អា​សេន វេ​ង​ហ្គ័​រ ប្រកាស​ចាកចេញ​ពី Arsenal យ៉ាង​ភ្ញាក់ផ្អើល បន្ទាប់ពី​ដឹកនាំ​កាំភ្លើង​ធំ ២២ ឆ្នាំ​

675

​លោក អា​សេន វេ​ង​ហ្គ័​រ បាន​កោះហៅ​កីឡាករ​របស់គាត់​ឱ្យមក​ប្រមូល​ផ្តុំគ្នា​ដើម្បី​ស្តាប់​ដំណឹង​ភ្ញាក់ផ្អើល មុនពេល​ហ្វឹកហាត់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ២០ មេសា​។

​បន្ទាប់ពី​ដឹកនាំ​ក្លិប​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​ជិត ២២ ឆ្នាំ អ្នកចាត់ការ​រូបនេះ​នឹង​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះហើយ​។​

​ខ្សែបម្រើ ជែក វី​ល​ស៊ែរ និយាយថា “​យើង​មិនឃើញ​ពេលវេលា​នេះ​មកដល់​ឆាប់​ដូច្នេះ​ទេ​។ គាត់​នៅសល់​មួយឆ្នាំ​ទៀត​នៅលើ​កុងត្រា​។ តាំងពី​ខ្ញុំ​ស្គាល់​ក្លិប​កាំភ្លើង​ធំ Arsenal មក លោក​អា​សេន​គឺ​នៅ​ទីនោះ​រហូត​។ ខ្ញុំ​ក្រៀមក្រំ​”​។​

​ខណៈដែល​កីឡាករ​ទាំងអស់​បាន​ជ្រាប​នូវ​ដំណឹង​នេះ ពិភពលោក​ទាំងមូល​ក៏បាន​ដឹង​អំពី​វា​ដែរ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ពី​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​អាយុ ៦៨ ឆ្នាំ​រូបនេះ​។​

​លោក​វេ​ង​ហ្គ័​រ​និយាយថា “​បន្ទាប់ពី​ការពិចារណា​ដោយ​ប្រុងប្រយ័ត្ន និង បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​ក្លិប ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ពេលវេលា​សមស្រប​សម្រាប់​ខ្ញុំ​ដើម្បី​ចុះចេញ​ពី​តំណែង​នៅ​ចុងរដូវ​កាល​នេះ​”​។​

​សេចក្តីថ្លែងការណ៍​ដោយ​ប្រុងប្រយ័ត្ន​របស់លោក​វេ​ង​ហ្គ័​រ គាប់​ជួន​គ្នា​ជាមួយ​ភាពស្ងាត់ស្ងៀម​ពី​ថ្នាក់ដឹកនាំ​ក្លិប​ដើម្បី​ពិភាក្សាគ្នា​ជា​សាធារណៈ​នូវ​អ្វីដែល​បានធ្វើ​ឡើង​នៅមុន​ចេញ​សេចក្តីប្រកាស​នេះ បានចង្អុលបង្ហាញ​ថា ការចាកចេញ​នេះ​មិនសូវ​ជា​មានការ​អាឡោះអាល័យ​អី​ប៉ុន្មាន​ទេ ចំពេល​មានការ​ថ្នាំងថ្នាក់​ចិត្ត​យ៉ាងខ្លាំង​នៅ​ពីក្រោយ​ឆាក​។​

​នៅពេល​សួរថា​តើ​គាត់​ចង់ឃើញ​វេ​ហ្គ័​រ​នៅ​ដល់​ចប់​កុងត្រា​មួយឆ្នាំ​ទៀត​ទេ នាយក​ប្រតិបត្តិ​ក្លិប លោក អ៊ី​វ៉ាន់ ហ្គា​ហ្ស៊ី​ឌី​ស ឆ្លើយតប​វិញ​ថា “​ខ្ញុំ​មិន​ចង់​លើក​ឡើងវិញ​អំពី​អ្វីដែល​បាន​ពិភាក្សាគ្នា​រួច​នោះទេ​។ ការសម្រេចចិត្ត​បានធ្វើ​រួចហើយ​។ ខ្ញុំ​គិតថា នេះ​ជា​ពេល​សម្រាប់​យើង​ត្រូវគោរព​ដល់​គាត់​”​។

​អា​សេន វេ​ង​ហ្គ័​រ បាន​ចូល​ដឹកនាំ​កាំភ្លើង​ធំ​នៅ​ខែតុលា ឆ្នាំ ១៩៩៦ បន្ទាប់ពី​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​ដឹកនាំ Monaco នៅ​បារាំង​ឱ្យ​ឈ្នះ​ពាន​លី​ក​កំពូល ២ រដូវ​កាល​ជាប់​គ្នា​។ គាត់​បាន​ជួយ​ធ្វើ​ទំនើបកម្ម​បាល់ទាត់​អង់គ្លេស​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំ​ដំបូងៗ​នៃ​ការដឹក​នាំនៅ​ក្របខណ្ឌ Premier League ដោយ​នាំមក​នូវ​វិធីសាស្ត្រ​លេង​បាល់​បែប​វិទ្យាសាស្ត្រ​មកកាន់​ក្លិប Arsenal​។

​ការមកដល់​របស់ ធា​រី ហង់​រី ក្នុង​ឆ្នាំ ១៩៩៨ បាន​ជួយ​ឱ្យ Arsenal ក្លាយជា​ក្លិប​យក្ស​មួយ​ដើម្បី​ទប់ទល់​នឹង​អំណាច​របស់ Manchester United របស់លោក អា​ឡិច ហ្វើ​ហ្គោ​សុន​។

​សមិទ្ធផល​ធំ​បំផុត​របស់លោក វេ​ង​ហ្គ័​រ នៅ Arsenal គឺ ដឹកនាំ​កាំភ្លើង​ធំ​មិនដែល​ចាញ់​សោះ​ក្នុង​ឆ្នាំ ២០០៤៕ ដោយ៖ កញ្ញាដាលីស

លោក អា​សេន វេ​ង​ហ្គ័​រ នឹង​ចាកចេញ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