អា​សេណ​ល ប្រហែលជា​បង្ខំចិត្ត​ចូល​ទីផ្សារ​ទិញដូរ​កីឡាករ បន្ទាប់ពី​ចាញ់​ក្រុម​យូ​ណាយ​ធី​ត​នៅ FA Cup

291
ចែករម្លែក

​ក្តីសង្ឃឹម​លើក​ពាន FA Cup របស់​ក្រុម​អា​សេណ​ល ( Arsenal) បាន​រលាយបាត់​ទៅវិញ​ដោយ សារ​តែ​បញ្ហា​ខ្វះចន្លោះ​របស់​ប្រព័ន្ធ​ការពារ​នៅ​ប៉ុន្មាន​នាទី​ក្នុង​តង់​ទី​១​។​
​ ​
រៀងរាល់​ពេល លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បាន​ព្យាយាម​កសាង​ប្រព័ន្ធ​ការពារ​បួន នៅ​រដូវ​កាល​នេះ ហើយ​លោក​បាន​បាត់បង់​ខ្សែការពារ​ម្នាក់ទៀត​។ បន្ទាប់ពី​ចាប់ផ្តើម​យុទ្ធនាការ បាន​យ៉ាង​ល្អ កីឡាករ រ៉​ប់ ហូល​ឌិ​ង (Rob Holding) ត្រូវ​ខកខាន​ការប្រកួត​រហូតដល់​ចប់ រដូវ​កាល ដោយសារ​បញ្ហា​សរសៃពួរ​។ កាលពី​សប្តាហ៍​មុន​រឿង​ដដែល​នេះ​បាន​កើតមាន​ចំពោះ ខ្សែការពារ​ស្តាំ ហិ​កទ័រ បេ​ល​ឡេ​រី​ន (Hector Bellerin) ។​
​ ​
​រយៈពេល​១០​នាទី​មុនពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មានឱកាស​រកបាន​គ្រាប់​បាល់​ដំបូង លោក អេ​មឺ​រី ត្រូវ​រុះរើ​ក្រុម​ឡើងវិញ​ទៀត នៅពេល​កីឡាករ សូ​ក្រា​ទី​ស (Sokratis) រងរបួស ដោយ​ធ្វើ​ឲ្យ​កីឡាករ ឡូ​រិ​ន កូ​ស៊ី​ល​នី (Laurent Koscielny) បាត់​ដៃគូ​។​
​ ​
សម្រាប់​គ្រាប់​បាល់​ដំបូង ខ្សែការពារ​ទាំងពីរ​បាន​ព្យាយាម​តាមបិទ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដែល​ផ្តល់ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ។ មិន​ដល់​២​នាទី​ក្រោយ កីឡាករ ស៊ីដ កូ​ឡា​ស៊ី​ណាក (Sead Kolasinac) បាន​ទុក​គម្លាត​ច្រើនពេក​សម្រាប់ លូ​កា​គុ ដើម្បី​ទម្លុះ​ចូល​តំបន់​គ្រោះថ្នាក់​និង​បង្កើត​ឱកាស សម្រាប់​កីឡាករ ជេស លិ​ង​ហ្គា​ដ (Jesse Lingard) ។​
​ ​
លោក អេ​មឺ​រី សារភាព​នៅ​ដើមខែ​នេះ​ថា លោក​អាច​ត្រឹម​ខ្ចី​ជើង​កីឡាករ ហើយ​ការ​ខ្ទាត​ចេញពី ក្របខណ្ឌ FA Cup ប្រហែលជា​បង្ខំ​ឲ្យ Arsenal ឈានចូល​ទីផ្សារ​ទិញដូរ​កីឡាករ​ដើម្បី​ស្វែងរក ខ្សែការពារ​ម្នាក់ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)