អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រុងប្រៀប​ទប់ស្កាត់​ការវាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ​នៅពេលដែល​ការបោះឆ្នោត​ចាប់ផ្តើម​

2725
ចែករម្លែក

អាហ្វហ្គានីស្ថានកំពុងត្រៀមខ្លួនប្រយុទ្ធប្រឆាំងអំពើហិង្សាដែលអាចសម្លាប់មនុស្សច្រើនជាងពេលមុនៗនៅថ្ងៃសៅរ៍ទី២០ខែតុលានេះ ខណៈដែលការបោះឆ្នោតសភាដែលពន្យារពេលជាយូរមកនោះ កំពុងចាប់ផ្តើមនិងស្របពេលដែល ពួកតាលីបង់បានប្ដេជ្ញាថានឹងវាយប្រហារផងដែរ។

មណ្ឌលបោះឆ្នោតបានបើកកាលពីព្រឹកម៉ោង៧ នៅថ្ងៃសៅរ៍ទី២០តុលានៅទូទាំងប្រទេសដែលហែកហួរដោយសង្គ្រាមនេះ ដោយកងកម្លាំងសន្តិសុខចំនួន៥៤.០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខ។ប៉ុន្តែមានការព្រួយបារម្ភថា ការសម្លាប់មេប៉ូលិសដ៏មានឥទ្ធិពលម្នាក់នៅតំបន់ភាគខាងត្បូងនៃប្រទេស អាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍នោះ នឹងបំភ័យក្រុមអ្នកបោះឆ្នោត។

ការបោះឆ្នោត ត្រូវបានពន្យារពេលនៅខេត្ត Kandahar រហូតដល់ថ្ងៃទី២៧ខែតុលាបន្ទាប់ពីមានការវាយប្រហារមួយដែលត្រូវបានប្រកាសទទួលខុសត្រូវដោយពួកតាលីបង់នៅកិច្ចប្រជុំសន្តិសុខអាមេរិក -អាហ្វហ្គានីស្ថានមួយដែលបានសម្លាប់មនុស្ស៣នាក់ ដោយរួមទាំង ឧត្តមសេនីយ៍អាហ្វហ្គានីស្ថាន លោក Abdul Raziq។

លោក Scott Miller មេបញ្ជាការជាន់ខ្ពស់អាមេរិកនិងជាមេបញ្ជាការអង្គការNATO នៅអាហ្វហ្គានីស្ថាន បានគេចផុតពីការរងរបួសក្នុងការបាញ់ប្រហានេះប៉ុន្តែមនុស្ស១៣នាក់ផេ្សងទៀតបានរងរបួស។

កាលពីថ្ងៃសុក្រ គណៈកម្មធិការរៀបចំការបោះឆ្នោតឯករាជ្យ បានជំរុញពួកអ្នកបោះឆ្នោតឱ្យចេញទៅបោះឆ្នោត។ មនុស្សជិត៩លាននាក់ បានចុះឈ្មោះបោះឆ្នោតសភានេះ៕ដោយ៖សុខា/sn

កងកម្លាំងសន្តិសុខចំនួន៥៤.០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខនៅតាមមណ្ឌលបោះឆ្នោត