អឺរ៉ុប​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​លើកដំបូង​នៅ​កម្ពុជា ខណៈ​កម្ពុជា បញ្ជូន​បេសកជន​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

1249
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សហភាព​អឺរ៉ុប​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ​២០១៨​បាន​ប្រារព្ធ​ធ្វើ​ពិព័រណ៍​ពាណិជ្ជកម្ម​(EuroFair)​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា នា​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដែល​ក្រុមហ៊ុន​មកពី​អឺរ៉ុប​ចំនួន​៥១​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​។​

​ការបើក​ពិព័រណ៍​អឺរ៉ុប​នេះ ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​បេសកជន​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arm )​កម្ពុជា ដែល​កំពុង​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​មាន​បញ្ហា​របស់​សហភាព​អឺរ៉ុប​។​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ដែលជា​អ្នកទទួល​ភារកិច្ច​នេះ​នឹង​បំភ្លឺ​ជូន​មន្ត្រីជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈកម្មការ​អឺរ៉ុប​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​សភា​អឺរ៉ុប​និង​ឥស្សរជន​សំខាន់ៗ​ផ្សេងទៀត អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​។​ខ្លឹម​ដែល​កម្ពុជា​គ្រោង​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប មាន​ចំនួន​១០​ចំណុច​ជាអាទិ៍ ក្នុងការ​បកស្រាយ និង​បន្ទន់ចិត្ត​សហភាព​អឺរ៉ុប​ឲ្យ​ងាក​មក​ដោះស្រាយ​ជាមួយ​កម្ពុជា​ដោយ​ការយោគយល់​វិញ​។​

​លោក អា​ណោ​ត ដាក (Arnaud Darc) ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ដែល​ផ្តើម​ពីថ្ងៃ​២៩​មិថុនា​ដល់​ថ្ងៃទី​១ ខែកក្កដា ថា​៖« នេះ​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​លើកទីមួយ ដែល​ដាក់តាំង​ផលិតផល​ល្បីៗ និង​សេវាកម្ម​ល្អៗ​មកពី​អឺរ៉ុប ជូន​អ្នកប្រើប្រាស់ និង​សហគ្រិន​ខ្មែរ​ឱ្យបាន​ស្គាល់​»​។​

​លោក​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ពិព័រណ៍​នេះ នឹង​ជួយ​បង្កើត​ចំណង​ដ៏​ល្អ​រវាង អឺរ៉ុប​និង​កម្ពុជា ហើយក៏​ផ្តល់នូវ​ឱកាស​ពិសេស​ដើម្បី​រៀនសូត្រ​កសាង​ទំនាក់ទំនង និង​ពង្រីក​ខ្សែបណ្ដាញ បង្កើត​មិត្តភក្តិ ស្គាល់​អតិថិជន និង​កសាង​ដៃគូ​អាជីវកម្ម​ផងដែរ​។ ពិព័រណ៍​អឺរ៉ុប នឹង​ក្លាយជា​ព្រឹត្តិការណ៍​និង​ពិព័រណ៍​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​»​។​
​លោក​បានឱ្យដឹងថា​ក្រុមហ៊ុន​ចំនួន​៥១ មកពី​អឺរ៉ុប​បាន ចូលរួម​តាំងពិព័រណ៍​ផលិតផល​របស់ខ្លួន ដែល​រួមមាន​ផលិតផល​យានយន្ត គ្រឿង​សង្ហា​រឹម ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ពេទ្យ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ​និង​ផលិតផល​ម៉ាក​ល្បីៗ ជាច្រើន​ដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth ។​

