អុក​ស្វា​ម​-​កម្ពុជាៈ​ស្ត្រី​គឺជា​អ្នក​រង​ផលប៉ះពាល់​ខ្លាំងជាងគេ អំពី​វិសមភាព​

405
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៩​ថា​វេទិកា​ស្តីពី​វិធានការ​ជាក់ លាក់​ដើម្បី​កាត់បន្ថយ​វិសមភាព​យេនឌ័រ ដែល​នឹង​ប្រារព្វ​នា​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ កម្មករ​ក្រៅ​ប្រព័ន្ធ និង​យុវជន​ចំនួន ២០០​នាក់ នឹង​ពិភាក្សា​អំពី​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​កន្លែងធ្វើការ និង​នៅផ្ទះ​ដើម្បី​ស្វែងយល់ថា តើ​គោល នយោបាយ​របស់ វិស័យ​សាធារណៈ​អាច​កាត់បន្ថយ​វិសមភាព​បាន​យ៉ាងដូចម្តេច​។​វេទិកា​នេះ​ក៏​នឹងមាន​ការចូលរួម​ផងដែរ​ពី​តំណាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​កិច្ចការនារី សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា និង អង្គការសហប្រជាជាតិ​សម្រាប់​ស្ត្រី ។​

អុក​ស្វា​ម​-​កម្ពុជាៈ​ស្ត្រី​គឺជា​អ្នក​រង​ផលប៉ះពាល់​ខ្លាំងជាងគេ អំពី​វិសមភាព​(​រូបថត អុក​ស្វា​ម កម្ពុជា​)


​ប្រភព​ដដែល​បាន​បន្តថា​អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា រៀបចំ​វេទិកា​នេះ​ឡើង​ដើម្បី​ចូលរួម​ជាមួយ​យុទ្ធនា​ការរួម​របស់​អង្គការ​អុក​ស្វា​ម ដែលជា​ការរួមចំណែក​ក្នុងការ​ចេញផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ដែល​បង្ហាញ​អំពី​វិសមភាព​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​ពិភពលោក​។ របាយការណ៍​នេះ​កំពុង​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ឱកាស​ដែល​ថ្នាក់ដឹកនាំ​កម្រិត​នយោបាយ និង​ធុរកិច្ច​ជួបជុំគ្នា នា​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​។​
​របាយការណ៍​ថ្មី​ដែលមាន​ចំណងជើង​ថា “​ផលប្រយោជន៍​សាធារណៈ ឬ​ទ្រព្យសម្បត្តិ​ឯកជន​” បង្ហាញ​ពី​គម្លាត​ដែល​កំពុងតែ​រីកធំឡើង​រវាង​អ្នកមាន​និង​អ្នកក្រ ហើយ​កំពុងតែ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ និង​ធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​របស់​យើង ព្រមទាំង​ជំរុញឱ្យមាន​ភាពអយុត្តិធម៌​នៅ​ទូទាំង​សកលលោក​។ មិនតែប៉ុណ្ណោះ វិសមភាព​នៅតែ​បន្ត​កើនឡើង ហើយ​ជា​ញឹកញាប់ ស្ត្រី​និង​ក្មេងស្រី គឺជា​អ្នក​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​បំផុត​។​


​អុក​ស្វា​ម កម្ពុជា បន្ថែមថា យើងទាំងអស់គ្នា​ទទួល​រង​ផលប៉ះពាល់ នៅពេលដែល​សេវាសាធារណៈ​មិនទាន់បាន​គ្រប ដណ្តប់​ឲ្យ​បាន​ទូលំទូលាយ និង​មិនមាន​គុណភាព​គ្រប់គ្រាន់ ប៉ុន្តែ​ស្ត្រី​និង​ក្មេងស្រី​គឺជា​អ្នក​ដែល​ប៉ះពាល់​ខ្លាំងជាងគេ​។ ក្មេងស្រី គឺជា​អ្នក​ដែល​ត្រូវបាន​គ្រួសារ​ដកចេញ​ពី​សាលារៀន​មុនគេ នៅពេលដែល​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា ឬ​នៅពេលដែល​សាច់ញាតិ​ដែលមាន​ជំងឺ ប្ញ​ពេលដែល​កុមារ​តូចៗ ត្រូវការ​ការ ថែទាំ​។ ស្ត្រី​ចំណាយពេល​រាប់រយ​ម៉ោង​ធ្វើការ​ដោយ​គ្មាន​ប្រាក់​ឈ្នួល ដើម្បី​បីបាច់​ថែទាំ​ទារក ក្រុមគ្រួសារ និង​សាច់ញាតិ​ដែលមាន​ជំងឺ នៅពេលដែល​សេវា​ថែទាំ​សុខភាព ឬ​សេវាកម្ម​សាធារណៈ​ផ្សេងទៀត មិនអាច​ប្រើប្រាស់​បាន​។


​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ស្រង់​សម្តី​លោកស្រី សូ​លីន លីម នាយិការ​ប្រចាំ​ប្រទេស​នៃ​អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា មក​បញ្ជាក់ថា «​ការរំពឹងទុក​លើ​ក្មេងស្រី និង​ស្ត្រី​ក្នុងការ​ថែរក្សា​ក្រុមគ្រួសារ​និង​ការងារ​ផ្ទះសម្បែង ធ្វើឱ្យ​ពួកគេ​បាត់បង់​ឱកាស​ជាង​ក្មេងប្រុស​និង​បុរស ទាក់ទង​ទៅនឹង​ឪ​កាស​ទីផ្សារការងារ និង​ទទួលបាន​ប្រាក់ចំណូល​ដែលមាន​ស្ថិរភាព​»​។​


