អឺរ៉ុប​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ “​អាមេរិក​ជា​អាទិភាព​” របស់​ដូ​ណា​ល់ ត្រាំ​

270

​មេដឹកនាំ​អឺរ៉ុប​នឹង​រួម​កម្លាំង​គ្នា​នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស (Davos) នៅ​សប្តាហ៍​នេះ​ដើម្បី​ការពារ​ពហុភាគី​និយម មុនពេល​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ មកដល់​ដើម្បី​ផ្ញើ​សារ​អំពី “​អាមេរិក​ជា​អាទិភាព​” របស់គាត់​។​

​អ្នកនយោបាយ ប្រមុខ​ធុរកិច្ច ធនាគារិក និង​តារា​ល្បីៗ នឹង​ជួបគ្នា​នៅ​ទីក្រុង​តំបន់ភ្នំ​អាល់​របស់​ស្វី​ស​នេះ ក្រោម​បដា​ដែលមាន​ចំណងជើង​ថា “​បង្កើត​អនាគត​រួមគ្នា​នៅក្នុង​ពិភពលោក​បាក់បែក​” សម្រាប់​កិច្ចប្រជុំ​រយៈពេល ៤ ថ្ងៃ ប្រឆាំងនឹង​បរិយាកាស​សកល​ដែល​មិនទាន់មាន​ដំណោះស្រាយ​។​

​មួយ​ទសវត្សរ៍​បន្ទាប់ពី​ការ​ក្ស័យធន​នៃ​ធនាគារ​វិនិយោគ​អាមេរិក Lehman Brothers បាន​ជួយ​ជំរុញឱ្យមាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល កំណើនសេដ្ឋកិច្ច​បាន​វិលត្រឡប់​មកវិញ ហើយ​ទីផ្សារ​ភាគហ៊ុន​កំពុង​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​។​

​ប៉ុន្តែ​នៅតែមាន​ការព្រួយបារម្ភ​ខ្លាំង​ក្នុងចំណោម​មនុស្ស​ជាច្រើន​នៅ​ទីក្រុង​ដា​វ៉ូស​ថា ទស្សនៈវិស័យ​សេដ្ឋកិច្ច​ភ្លឺ​ថ្លា​អាច​គ្រាន់តែ​ជាការ​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ ប្រសិនបើ​ការគំរាមកំហែង​ខាង​ភូមិសាស្ត្រ​នយោបាយ រាប់​ចាប់ពី​ការ​គាំពារ​និយម​និង​ការប្រែប្រួល​អាកាសធាតុ​រហូតដល់​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​និង​សង្គ្រាម​ក្រៅច្បាប់ ប្រមូលផ្តុំ​គ្នា​ក្នុង​ឆ្នាំ ២០១៨​។​

​លោក អា​សែ​ល វេ​បឺ (Axel Weber) ប្រធាន​ធនាគារ​ស្វី​ស UBS និង​ជា​អតីត​ប្រធាន​ធនាគារ German Bundesbank បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​មិនមែន​រាល់​ការគំរាមកំហែង​ខាង​ភូមិសាស្ត្រ​នយោបាយ​សុទ្ធតែជា​ការគំរាមកំហែង​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ​នោះទេ​”​។​

​របាយការណ៍​ហានិភ័យ​សកល​ដែល​ចេញផ្សាយ​ដោយ WEF កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា មនុស្ស​ជាច្រើន​មើលឃើញ​ពី​ហានិភ័យ​ខ្ពស់​នៃ​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​រវាង​មហាអំណាច​ធំៗ​ក្នុងឆ្នាំនេះ​។​

​លោក​ត្រាំ ដែលជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​តំណែង​ដំបូង​គេ ដែល​នឹងចូលរួម​ក្នុង​វេទិកា​នេះ​ចាប់តាំងពី​លោក ប៊ី​ល គ្លី​ន​តុ​ន ក្នុង​ឆ្នាំ ២០០០ គឺជា​ប្រភព​នៃ​ការព្រួយបារម្ភ​ជាច្រើន​ជាងគេ បន្ទាប់ពី​ឆ្នាំ​ដំបូង​ដ៏​ក្រឡាប់ចាក់​នៅក្នុង​ការិយាល័យ ដែល​ក្នុងនោះ​លោក​គិតគូរ​អំពី​គោលនយោបាយ​បរទេស​របស់​អាមេរិក​ផ្ទុយស្រឡះ​ពី​ប្រធានាធិបតី​មុនៗ​។​

​វេទិកា​នេះ​នឹង​បើក​នៅ​ថ្ងៃ​អង្គារ​ទី​២៣​មករា​ជាមួយនឹង​សុន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី និង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ នៅពេលដែល​លោក​ត្រាំ​នឹង​ថ្លែង​ទៅកាន់​សាលប្រជុំ​ដ៏​ធំ​មួយ កន្លែង​ដែល​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​ថ្លែង​កាលពី​ឆ្នាំមុន ដោយ​ស្នើសុំ​ផ្តល់ជូន​នូវ​ការបំពេញ​ចន្លោះ​ទំនេរ​នៃ​ថ្នាក់ដឹកនាំ​ពិភពលោក ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​សម្លឹងមើល​តែ​ប្រយោជន៍​ក្នុងប្រទេស​ខ្លួនឯង​៕ ដោយ៖ កញ្ញាដាលីស

វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស​នឹង​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