អា​រ៉ា​ប៊ី​សា​អូឌីត ត្រៀម​បង្កើន​ការផ្គត់ផ្គង់​ប្រេង ដោយសារ​ទណ្ឌកម្ម​ប្រេង​លើ​អ៊ីរ៉ង់​

705
ចែករម្លែក

ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាប់ផ្តើមរាំងខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ចាប់ពីថ្ងៃចន្ទទី៥វិច្ឆិកានេះ ប្រទេសនាំចេញប្រេងធំបំផុតក្នុងអង្គការនាំចេញប្រេងOPECនិងដៃគូរបស់ខ្លួនត្រៀមបង្កើនការផ្គត់ផ្គង់ ទោះជាស្ថានភាពទីផ្សារនៅមិនប្រាកដប្រជាក្តី។

ការដាក់ទណ្ឌកម្មជាថ្មីលើសាធារណរដ្ឋអ៊ីស្លាម(អ៊ីរ៉ង់) កើតឡើងចំពេលមានបញ្ហាផ្គត់ផ្គង់ប្រេងនៅបណ្តាប្រទេសផលិតប្រេងជាច្រើន និងខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ មានបំណងទប់ស្កាត់ការឡើងថ្លៃប្រេងផងដែរ។

ពួកអ្នកវិភាគរំពឹងថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់ដែលឡើងដល់២,៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងពេលធម្មតា នឹងធ្លាក់ចុះ១-២លានបារ៉ែលក្នុងមួយថ្ងៃនៅពេលទណ្ឌកម្មចូលជាធរមាននៅថ្ងៃ៥វិច្ឆិកា។វានឹងធ្វើអោយមានបញ្ហាទីផ្សារដែលកំពុងតានតឹងស្រាប់។

កំហឹងនៅក្នុងប្រទេសលីប៊ី វេនេស៊ុយអេឡា នីហ្សេរីយ៉ា ម៉ិកស៊ិចនិងអង់ហ្គោឡា ព្រមទាំងប្រទេសដទៃទៀតបានបង្ខំអោយប្រទេសផលិតប្រេងក្នុងនិងក្រៅOPECកាលពីខែមិថុនាបោះបង់ចោលការកាត់បន្ថយទិន្នផលប្រេងដែលបានព្រមព្រៀងគ្នារួចហើយ ហើយងាកមកបង្កើនការផលិតប្រេងវិញ។

អារ៉ាប៊ីសាអូឌីត ជាប្រទេសផលិតប្រេងតែមួយគត់ដែលមានសមត្ថភាពបំរុងអាចផលិតប្រេងបានប្រមាណ២លានបារែលក្នុងមួយថ្ងៃដើម្បីទូទាត់ការបាត់បង់ប្រេងរបស់អ៊ីរ៉ង់។ទោះជាទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចកាន់តែជូរចត់ដោយសារការស្លាប់របស់អ្នកកាសែតម្នាក់នៅក្នុងស្ថានកុងស៊ុលរបស់ខ្លួន ក៏អារ៉ាប៊ីសាអូឌីតបាននិយាយថាខ្លួនគ្មានផែនការធ្វើការហ៊ុមព័ទ្ធប្រេងជាការសងសឹកទេ។

រដ្ឋមន្រ្តីប្រេងអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសរបស់លោក ដែលបានបង្កើនការផលិតប្រេង៧សែនបារ៉ែលក្នុងមួយថ្ងៃកាលពីខែតុលា បានត្រៀមបង្កើនការផលិតប្រេងថែមទៀតរហូតដល់១២លានបារ៉ែលក្នុងមួយថ្ងៃ។លោកថា ព្រះរាជាណាចក្ររបស់លោកអាចងាកទៅរកប្រេងបំរុងប្រមាណ៣០០លានបារ៉ែលរបស់ខ្លួនដើម្បីបំពេញតំរូវការពិភពលោក។

ប្រទេសជិតខាងអារ៉ាប៊ីសាអូឌីត គឺអេមីរ៉ាតអារ៉ាប់រួមនិងគុយវ៉ែត ក៏អាចបង្កើនទិន្នផលរបស់គេ៣សែនបារ៉ែលក្នុងមួយថ្ងៃបើចាំបាច់៕ដោយ:វាសនា

#