អា​សេណ​ល​ប្រកាស​ផ្តល់ប្រាក់​ឈ្នួល ៣០០.០០០​ផោន​ដល់ អា​ឡិ​ក​ស៊ី​ស សាន​ឆេស​

150

​អា​សេណ​ល​បានផ្តល់​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដល់​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ។ កិច្ចព្រមព្រៀង​បច្ចុប្បន្ន របស់​ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ សាន​ឆេស​បាន​បដិសេធ​មិន បន្ត​កិច្ចសន្យា​។ កន្លងទៅ អា​សេណ​ល​បាន​ផ្តល់ប្រាក់​ឈ្នួល​២២៥.០០០​ផោន ក្នុង​មួយ​សប្តាហ៍ និង​មាន​ប្រាក់​លើកទឹកចិត្ត​បន្ថែមទៀត​ដែល​អាច​កើន​ដល់​២៧០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​សាន​ឆេស បានបង្ហាញ​យ៉ាងច្បាស់​ថា ខ្លួន​ចង់បាន​ប្រាក់​ឈ្នួល​ចាប់ពី​៣០០.០០០​ផោន​ឡើងទៅ មុនពេល​ពិចារណា​ទទួលយក​កិច្ចព្រមព្រៀង​ថ្មី គេ​នៅចាំ​មើលថា តើ​ការផ្តល់​កិច្ចសន្យា​ថ្មី​នេះ នឹង​គ្រប់គ្រាន់​អាច​ឲ្យ សាន​ឆេស​ទទួលយកបាន​ឬ​យ៉ាងណា​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្លឹប Paris Saint-Germain ចង់បាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​រូបនេះ ប៉ុន្តែ​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ចាប់ផ្តើម​មាន​ទំនុក​ចិត្តខ្លាំង​ថា សាន​ឆេស នឹង​បន្ត​អនាគត​ជាមួយ​អា​សេណ​ល​។
​គ្រូបង្វឹក​រូបនេះ​បដិសេធ​មិន​ទទួលយក​សំណើ​ណាមួយ​សម្រាប់​ផ្ទេរ​កីឡាករ​រូបនេះ​ទេ បើទោះបីជា​មានការ​គំរាមថា អាច​នឹង​បាត់បង់​កីឡាករ​រូបនេះ​ដោយ​ឥត​តម្លៃ​ខ្លួន​ក៏ដោយ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​នឹង​ខកខាន​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​ផងដែរ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ​ក្លឹប​អា​សេណ​ល​បាន​ច្រានចោល​សំណើ​២៥​លាន​ផោន របស់​ឆេ​ល​ស៊ី​សម្រាប់​កីឡាករ អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Oxlade Chamberlain) នៅ​សប្តាហ៍​នេះ ប៉ុន្តែ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ប្តេជ្ញា​ថា​នឹង​ពង្រឹង​ក្រុម​របស់លោក​មុន រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)