អា​ឡិ​ក​ស៊ី​ស សាន​ឆេស អាច​នឹងចូលរួម​ជាមួយ​ក្លឹប Inter Milan

149
ចែករម្លែក

អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ខ្សែប្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត អាច​នឹង​ក្លាយជា​កីឡាករ​របស់​ក្លឹប Inter Milan ក្នុង​រយៈពេល​២៤​ម៉ោង​។ ខ្សែប្រយុទ្ធ សញ្ជាតិ​ស៊ី​លី​រូបនេះ​អន្ទះសា​ចង់​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Inter ហើយ​ទទួល​បានការ អនុញ្ញាត​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដើម្បី​ពិភាក្សា​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​និង​អ្នកគ្រូ បង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonion Conte) ។​
​ ​
ក្លឹប Inter Milan ចង់​នាំយក​ខ្សែប្រយុទ្ធ​រូបនេះ​មកកាន់​ទឹកដី San Siro ក្នុង​កិច្ចសន្យាខ្ចី ជើង​១២​ខែ ដោយ​ទទួលបាន​ប្រាក់​កក់​៥​លាន​អឺរ៉ុប​ជាមុន ។ ក្លឹប Inter នឹង​បង់ប្រាក់ បន្ថែម​១៩​លាន​អឺរ៉ូ​ទៅ​ឲ្យ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​តំណាច់​នៃ​កិច្ចសន្យាខ្ចី​ជើង ប៉ុន្តែ​យូ​ណាយ​ធី​ត​ចង់បាន​២៥​លាន​អឺរ៉ូ​សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ​ហើយ​យូ​ណាយ​ធី​ត​ហាក់ដូចជា​មិន​ចង់​ទទួល​កញ្ចប់​ទឹកប្រាក់​ដែល​ទាប​ជាង​នេះ​ទេ​។​
​ ​
មើលទៅ​វា​ហាក់ដូចជា​គ្មានអ្វី​ដែល​ពិបាក​ក្នុងការ​ទទួលយក​លក្ខ​ខណ្ឌ​ផ្ទាល់ខ្លួន​នោះទេ ដោយសារតែ សាន​ឆេស មានបំណង​លះបង់​ផ្នែក​ខ្លះ​នៃ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​របស់ខ្លួន​។​
​ ​
​តំណាង​របស់​កីឡាករ​រូបនេះ​បាន​ព្រមព្រៀង​នឹង​ប្រធាន​ក្លឹប ហ្គី​សេប​ប៉េ ម៉ា​រ៉ូ​តា (Giuseppe Marotta) ថា សាន​ឆេស នឹង​ទទួលយក​ប្រាក់​ឈ្នួល​ទាប​ជាង​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) បន្តិចបន្តួច​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#