អី​ក៏មានដែរ​នៅ​ចិន សណ្ឋាគារ​មាស​កំពស់​២០០​ម៉ែត្រ​

1726
ចែករម្លែក

​បើ​លោកអ្នក​ឆ្ងល់​ថា​តើ​សណ្ឋាគារ​ប្រភេទ​ណា​ជាការ​ពេញនិយម​ក្នុងចំណោម​អ្នកជំនួញ​ចិន​នោះ ចូល​ក្រឡេកមើល​អាគារ​កប់​ពពក​​មួយ​នេះ​ដែលមាន​ឈ្មោះថា​Golden Nugget Hotel​ដែល​បង្អួច​ស្រោម​សុទ្ធតែ​ពណ៌​មាស​តាំងពី​កំពូល​រហូតដល់​បាត តែ​មិនមែន​​ធ្វើ​ពី​មាស​ទេ​។​

​រូបភាព​ថត​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បង្ហាញ​សណ្ឋាគារ​កំពស់​២០០​ម៉ែត្រ​ជះ​ពន្លឺ​ពណ៌​មាស​នៅក្រោម​រស្មី​ព្រះអាទិត្យ​។​

​សណ្ឋាគារ​៤៦​ជាន់​នេះ តាំងនៅ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ​របស់​ចិន ។​វា​ទាក់ទាញ​ការចាប់អារម្មណ៍​ក្នុងចំណោម​ប្រជាជន​ក្នុងស្រុក​និង​ពួក​អ្នក​​ប្រើ​បណ្តាញ​សង្គម​ហៅ​វា​ថា​«​ដុំ​មាស​យក្ស​»​។​

​អាគារ​កប់​ពពក​ពណ៌​មាស​ឈរ​កំពស់​២០០​ម៉ែត្រ​នៅក្នុង​ក្រុង​ណាន​តុង​នៃ​ខេត្ត​ជាំ​ង​ស៊ូ បាន​ក្លាយជា​និមិត្តរូប​របស់​ប្រជាជន​មូលដ្ឋាន​ដែល​​បានចាត់ទុក​ពណ៌​មាស​នេះ​ជាការ​ចាប់​មានទ្រព្យ​ធន​របស់​ប្រជាជន​និង​ក្លាយជា​វត្ថុ​ទាក់ទាញ​ទេសចរ​តាំងពី​ឆ្នាំ​២០១៣​មក​។​

​ជា​របស់​ក្រុមហ៊ុន​Zhongyuan Group សណ្ឋាគារ​នេះ​មាន​បន្ទប់ទទួលភ្ញៀវ​៣៧៩ ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ប៊ូ​ហ្វេ​មួយ​នៅ​ជាន់​លើ​ផុត​និង​សាល​​រៀប​អាពាហ៍ពិពាហ៍​ជាច្រើន​។​ក្រៅពីនេះ​វា​មាន​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​៥​ទៀត​និង​សាល​តាំងពិព័រណ៍​ជាច្រើន ហើយ​សាល​ធំ​បំផុត​របស់​វា​ផ្ទុក​បាន​​ភ្ញៀវ​១៤០០​នាក់​។​

Gold Nugget Hotel ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ​២០១៣​ដោយ​ក្រុមហ៊ុន​ចំណាយ​អស់​ជាង​១៧០​លាន​ផោន​(២៣៧​លាន​ដុល្លារ​)​លើ​​ផ្ទៃដី​ទំហំ​ប៉ុន​តារាង​បាល់ទាត់​២០​ដង​។​

​ភ្ញៀវ​អាច​ចូលក្នុង​សណ្ឋាគារ​តាម​ច្រក​ធំ ឬ​សម្រាប់​អ្នកជំនួញ​ធំៗ​អាច​ចូលក្នុង​អាគារ​មកពី​លើដំបូល ក្រោយពី​ចុះ​ពី​ឧទ្ធម្ភាគចក្រ​៕​ដោយ​៖​វាសនា​