​យោងតាម​របាយការណ៍​មួយ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នាពេល​ថ្មីៗ​នេះ កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​កម្លាំង​ពលកម្ម​ក្រៅ​ប្រព័ន្ធ​ច្រើនជាងគេ​បំផុត​ក្នុង​តំបន់ ដោយ​ ក្នុងនោះ​កម្មករ​ចំនួន ៩៣,១​ភាគរយ គឺជា​កម្មករ​ក្រៅ​ប្រព័ន្ធ (​រាប់បញ្ចូល​ទាំង​កម្មករ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​)​។ ចំនួន​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ឡាវ​(៩៣,៤​ភាគរយ​)​និង​នេ​ប៉ាល់​(៩៣,៦​ភាគរយ​)​។​ជាង​ពាក់កណ្តាល​នៃ​កម្មករ ទាំងនេះ​គឺជា​ស្ត្រី​។ ចំនួន​ម៉ោង​ដែល​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ប្រើប្រាស់​នៅក្នុង​ទំនួល​ខុសត្រូវ​ថែទាំ​គ្រួសារ​ដោយ​គ្មាន​ប្រាក់​ឈ្នួល ត្រូវការ​ការស្រាវជ្រាវ​បន្ថែម ប៉ុន្តែ​នៅ​ទូទាំង​ពិភពលោក ស្ត្រី​ចំណាយពេល​ជា​មធ្យម​ពីរ​ម៉ោង​បន្ថែមទៀត​ក្នុង​មួយថ្ងៃ ច្រើនជាង​បុរស នៅក្នុង​ទំនួល​ខុសត្រូវ​ថែទាំ​គ្រួសារ​។ ទំនួល​ខុសត្រូវ​ទាំងនេះ មាន​ចាប់ពី​ការ ថែទាំ​កុមារ​តូចៗ ឬ​សាច់ញាតិ​ដែលមាន​ជំងឺ រហូតដល់​ការ​ទៅ​ដងទឹក និង​ធ្វើ​ម្ហូប អាហារ​សម្រាប់​គ្រួសារ​។

អុក​ស្វា​ម​-​កម្ពុជាៈ​ស្ត្រី​គឺជា​អ្នក​រង​ផលប៉ះពាល់​ខ្លាំងជាងគេ អំពី​វិសមភាព​(​រូបថត អុក​ស្វា​ម កម្ពុជា​)


​អង្គការ​អុក​ស្វា​ម​ក៏បាន​រកឃើញ​ផងដែរ​ថា មួយ​ដុល្លា​នៃ​ថវិកា​សាធារណៈ​ដែល​វិនិយោគ​នៅក្នុង វិស័យ​ថែទាំ អាចបង្កើត​ការងារ​បាន​ចំនួន​២,៥​ដង ច្រើនជាង​ប្រាក់​មួយ​ដុល្លារ​ដែល​វិនិយោគ​នៅក្នុង​ឧស្សាហកម្ម​សំណង់​។​
​ទន្ទឹមនឹងនេះ ក៏មាន​ការប៉ាន់ស្មាន​ជា​សកល​ថា ប្រសិនបើ​ការងារ​ថែទាំ​ដែល​គ្មាន​ប្រាក់​ឈ្នួល​ទាំងអស់​ដែល​ធ្វើឡើង​ដោយ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​តែមួយ​នោះ គេ​នឹង​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ចំនួន ១០​ពាន់ ពាន់​លាន​ដុល្លារ ($10 trillion) ពោលគឺ ៤៣ ដង​លើស​ក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុន​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​។​


​ដើម្បី​កាត់បន្ថយ​វិសមភាព​យេនឌ័រ និង​វិសមភាព​សង្គម​ដែល​កំពុងតែ​កាន់តែ​កើន ឡើង​នេះ អង្គការ​អុក​ស្វា​ម​នៅ​កម្ពុជា សូម​ផ្តល់​អនុសាសន៍​ដល់​ស្ថាប័ន​ពាក់​ព​ន្ធ័ ជាពិសេស​ស្ថាប័ន​ជាតិ​។​បង្កើន​ការចំណាយ និង​កែលម្អ​គុណភាព​នៃ​សេវា​សារ​វ័​ន្ត​នានា ដូចជា ការថែទាំ​សុខភាព ការអប់រំ និង​ការ​គាំពារ​សង្គម​។​បង្កើន​ការទទួលបាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​) ចំពោះ​កម្មករ និ​យោ ជិត​ដែល​បាត់បង់​ឱកាស​និង​ងាយ​រងគ្រោះ ជាពិសេស ស្ត្រី ។​ធានា​ឱ្យ​ស្ត្រី​មានលទ្ធភាព​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដែល​ពាក់​ព​ន្ធ័​នឹង​មាតុភាព និង​អត្ថប្រយោជន៍​ក្នុងការ​ថែទាំ​ទារក​និង​កុមារ រួមបញ្ចូល​ទាំង​ការធានា​នូវ​សុវត្ថិភាព​ប្រាក់ចំណូល​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ សម្រាលកូន ជាដើម​។​បង្កើន​ការវិនិយោគ​លើ​ការផ្តល់សេវា​ថែទាំ​ទារក និង​កុមារ​ជា​សាធារណៈ ដែល​ទាំងនេះ​អាច​ផ្តល់​ពេលវេលា​ដល់​ស្ត្រី ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ការងារ​ក្នុង​ប្រព័ន្ធ មាន​ប្រាក់ចំណូល​ដែលមាន​ស្ថិរភាព និង​បង្កើត​ការងារ​ថ្មីៗ​នៅក្នុង​សេវា​ថែទាំ​៕ SRN