ដោយ: សម្បត្តិ / ភ្នំពេញ: ពិតជាគួរអោយសោកស្តាយ នៅថ្ងៃទី២ នៃព្រះរាជពិធិបុណ្យអុំទូក រោងចក្រចំនួន២ ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ។ រថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង កាលពីវេលាម៉ោង០១និង៣០នាទី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមក ដល់ម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០១៩ ទើបរលត់។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្បែផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានចំនួន០២ /ទី១ ៖ មានឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ រោងចក្រ ផលិតកាបូប កាតាប អាវពោងសុវត្ថិភាព និងរោងចក្រ ផលិត ទ្រនាប់ សម្លៀក បំពាក់ បាធាយ(ខេមបូឌា )អ៊ិនដាស ស្ទ្រី អេនគ្រេជ មានទីតាំងស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ ព្រៃស ខណ្ឌដង្កោ ។ ទី២ ម្ចាស់ទីតាំងមានឈ្មោះ WU MEI ភេទស្រី អាយុ ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរ អ្នកគ្រប់គ្រង រោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិកាណ៍បាញ់ពន្លត់ អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៤៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៩៧ឡាន។
សមត្ថកិច្ចបន្ថែមទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនេះ បានបណ្តាលឲ្យរងគ្រោះមនុស្សម្នាក់មានឈ្មោះ សយ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រអេសឃ្វេ មានទីលំនៅភូមិអន្លងគងថ្មី សង្កាត់ ព្រៃស ខណ្ឌដង្កោ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។
ចំពោះការខូចខាតទាំងពីររោងចក្រ មានទំហំ 100X80 ម៉ែត្ររោងចក្រ អេស ឃ្វេ ខូចខាត សំភារៈទាំងស្រុង និងរោងចក្របាធាយខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកមូលហេតុ (មិនទាន់ដឹងច្បាស់) សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕ ល