អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត អះអាងថា ខ្លួន​នៅមាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​ពង្រឹង បន្ថែម​

181
ចែករម្លែក

ខ្សែប្រយុទ្ធ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ជឿថា ខ្លួន​មិនទាន់ ឈានដល់​កម្រិត​កំពូល​នៅឡើយ​ទេ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ហើយ​នៅមាន​ចំណុច ជាច្រើន​ដែល​ត្រូវ​កែលម្អ​ជាមួយ​ក្លឹប Arsenal នៅ​រដូវ​កាល​នេះ​។

​ខ្សែប្រយុទ្ធ​រូបនេះ​ចាក​ចេញពី​ក្លឹប Lyon មក​ចូលរួម​ជាមួយ​ក្លឹប Arsenal កាលពី​រដូវក្តៅ ឆ្នាំ​២០១៧ ហើយ​មាន​ស្ថិតិ​ល្អ​គួរសម ដោយ​រកបាន​៣៧​គ្រាប់​ក្នុងការ​បង្ហាញមុខ ៨៩​លើក​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត​។

​ឡា​កា​ហ្សិត ក៏បាន​បង្កើត​ភាពជា​ដៃគូ​ជាមួយ​កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) មួយ​រយៈពេល​មកនេះ​។

​ឡា​កា​ហ្សិត រកបាន​គ្រាប់​បាល់​ដំបូង​នៅ​រដូវ​កាល​ថ្មី​នេះ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Burnley កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ក្រុម Arsenal ឈ្នះ​២-១​។ ប៉ុន្តែ​បាន​អះអាងថា ខ្លួន នៅមាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​ពង្រឹង និង​បាន​ប្តេជ្ញា​ស្វែងរក​គ្រាប់​បាល់​បន្ថែមទៀត​។

​ឡា​កា​ហ្សិត បាន​និយាយថា “​វា​មិនទាន់​ល្អ​ខ្លាំង​នៅឡើយ​ទេ​។ ខ្ញុំ​អាច​នឹង​រក​គ្រាប់​បាល់ បន្ថែម​និង​ស្វែងរក​ភាពស៊ីសង្វាក់​បន្ថែមទៀត​”​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​រកបាន​១៣ គ្រាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន គឺ​តិចជាង​កីឡាករ អូ​បា​ម៉េ​យ៉ាំង ចំនួន​៩​គ្រាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#