់ពី​គំរាម​ខ្លាំងៗ​ដាក់​រដ្ឋាភិបាល​ក្រុង​បៃ​រូត​អស់​ជាច្រើន​ថ្ងៃ​មក​នោះ​។​

​ការលាលែង​ពី​តំណែង​របស់លោក​ហារី​រី បាន​បង្កឱ្យមាន​ការប៉ាន់ស្មាន​ថា​គាត់​ត្រូវបាន​គេ​ចាប់ខ្លួន ប្រឆាំងនឹង​ឆន្ទៈ​របស់គាត់ ហើយ​បាន​បង្ខំ​ឱ្យ​គាត់​លាលែង​ពី​តំណែង​។ លោក​ហារី​រី​បាន​ចាក​ចេញទៅ​ទីក្រុង​ប៉ារីស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក ហារី​រី ជួប​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃទី ៣០ តុលា