អូស្ត្រាលី​គ្រោង​បញ្ជូន​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ចិន​និង​យក​ទៅ​ដាក់​លើ​កោះ​កណ្តាល​សមុទ្រ​

182
ចែករម្លែក

​យោង​តាម​សំណើ​មួយ​ដែល​ត្រូវ​បាន​បញ្ចេញ​អោយដឹង​កាលពី​ថ្ងៃ​ពុធ​ទី​២៩​ករា អូស្ត្រាលី​មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​តំបន់​ផ្ទុះ​វីរុស​នៅ​ចិន និង​យក​ពួក​​គេ​ទៅ​ទុក​លើ​កោះ​មួយ ដែល​ធ្លាប់តែ​ដាក់​ជន​ស្វះស្វែង​រក​ការ​ជ្រកកោន​នៅ​អូស្ត្រាលី​។​

​នាយករដ្ឋមន្ត្រី ស្កត់ ម័រ​រី​សុន បាន​និយាយថា ជន​អូស្ត្រាលី​ដែល​ងាយ​បង្ក​គ្រោះថ្នាក់ រួមមាន​ទាំង​ចាស់​និង​ក្មេង និង​អ្នក​ទៅលេង​ក្រុង​វូ​ហាន​រយៈពេល​ខ្លី ព្រមទាំង​​តំបន់​ជុំ​វ​ញ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី អាច​ជា​អ្នក​ត្រូវ​បញ្ជូន​មក​ស្រុក​មុនគេ​។​

​ពួក​មន្ត្រី​បាន​និយាយថា​មាន​ជនជាតិ​អូស្ត្រាលី​ប្រមាណ​៦០០​នាក់​ស្ថិតនៅ​តំបន់​ផ្ទុះ​វីរុស​ហើយ​ជាប់​ដំណើរ​នៅ​ទីនោះ​ដោយសារ​អាជ្ញាធរ​ចិន​រឹតត្បិត​ការធ្វើដំណើរ​ចេញ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កាន់តែខ្លាំង​។​

​លោកម័រ​រី​សុន​បានប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ក្រុង​កង់​បេរ៉ា​ថា « យើង​បាន​សំរេចចិត្ត​នៅ​ព្រឹក​នេះ ថា​នឹង​ត្រៀម​ផែនការ​ជម្លៀស​ជនជាតិ​អូស្ត្រាលី​ដែល​ជាប់​នៅ​​ក្នុង​ទីក្រុង​វូ​ហាន និង​ខេត្ត​ហ៊ូ​ប៉ី​»​។​

​លោក​បាន​បន្ថែមថា អូស្ត្រាលី បាន​ធ្វើការ​ជាមួយ​នូវែ​លសេ​ឡង់ អំពី​ប្រតិបត្តិការ​នេះ​ហើយ​ក៏​នឹង​ស្វះស្វែង​ជួយ​បណ្តា​ប្រជាជាតិ​នៅ​ប៉ាស៊ីហ្វិក​ក្នុង​ការជម្លៀស​ពល​​រដ្ឋ​របស់​គេ តែ​«​ដំបូង​បំផុត​គឺ​សុវត្ថិភាព​របស់​ជនជាតិ​អូស្ត្រាលី​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​និយាយថា ពួក​អ្នក​ត្រូវ​ជម្លៀសចេញ​នឹង​ត្រូវ​យក​ទៅ​ទុក​ដាច់​ពី​គេ​នៅ​កោះ Christmas Island​ដែល​ល្បី​ខាង​សំបូរ​ក្តាម​ក្រហម​និង​ជា​​កន្លែង​បង្ខាំង​ជន​ស្វះស្វែង​រក​ការ​ជ្រកកោន​នៅ​អូស្ត្រាលី ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​កណ្តាល​សមុទ្រ​។​វា​នៅ​ចម្ងាយ​ប្រមាណ​១.៥០០​គីឡូម៉ែត្រ​ពី​ដីគោក​អូស្ត្រាលី​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​និយាយថា​អូស្ត្រាលី​កំពុង​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ចិន​ដើម្បី​អោយ​ពលរដ្ឋ​ខ្លួន​ចាកចេញ​ពី​វូ​ហាន​។​

​នៅ​ចិន​មនុស្ស​ជិត​៦.០០០​នាក់​បាន​ឆ្លង និង​១៣២​នាក់​បាន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ដែល​បាន​ចម្លង​ទៅ​យ៉ាងតិច​១៥​ប្រទេស​ក្នុង​លោក​។​មនុស្ស​៥​នាក់​ត្រូវបាន​គេ​​រកឃើញ​ថា​ឆ្លង​វីរុស​នេះ​នៅ​អូស្ត្រាលី ៕​ប្រែ​សម្រួល​៖​វាសនា​