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា ការរៀបចំ​ពិ​ព័រ​ណ៌ EU Trade Fair ឆ្នាំ​២0១៨​នៅ​កម្ពុជា គឺជា​សញ្ញា​វិជ្ជមាន​មួយ នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ដែល​ក្រសួងពាណិជ្ជកម្ម​បានរួម​សហការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អឺរ៉ុប​។​ពិ​ព័រ​ណ៌​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ផលិតផល​របស់​សហគម​ន៍​អឺរ៉ុប ដែល​ផលិតផល​មានគុណ​ភាពល្អ​តម្លៃ​សមរម្យ និង​ជាការ​ផ្តល់ឱកាស​ដល់​អ​តិ​ថិ​ជន​ដែល​គាំទ្រ​ទំនិញ​អឺរ៉ុប បាន​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​ក្នុងតម្លៃ ដែល​អាច​ធានាបាន​ថា ថោក​ជាង​ទីផ្សារ​យ៉ាងពិត​ប្រាកដជា​ពិសេស​បង្ហាញ​អំពី​សក្កា​នុព​ល​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​សហគមន៍​អឺរ៉ុប​និង​កម្ពុជា​ហើយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​មាន​សារៈសំខាន់​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​លើកឡើងថា ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​រឹងមាំ ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អឺរ៉ុប ឆ្នាំ​២០១៨ នៅមាន​បង្កប់​អត្ថន័យ​ផ្នែក​វប្បធម៌ ប្រពៃណី​និង​ការផ្សារភ្ជាប់​សង្គម​រវាង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​។ ដោយសារ​ការតាំង​ចិត្ត​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ការចូលរួម​ដ៏​សកម្ម​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា តាមរយៈ​នៃ​ការបង្កើត​ឱ្យ​ប្រព្រឹត្តិការណ៍​ពាណិជ្ជកម្ម ជាពិសេស​ពិព័រណ៍ EU Trade Fair ឆ្នាំ​២០១៨ នៅ​កម្ពុជា និង​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប រួមមាន​ទាំង​ការសហការ​គ្នា​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ ឬ​សិក្ខាសាលា​ស្តី​សកម្មភាព​ពាណិជ្ជកម្ម​នៃ​ភាគី​ទាំងពីរ ជា​លទ្ធផល​ឃើញថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា សហគមន៍​អ៊ឺរ៉ុប​កាន់​តែមាន​វឌ្ឍនាការ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​និង​ជា​មោ​ទ​ភាព​ផងដែរ​។ ភាព​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​សហគមន៍​អឺរ៉ុប ដែលមាន​ការកើនឡើង​ជា​រៀងរាល់​ឆ្នាំនេះ គឺ​ដោយសារតែ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ដ៏​ល្អប្រសើរ​រវាង​ភាគី​ទាំងពីរ​ព្រមទាំង​មានការ​ចូលរួម​យ៉ាងសកម្ម​ពី​ផ្នែក​ឯកជន ជាពិសេស បណ្ដា​ពាណិជ្ជករ​នៃ​ភាគី​ទាំងពីរ​។​

​លោកស្រី​មាន​ជំនឿ​ជឿជាក់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា សហគមន៍​អឺរ៉ុប នឹង​ត្រូវបាន​ថែរក្សា​យ៉ាង​ល្អប្រសើរ​បន្ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាងមុខ ដោយ​មា​ការចូលរួម​យ៉ាងសកម្ម​ផ្នែក​ឯកជន និង​រដ្ឋាភិបាល​នៃ​ភាគី​ទាំងពីរ​។​

​គួរ​ជម្រាប​ថា​ពិព័រណ៍​ដំបូងបង្អស់​របស់​អឺរ៉ុប​នេះ​ត្រូវ​បានរៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Cambodia Airports និង​ទទួល​ការគាំទ្រ​ពី​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​សភាពាណិជ្ជកម្ម​ជាតិ នៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​សមាគម​ធុរកិច្ច​ចំនួន​ប្រាំ​នៅ​កម្ពុជា រួមមាន​សភាពាណិជ្ជកម្ម​បារាំង​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់ សភាពាណិជ្ជកម្ម​អង់គ្លេស សភាពាណិជ្ជកម្ម​អ៊ីតាលី និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង ប្រទេស​ន័​រវេ ដា​ណឺ​ម៉ាក ស៊ុយអែត ហ្វាំ​ង​ឡង់ និង​អ៊ី​ស្លង់​៕ ល​