អា​ឡិ​ក​ស៊ី​ស សាន​ឆេស យល់ព្រម​ទទួលយក​កិច្ចព្រមព្រៀង​លេង​ជាមួយ យូ​ណាយ​ធី​ត

164

​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) បាន​យល់ព្រម​នឹង​កិច្ចព្រមព្រៀង​ដែលមាន ប្រាក់​ឈ្នួល​៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ចាកចេញ​ពី​អា​សេណ​ល​មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។

​កីឡាករ​ឈី​លី​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ទទួលយក​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ហើយ​អាច​សម្រេច កិច្ចព្រមព្រៀង​នៅ​ចុង​សប្តាហ៍​នេះ​។ គេ​ជឿថា អា​សេណ​ល​មាន​ទំនុកចិត្ត​ថា ហ៊ែ​ន​រីក ឃី​តា​រី​យ៉ាន (Henrikh Mkhitaryan) នឹង​ជួយ​សម្រេច​ការដោះដូរ​នេះ​។

​សាន​ឆេស អាច​នឹង​ប្រឈមមុខ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​នៅ​ថ្ងៃទី​២៨​នៅ ពេល​អា​សេណ​ល​ធ្វើដំណើរ ទៅ​ទឹកដី Old Trafford ។

​ទាក់ទិន​និង​កិច្ចព្រមព្រៀង​នេះ លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ធ្លាប់​អះអាងថា ក្លឹប​របស់លោក មិនអាច​ប្រៀបផ្ទឹម​នឹង​កម្លាំង​ហរិញ្ញវត្ថុ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទេ​។

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ ដោយ​បដិសេធ​មិន​ចំណាយ​ប្រាក់​បន្ថែម​លើ សាន​ឆេស ដែល​នឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ​ទេ​។

​ទោះបីជា​យ៉ាងណា កិច្ចព្រមព្រៀង​នេះ នៅ​មិនទាន់​ដាច់ស្រេច​ទេ ដោយសារតែ​កីឡាករ ឃី​តា​រី​យ៉ាន​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ទាមទារ​កិច្ចព្រមព្រៀង​ដែលមាន​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដែល​នឹងធ្វើ​ឲ្យ កីឡាករ​រូបនេះ​ស្ថិតក្នុង​ចំណោម​កីឡាករ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)