អូស្ត្រាលី​ចូលរួម​ជាមួយ​អាមេរិក​និង​សម្ពន្ធមិត្តអង់គ្លេស ក្នុងការ​បណ្តេញ​អ្នកការទូត​រុស្ស៊ី​

1265
ចែករម្លែក

​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​ទី​២៧​មីនា បាន​ចូលរួម​ជាមួយ​អាមេរិក​និង​សម្ពន្ធមិត្ត​អង់គ្លេស​ក្នុងការ​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ពីរ​នាក់​ជាការ​ឆ្លើយ​​តប​ទៅនឹង​ការវាយប្រហារ​ដោយ​ភ្នាក់ងារ​សរសៃប្រសាទ​ម្យ៉ាង​លើ​ភ្នាក់ងារ​មុខ​ពីរ​ដើមកំណើត​រុស្ស៊ី​ម្នាក់​នៅ​ទឹកដី​អង់គ្លេស​។​

​នាយករដ្ឋមន្ត្រី​ម៉ា​ល​ខូ​ម ធឺ​ន​ប៊ុល

​នាយករដ្ឋមន្ត្រី​ម៉ា​ល​ខូ​ម ធឺ​ន​ប៊ុល បាន​និយាយថា ជន​ទាំងពីរ​គឺជា​«​មន្ត្រី​ចារកម្ម​ដែល​មិនត្រូវ​បានប្រកាស​ប្រាប់​»​និង​មាន​ពេល​៧​ថ្ងៃ​ដើម្បី​​ចាកចេញ​។​«​ការសំរេចចិត្ត​នេះ​ឆ្លុះបញ្ចាំង​លក្ខណៈ​នៃ​ការវាយប្រហារ​ដ៏​រន្ធត់​ ជាការ​ប្រើ​អាវុធ​គីមី​លើកដំបូង​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាម​លោ​​ក​លើក​ទី​ពីរ​…»​។​

​លោក​ធឺ​ន​ប៊ុល បាន​បន្ថែមថា ការសំរេចចិត្ត​នេះ​ធ្វើឡើង​បន្ទាប់ពី​ការណែនាំ​ពី​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​ដែលថា​សារធាតុ​ដែល​ត្រូវបាន​ប្រើ​ក្នុង​​ការវាយប្រហារ​កាលពី​ថ្ងៃ​៤​មីនា​លើ​លោក​សឺ​ហ្គេ ស្គ្រី​ប៉ាល់ និង​កូនស្រី នៅ​ក្រុង​សាលី​ប៊ឺ​រី គឺជា​ភ្នាក់ងារ​សរសៃប្រសាទ​កំរិត​យោធា ជា​ប្រភេទ​​សារធាតុ​គីមី​ដែល​ត្រូវបាន​ផលិត​ដោយ​រុស្ស៊ី​។​

​រុស្ស៊ី​បាន​បដិសេធថា​ខ្លួន​មិនបាន​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​នេះ​ទេ និង​ថា​ខ្លួន​នឹង​ឆ្លើយតប​វិញ​អោយ​ចាស់ដៃ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​សឺ​ហ្គេ រី​យ៉ាប​កូវ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ខ្លាំងក្លា​ចំពោះ​ការ​​សំរេចចិត្ត​របស់​អាមេរិក​ក្នុងការ​បណ្តេញ​អ្នកការទូត​រុស្ស៊ី​៦០​នាក់ តែ​នៅ​បើកទ្វារ​សម្រាប់​ការចរចា​អំពី​ស្ថេរភាព​យុទ្ធសាស្ត្រ​ជាមួយ​រដ្ឋា​ភិ​​បាល​ក្រុង​វ៉ាស៊ីនតោន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ ប៉ូឡូញ លី​ទុយ​អា​នី ឡា​ត​វី អេ​ស្តូ​នី អាល្លឺម៉ង់ បារាំង ដា​ណឺ​ម៉ាក អ៊ុយ​ក្រែ​ន សាធារណរដ្ឋ​ឆែក ហូ​ឡង់ បារាំង អ៊ីតាលី កាណាដា រ៉ូ​ម៉ា​នី ហ្វាំ​ង​ឡង់ ក្រូ​អាស៊ី​និង​អាមេរិក​បានសំរេច​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំពេល​មាន​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មាន​ជម្លោះ​ជាមួយ​អង់គ្លេស​ពាក់ព័ន្ធ​ការពុល​របស់​ភ្នាក់ងារ​ចារកម្ម​ខាងលើ​ដ៏​អាថ៌កំបាំង​៕ដោយ៖វាសនា

#