អឺរ៉ុប​ទទួលស្គាល់ ”​ខេត្តព្រះវិហារ​” ជា​តំបន់​ផលិត​កសិកម្មសរីរាង្គ​ល្អ​បំផុត​របស់​កម្ពុជា​

789

​ខេត្តព្រះវិហារ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្រទេស​ធំៗ​នៅក្នុង​សហគម​អឺរ៉ុប ទទួលស្គាល់ថា​ជា​តំបន់​ដាំ​ដុះ​ផលិតផល​កសិកម្ម​គ្មាន​ជាតិគីមី ឬ​ហៅថា​កសិកម្មសរីរាង្គ​ល្អ​បំផុត​របស់​កម្ពុជា​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​។​

ឯ​ឧ​ត្ត​ម វ៉េង សាខុន​

​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ ជាមួយ​អ្នកប្រើប្រាស់ និង​ចែកចាយ​បន្ត​នា​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ ឯកឧត្តម វ៉េង​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើក​ពី​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ Amru Rice ដែល​បាន​បង្កើត​សហគមន៍​ផលិត​ស្រូវ​សរីរាង្គ​ក្នុង​ខេត្តព្រះវិហារ រហូត​ក្លាយជា តំបន់​ផលិត​នូវ​ផលិតផល​កសិកម្មសរីរាង្គ​។​

​ឯ​ឧ​ត្ត​ម​បន្តថាៈ « ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​ខេត្តព្រះវិហារ​របស់​យើង​នេះ គឺ​ឥឡូវ​កំពុង​ពេញនិយម​ដែល​ឈានទៅដល់​ការផលិត​បន្លែ​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀត​…​ដែល​សហគម​អឺរ៉ុប​បានផ្ដល់​ភ្លើង​ខៀវ​ថា​ជា​តំបន់​ផលិត​នូវ​ផលិតផល​កសិកម្មសរីរាង្គ​»​។​

«​នេះ​ជា​ចំណុច​ពិសេស​មួយ​ជាការ​ចាប់ផ្ដើម​របស់​ក​ម្ពុ​ជា ដែល​ពិភពលោក​បច្ចុប្បន្ន​គឺ​គេ​ចង់បាន​នូវ​ផលិតផល​មួយ​ដែល​គ្មាន​ឥទ្ធិពល​នៃ​ជាតិគីមី​និង​ថ្នាំពុល​»​។ ឯ​ឧ​ត្ត​ម វ៉េង សាខុន បន្ត​។​

​ឯ​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ក៏បាន​បង្គាប់​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ធ្វើការ​ឲ្យ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​កសិកម្ម​ទ​ប់​ស្កាត់​ការនាំ​ចូល​ថ្នាំពុល​ផ្សេងៗ​នៅ​ខេត្តព្រះវិហារ ដើ​យ​ថា​ដើម្បី​ការពារ​សុវត្ថិភាព​និង​ស្ដង់ដារ​ផលិតផល​កសិកម្ម​នៅ​តំបន់​នោះ​ផងដែរ​។​

​ជាមួយគ្នានេះ លោកស្រី ឃី មុនី នាយិកា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​បាន​ឲ្យ​ដឹងថាៈ «​បច្ចុប្បន្ន​យើង​បាន​បង្កើត​សហគមន៍​ដាំ​ដុះ​ស្រូវ​សរីរាង្គ​ចំនូ​ន​២​ខេត្ត មាន​ខេត្តបាត់ដំបង និង​ព្រះវិហារ សរុប​ចំនួន ២៤ សហគមន៍ មាន​សមាជិក​ជាង ៥​ពាន់​គ្រួសារ និង​នាំ​ចេញទៅ​ក្រៅប្រទេស​ជាង ៤០»​។ លោកស្រី​រំពឹងថា សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំនេះ នឹង​ទទួលបាន​ស្រូវ​សរីរាង្គ​ប្រមាណ ២​ម៉ឺន​តោន​៕​អត្ថបទ​៖ ស៊ិន សា​វ៉េ​ត​/sn