អូស្ត្រាលីនឹងសាកល្បងវ៉ាក់សាំងជំងឺរបេងដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

144
ចែករម្លែក

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីបានប្រកាសនៅថ្ងៃសុក្រទី២៧មីនានេះថា ពួកគេកំពុងតាមដានការធ្វើតេស្តមនុស្សទ្រង់ទ្រាយធំដើម្បីពិនិត្យមើលថាតើវ៉ាក់សាំងមួយដែលត្រូវបានប្រើអស់ជាច្រើនទសវត្សរ៍ដើម្បីការពារជំងឺរបេងអាចការពារបុគ្គលិកសុខាភិបាលពីកូវីដ១៩បានឬអត់។

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវកុមារម៉ួដុកក្នុងទីក្រុងមែលប៊ននិយាយថា ការសាកល្បងវ៉ាក់សាំង BCG នឹងត្រូវធ្វើឡើងជាមួយបុគ្គលិកសុខាភិបាលចំនួន ៤.០០០ នាក់នៅតាមមន្ទីរពេទ្យជុំវិញប្រទេសអូស្ត្រាលីដើម្បីកំណត់ថាតើវាអាចកាត់បន្ថយរោគសញ្ញានៃជំងឺកូវីដ១៩បានឬអត់។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ទោះបីជាដើមឡើយត្រូវបានផលិតឡើងដើម្បីប្រឆាំងនឹងជំងឺរបេងហើយនៅតែផ្តល់ឱ្យទារកជាង ១៣០ លាននាក់ជារៀងរាល់ឆ្នាំសម្រាប់គោលបំណងទប់ស្កាត់ជំងឺរបេងក៏ដោយ ក៏វ៉ាក់សាំង BCG នៅតែអាចបង្កើនប្រព័ន្ធភាពស៊ាំការពារមេរោគដល់មនុស្ស ដោយបង្វឹកឱ្យប្រព័ន្ធភាពស៊ាំចេះឆ្លើយតបនឹងមេរោគដែលមានអាំងតង់ស៊ីតេខ្ពស់”។

អ្នកដឹកនាំស្រាវជ្រាវ លោក នីគែល ខតធីស និយាយថា “យើងសង្ឃឹមថានឹងមានការថយចុះនូវអត្រាប្រេវ៉ាឡង់និងភាពធ្ងន់ធ្ងរនៃរោគសញ្ញាកូវីដ១៩ចំពោះបុគ្គលិកសុខាភិបាល ដែលទទួលការចាក់វ៉ាក់សាំង BCG”។

លោកបាននិយាយថា បុគ្គលិកពេទ្យចំនួន ៤.០០០ នាក់នឹងត្រូវចុះឈ្មោះក្នុងសាកល្បងវ៉ាក់សាំងនេះក្នុងប៉ុន្មានសប្តាហ៍ខាងមុខក្រោមដំណើរការដែលធ្វើឡើងយ៉ាងឆាប់រហ័ស ដោយមានការយល់ព្រមពីអាជ្ញាធរសុខាភិបាលរដ្ឋនិងសហព័ន្ធ។ លោកបាននិយាយថា “ពេលវេលាកាន់តែដើរលឿនទៅមុខហើយ”។

ការសាកល្បងស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសមួយចំនួនទៀតរួមមានហូឡង់ អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស៕ ដោយ៖ កញ្ញាដាលីស

ប្រជាជនដើរឆ្លងកាត់ផ្លូវស្ងាត់ជ្រងំនៅស៊ីដនីកាលពីថ្ងៃទី២៥មីនា