អឺរ៉ុប​និង​ជប៉ុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​

712
ចែករម្លែក

​សហភាព​អឺរ៉ុប​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កក្កដា ដែល​ក្រុមមន្ត្រី​បាន​ហៅថា​ជា “​សារ​ច្បាស់លាស់​” ប្រឆាំងនឹង​ការ​គាំពារ​និយម ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​វាយ​ពន្ធ​ដ៏​ចម្រូងចម្រាស់ និង​គំរាម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​។​

​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​តូ​ក្យូ​ដោយ​មន្ត្រី​កំពូល​របស់​សហភាព​អឺរ៉ុប​និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន ហ្សូ​អា​បេ គឺជា​កិច្ចព្រមព្រៀង​ធំ​បំផុត​ដែល​មិន​ធ្លាប់​ចរចា​ពីមុនមក​ដោយ​សហភាព​អឺរ៉ុប និង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី ដែល​គ្របដណ្ដប់​ស្ទើរតែ​១​ភាគ​៣​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​

​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស បាន​និយាយថា “​យើង​កំពុង​ផ្ញើ​សារ​ច្បាស់លាស់​ថា យើង​ឈរ​រួមគ្នា​ប្រឆាំងនឹង​ការ​គាំពារ​និយម​”​។​

​ប្រធាន​គណៈកម្មការ​លោក​ហ្ស​ង់​ក្លោដ ចាំង​ឃើ បាន​បន្ថែមថា “​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ យើង​បាន​រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍​អំពី​ពាណិជ្ជកម្ម​សេរី​និង​យុត្តិធម៌ យើង​កំពុង​បង្ហាញថា យើង​រឹងមាំ​និង​ល្អប្រសើរ​ជាង នៅពេល​យើង​ធ្វើការ​ជាមួយគ្នា​”​។​

​កិច្ចព្រមព្រៀង​ដ៏​ធំ​នេះ​ត្រូវបាន​ចុះហត្ថលេខា ខណៈដែល​លោក​ប្រធានាធិបតី​ត្រាំ បានធ្វើឱ្យ​សម្ព័ន្ធមិត្ត​ទើសទាល់​ក្នុង​ចិត្ត និង​បង្ករឿង​ជាមួយ​គូប្រជែង​តាមរយៈ​គោលនយោបាយ​ពាណិជ្ជកម្ម “​អាមេរិក​ជា​អាទិភាព​” ដ៏​គឃ្លើន​របស់ខ្លួន​។​

​ទាំង​សហភាព​អឺរ៉ុប​និង​ជប៉ុន​បាន​រង​ផលប៉ះពាល់​ដោយសារ​ពន្ធ​ថ្មី​របស់​សហរដ្ឋអាមេរិក បើទោះបីជា​សម្ព័ន្ធមិត្ត​យូរអង្វែង​ជាមួយ​វ៉ាស៊ីនតោន​ក៏ដោយ​។​

​លោក​ចាំង​ឃើ បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​បាន​ផ្ញើ​សារ​មួយ​ថា “​ការធ្វើ​ពាណិជ្ជកម្ម​គឺ​មិន​អាស្រ័យ​តែ​លើ​ពន្ធ​និង​ការដាក់​របាំង​នោះទេ វា​គឺ​អំពី​តម្លៃ​។ គ្មាន​ការការពារ​ណាមួយ​នៅក្នុង​ការ​គាំពារ​និយម​ទេ​”​។​

​ដោយ​ឈរ​នៅក្បែរ​មន្ត្រី​សហភាព​អឺរ៉ុប​២​រូប លោក​អា​បេ​បាន​និយាយថា “​កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ពិភពលោក​នូវ​ឆន្ទៈ​នយោបាយ​មិន​ផ្លាស់ប្តូរ​របស់​ជប៉ុន​និង​សហភាព​អឺរ៉ុប​ដើម្បី​ដឹកនាំ​ពិភពលោក​ក្នុងនាម​ជា​អ្នកគាំទ្រ​ពាណិជ្ជកម្ម​សេរី ចំពេល​ដែល​ការ​គាំពារ​និយម​កំពុង​រីក​រាលដាល​”៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស (​ឆ្វេង​) នាយករដ្ឋមន្ត្រី​អា​បេ និង ប្រធាន​គណៈកម្មការ​លោក​ហ្ស​ង់​ក្លោដ ចាំង​ឃើ