អាឡិកសានដ្រេ ឡាកាហ្សិត (Alexandre Lacazette) បានបង្ហាញមុខនៅទីក្រុងឡុងដ៍មុនការសម្រេច កិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃខ្ពស់បំផុតមិនធ្លាប់មានមកកាន់ក្របខណ្ឌព្រីមីញ៉េលីកហើយកីឡាករ រូបនេះគ្រោងនឹងត្រូវបញ្ជាក់ថា ជាកីឡាកររបស់អាសេណលក្នុងរយៈពេល៤៨ម៉ោងទៀត។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះគ្រោងនឹងធ្វើការពិនិត្យសុខភាពនៅទី លានហ្វឹកហាត់ London Colney នៅថ្ងៃអង្គារមុនពេលបញ្ចប់កិច្ចព្រមព្រៀង៤៤ លានផោនពីក្លឹប Lyon ។
តម្លៃផ្ទេរនេះគឺច្រើនជាងតម្លៃផ្ទេរ៤២,៥លានផោន ដែលអាសេណលបានចំណាយលើកីឡាករ ម៉េស៊ុត អូហ្ស៊ីល (Mesut Ozil) កាលពីឆ្នាំ២០១៣។
អាសេណលបានដាក់សំណើ២៩លានផោនមិនបានទទួលជោគជ័យដើម្បីផ្ទេរកីឡាករវ័យ២៦ឆ្នាំ រូបនេះកាលពីមួយឆ្នាំមុន ហើយសំណើរដំបូង៣៩,៥លានផោននៅរដូវក្តៅនេះក៏ត្រូវបានច្រានចោលដែររ មុនពេលសម្រេចកិច្ចព្រមព្រៀងជាមួយលោក Jean Michel Aulas ម្ចាស់ក្លឹប Lyon ។
តម្លៃផ្ទេរជិត៥០លានអឺរ៉ូនេះគឺជារឿងថ្មីមួយ ហើយនឹងក្លាយជាឯតទគ្គកម្មសម្រាប់ក្លឹបអាសេណល និងជាតម្លៃខ្ពស់បំផុតសម្រាប់ក្លឹប Lyon ផងដែរ។ គ្រប់គ្នាត្រូវតែយល់ថា តាមប្រពៃណី ក្លឹបដូចជាអាសេណលនេះគ្មានទម្លាប់ចំណាយច្រើនបែបនេះទេសម្រាប់កីឡាករនោះ។
តាមគេហទំព័រ dailymail.co.uk កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧បានឲ្យដឹងថា ឡាកាហ្សិត រួមរស់ជាមួយក្លឹប Lyon តាំងពីចាប់ផ្តើមអាជីពដំបូងដោយរកបាន១២៩គ្រាប់ក្នុង២៧៥ប្រកួត សម្រាប់ក្លឹប មួយនេះ។ កាលពីរដូវកាលមុនកីឡាកររូបនេះរកបាន៣៧គ្រាប់ក្នុងការបង្ហាញ មុខ៤៥លើក៕ ប្រែសម្រួល:ពិសិដ្ឋ