អា​ហ្ស​ង់​ទីន​បញ្ចប់​បេសកកម្ម​ជួយសង្គ្រោះ​នាវាមុជទឹក​ដែល​បាត់​

222

​កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាន​និយាយថា ខ្លួន​បាន​បោះបង់ចោល​ការព្យាយាម​ដើម្បី​ជួយសង្គ្រោះ​សមាជិក​នាវិក​៤៤​នាក់​នៅក្នុង​នាវាមុជទឹក​ដែល​បាន​បាត់ កាលពី​២​សប្តាហ៍​មុន​។​

​លោក អិន​រី​កេ បាល់​ប៊ី អ្នកនា​ពាក្យ​កងទ័ពជើងទឹក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ថ្វីបើ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក៏ដោយ ក៏​មិនអាច​រកឃើញ​នាវាមុជទឹក​ដែល​បាន​បាត់​នោះដែរ​” ។​

​នាវាមុជទឹក ARA San Juan នេះ​បានធ្វើ​ការទាក់ទង​ជា​ចុងក្រោយ​បំផុត កាលពី​ថ្ងៃ​ពុធ​ទី​១៥ ខែវិច្ឆិកា​។​

​ក្តីសង្ឃឹម​នៃ​ការស្វែងរក​អ្នក​រស់រានមានជីវិត បាន​អស់ បន្ទាប់ពី​ការផ្ទុះ​ដ៏​សង្ស័យ​មួយ ត្រូវបាន​រាយការណ៍​នៅ​ជិត​កន្លែង​ដែល​គេ​ស្គាល់​ចុងក្រោយ​នៃ​នាវាមុជទឹក​នេះ​ដែល​បាន​បាត់ ។​

​លោក បាល់​ប៊ី បាន​និយាយថា ការស្វែងរក​នាវាមុជទឹក​នេះ “​ត្រូវបាន​ពង្រីក​ការស្វែងរក​រហូតដល់​កើនឡើង​ចំនួន​ទ្វេដង​នៃ​ចំនួន​ថ្ងៃ​ដែល​កំណត់​អំពី​លទ្ធភាព​នៃ​ការជួយ​សង្គ្រោះ​ពួក​នាវិក​នោះ​” ប៉ុន្តែ​បាន​បន្ថែមថា ក្រុម​នេះ នឹង​បន្ត​ស្វែងរក​នាវា​នេះ​នៅ​បាតសមុទ្រ​។​

​លោក​បាន​និយាយថា “​ដំណាក់កាល​នេះ​បាន​ផ្លាស់ប្តូរ​” ហើយ​ថា ប្រតិបត្តិ​ការដែល​ចូលរួម​ដោយ​នាវា​ជាច្រើន​និង​នាវាមុជទឹក​ដទៃទៀត​ឥឡូវនេះ គឺ​ការតាមរក​បំណែក​បាក់​បែក​នៅ​តំបន់​ដែល​នាវាមុជទឹក​នេះ ត្រូវបាន​គេ​ជឿថា​បាន​បាត់​នោះ​៕ ដោយ៖ សុខា

នាវាមុជទឹក ARA San Juan បាន​បាត់ កាលពី​២​សប្តាហ៍​មុន