អូដ្ឋ​នៅតែមាន​ហាងឆេង​ខ្ពស់​នៅ​ប្រទេស​ស៊ូដង់ ទោះ​ជាមាន​ចលាចល​នយោបាយ​ក្ដី​

325
ចែករម្លែក

សត្វ​អូដ្ឋ​នៅ​ប្រទេស​ស៊ូដង់ នៅតែមាន​ហាងឆេង​ខ្ពស់ ទោះបីជា​ប្រទេស​នេះ​ទើបតែ​ជួប ចលាចល​នយោបាយ​ថ្មីៗ​នេះ ក្រោយពី​ប្រធានាធិបតី អូ​ម៉ា អាល់​បា​សៀ (Omar al-Bashir) ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ​ដោយ​កណ្ដាប់ដៃ​ដែក​អស់ ៣ ទសវត្សរ៍​ត្រូវ បាន​បណ្ដេញ​ចេញពី​អំណាច​កាលពី​ខែមេសា​ក្ដី​។​

​ឈ្មួញ​ទូទាំងប្រទេស​នៅ​ហ្វ្រិ​កមួយ​នេះ តែងតែ​ប្រមូល​ផ្តុំគ្នា​រាល់ថ្ងៃ​នៅ​ផ្សារ​អូដ្ឋ អេ​ល ម៉ូ​លី (El Molih) ក្នុង​ទីក្រុង​អូ​ម​ឌួ​មែន (Omdurman) ស្ថិតនៅ​ភាគ​ខាងលិច​រដ្ឋធានី​ខា​ទុំ ដើម្បី​ទិញ​លក់​សត្វ​នេះ​។

​អូដ្ឋ​ខ្លះ​ត្រូវ​បញ្ជូនទៅ​ទីសត្តឃាត​ដើម្បី​កាប់យ​កសាច់ ខណៈ​អូដ្ឋ​ពូជ​ល្អ​ត្រូវ​នាំ​ចេញទៅ កាន់​បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ដូចជា ប្រទេស​បា​រ៉ែ​ន និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជាដើម​ដើម្បីឱ្យ​ពួកវា​ចូលរួម​ការប្រកួត​ដែលមាន​ទំហំ​ប្រាក់រង្វាន់​ច្រើន​លាន​ដុល្លារ​។

​ការដឹកជញ្ជូន​អូដ្ឋ​គឺជា​ការងារ​ដ៏​លំបាក​សម្រាប់​ឈ្មួញ ដែល​ត្រូវ​ប្រើប្រាស់​រថយន្ត ស្ទូច​ដើម្បី​លើក​ពួកវា​លើ​រថយន្ត​ទ្រុង​។​

​សត្វ​វាល​ខ្សាច់​ទាំងនេះ​ត្រូវបាន​លើកឡើង​ដោយ​ប្រុងប្រយ័ត្ន​ដាក់​លើ​រថយន្ត​ទ្រុង​ដឹក​ឆ្ពោះ ទៅ​ប្រទេស​អេ​ហ្ស៊ី​ប ប្រទេស​អ៊ីស្រាអែល ឬ​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​។

​តម្លៃ​អូដ្ឋ​នីមួយៗ​អាស្រ័យ​លើ​គោលបំណង​ដែល​គេ​យក​វា​ទៅធ្វើ​អ្វី​។ អូដ្ឋ​ធម្មតា​មួយ ក្បាល​អាច​លក់បាន​តម្លៃ​ត្រឹម​ចន្លោះ​ពី ១.៣៣០ ដុល្លារ​ទៅ ២.០០០ ដុល្លារ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​អូដ្ឋ​ពូជ​ល្អ ដែល​គេ​ត្រូវ​យកទៅ​ប្រណាំង​នៅក្នុង​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ អាច​លក់បាន​ថ្លៃ​ខ្ពស់​រហូតដល់​ទៅ ៣៣.២០០ ដុល្លារ​ឯណោះ​ក្នុង​មួយ​ក្បាល​៕ ប្រែ​សម្រួលៈ ខុម